ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ត្រីរាជ​កម្រ ៦ ក្បាល​ត្រូវបាន​រកឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា


រូបឯកសារ៖ អ្នកនេសាទខ្មែរម្នាក់កំពុងនេសាទត្រីនៅតាមដងទន្លេសាប ក្នុងរាជធានីភ្នំពេញ ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០១៨។
រូបឯកសារ៖ អ្នកនេសាទខ្មែរម្នាក់កំពុងនេសាទត្រីនៅតាមដងទន្លេសាប ក្នុងរាជធានីភ្នំពេញ ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០១៨។

ក្រុម​អ្នក​អភិរក្ស​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​សុក្រ​បាន​អបអរសារទ​ការ​រកឃើញ​ត្រីរាជ​ជិត​ផុតពូជ​ចំនួន ៦ ក្បាល​នៅ​ក្នុង​ទន្លេមេគង្គ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

អ្នក​នេសាទ​បាន​ញញឹម​ជាមួយ​មន្ត្រី​មកពី​រដ្ឋបាល​ជលផល​កម្ពុជា​នៅ​ពេល​ដែល​ពួកគេ​លើក​បង្ហាញ​ត្រីរាជ​ដែល​មាន​ប្រវែង​ពីរ​ម៉ែត្រ​និង​មាន​ទម្ងន់​រហូត​ដល់ ១៣០ គីឡូក្រាម​ទាំងនេះ មុនពេល​ព្រលែង​ត្រី​ទាំងនេះ​ចូល​ក្នុង​ទន្លេ​វិញ។

ការ​នៅ​រស់រាន​មាន​ជីវិត​នៃ​ត្រីរាជ​នេះ ដែល​ជា​ប្រភេទ​ត្រី​ទឹកសាប​ដ៏​ធំ​បំផុត​និង​កម្រ​បំផុត​មួយ​នៅ​លើ​ពិភពលោក បាន​គូសបញ្ជាក់​អំពី​ភាព​ចាំបាច់​បន្ទាន់​នៅក្នុង​ការ​ការពារ​តំណភ្ជាប់​លំហូរ​ដោយ​សេរី​នៃ​ទន្លេ​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​គម្រោង​អភិរក្ស Wonder of the Mekong ដែល​ឧបត្ថម្ភ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID)។

ក្រៅពី​ការ​នេសាទ​ច្រើន​ហួស​កម្រិត​និង​ការ​បំពុល​ដោយ​ប្លាស្ទិក អាង​ទន្លេ​មេគង្គ​ត្រូវបាន​រង​ការ​ខូចខាត​ដោយសារ​ទំនប់​វារី​អគ្គិសនី​នៅ​ខ្សែ​ទឹក​ខាង​លើ​និង​ការ​ប្រែប្រួល​អាកាសធាតុ ដែល​មាន​ផល ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​កម្រិត​ទឹក​នៃ​ទន្លេ​ដែលជា​ជម្រក​រស់នៅ​របស់​ត្រីរាជ​ដែល​ជិត​ផុតពូជ​នេះ។

ចំនួន​ពិត​ប្រាកដ​នៃ​ត្រីរាជ​នៅ​ពេល​បច្ចុប្បន្ន​នេះ​គឺ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ ក៏ប៉ុន្តែ​គេ​គិត​ថា​ចំនួន​ត្រី​នេះ​បាន​ធ្លាក់ចុះ​ប្រហែល ៨០% ក្នុង​រយៈពេល ១៣ ឆ្នាំ​ចុង​ក្រោយ​នេះ។ នេះ​បើ​យោង​តាម​បញ្ជី​សត្វ​និង​រុក្ខជាតិ​ដែល​រង​ការ​គំរាមកំហែង​របស់​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​ការ​អភិរក្ស​ធម្មជាតិ (IUCN)។

កម្ពុជា​បាន​ដាក់​ការ​រឹតត្បិត​យ៉ាង​ខ្លាំង​លើ​ការ​នេសាទ​ក្នុង​ទន្លេ​ដ៏​ធំ​នេះ​ដើម្បី​ព្យាយាម​កាត់បន្ថយ​ចំនួន​នៃ​ការ​ស្លាប់​របស់​ប្រភេទ​សត្វ​ជិត​ផុតពូជ​នានា។

ក្រុម​អ្នក​អភិរក្ស​បាន​និយាយ​ថា ការ​ចាប់បាន​ត្រីរាជ​នេះ​គឺជា​ការ​កំណត់​ឲ្យ​ឃើញ​នូវ «សករាជ​ថ្មី​មួយ​នៃ​ការ​អភិរក្ស» និង «ក្តី​សង្ឃឹម​ថ្មី​នៃ​ការ​រស់រាន​មាន​ជីវិត​នៃ​ប្រភេទ​សត្វ​ដែល​កាន់តែ​កម្រ​ទៅ​នៅ​ក្នុង​ទីជម្រក​ធម្មជាតិ​ភាគច្រើន​របស់​វា»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG