ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុនគ្រោងលុបចោលស្ថានភាពអាសន្នសម្រាប់ខេត្តចំនួន៣ទៀត


រូបឯកសារ៖ បុរសម្នាក់ពាក់ម៉ាសឈរនៅមុខវិហារ Sensoji នៅក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ បុរសម្នាក់ពាក់ម៉ាសឈរនៅមុខវិហារ Sensoji នៅក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។

ជប៉ុនមានផែនការលុបចោលស្ថានភាពអាសន្នរបស់ខេត្តចំនួន៣ទៀតនៅពេលដែលចំនួននៃករណីមេរោគកូរ៉ូណាថ្មីបានធ្លាក់ចុះ។

លោក Yasutoshi Nishimura រដ្ឋមន្រ្តីសេដ្ឋកិច្ចបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះនៅក្នុងទីក្រុងតូក្យូថា ក្រុមអ្នកជំនាញបានយល់ព្រមផែនការលុបចោលស្ថានភាពក្នុងគ្រាអាសន្នដែលបានធ្វើឡើងនៅខេត្តភាគខាងលិចគឺ Kyoto, Osaka និងខេត្ត Hyogo។

ខេត្តទាំង៣នេះស្ថិតនៅក្នុងចំណោមខេត្ត៧ រួមមានរាជធានីតូក្យូ ដែលត្រូវបានដាក់ក្នុងស្ថានភាពអាសន្នមុនដំបូងកាលពីខែមុនដោយលោកនាយករដ្ឋមន្រ្តីស៊ីនហ្សូអាបេដោយការភ័យខ្លាចពីការផ្ទុះឡើងមេរោគកូរ៉ូណានឹងធ្វើឲ្យមានបន្ទុកដ៏ធ្ងន់ធ្ងរដល់ប្រព័ន្ធថែទាំសុខភាពរបស់ប្រទេស។ លោកនាយករដ្ឋមន្រ្តីបានពង្រីកក្រិត្យច្បាប់ដាក់ប្រទេសទាំងមូលក្នុងគ្រាអាសន្ន។

រាជធានីតូក្យូនិងខេត្តចំនួន៤ទៀតរបស់ជប៉ុន រួមមាន កោះហុកកៃដូនៅភាគខាងជើងនឹងនៅតែស្ថិតនៅក្រោមស្ថានភាពគ្រាអាសន្នដដែល។

ការផ្ទុះឡើងនូវជំងឺកូវីដ១៩ បានធ្វើឲ្យសេដ្ឋកិច្ចជប៉ុនធ្លាក់ចូលក្នុងការមិនរីកចម្រើនជាលើកទី១ចាប់តាំងពីឆ្នាំ២០១៥មក នៅពេលដែលផលិតផលសរុបក្នុងស្រុក GDP ប្រចាំឆ្នាំបានរួញតូច៣,៤ភាគរយក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ​២០២០នេះ បន្ទាប់ពីការរួញតូចក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០១៩មក។

មានភស្តុតាងបន្ថែមទៀតនៃបញ្ហាសេដ្ឋកិច្ចកើតមានឡើងនៅថ្ងៃព្រហស្បតិ៍នេះ ដោយក្រសួងហិរញ្ញវត្ថុបានបញ្ចេញតួលេខ ដែលបានបង្ហាញថា ការនាំចេញរបស់ជប៉ុនបានធ្លាក់ចុះ២១,៩ភាគរយកាលពីខែមុន ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងបំផុតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុសាកលលោកឆ្នាំ២០០៨មក។

ជប៉ុនបានរងការប៉ះពាល់តិចតួចដោយមេរោគកូរ៉ូណា បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗទៀតក្នុងពិភពលោក ដោយមានការឆ្លងជាង១ម៉ឺន៦ពាន់ករណី រួមមានមនុស្សស្លាប់ជាង៧រយនាក់៕

XS
SM
MD
LG