ប្រធានាធិបតី Biden ថាលោក «មិនងាករេដាច់ខាត»ពីការសម្រេចចិត្តដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃចន្ទថា លោក «មិនងាករេដាច់ខាត» ពីសេចក្តីសម្រេចរបស់លោកក្នុងការដកកងកម្លាំងសហរដ្ឋអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងការថ្លែងជាសាធារណៈជាលើកដំបូងចាប់តាំងពីក្រុមឧទ្ទាមតាលីបង់ដណ្តើមបានការគ្រប់គ្រងប្រទេសនៅអាស៊ីខាងត្បូងមួយនេះបានទាំងស្រុងមក។
នៅក្នុងសុន្ទរកថាផ្សាយតាមទូរទស្សន៍ពីសេតវិមាន ទៅកាន់ប្រទេសជាតិអាមេរិក លោក Biden បញ្ជាក់ថា បេសកកម្មអាមេរិកនៅអាហ្វហ្គានីស្ថាន «មិនដែលមានបំណងដើម្បីកសាងប្រទេសជាតិនោះទេ» ហើយការគំរាមកំហែងពីភេរវកម្មដែលជាកត្តានាំឲ្យសហរដ្ឋអាមេរិកមានវត្តមាននៅអាហ្វហ្គានីស្ថាននោះ ឥឡូវបានរីកសាយហួសពីប្រទេសអាហ្វហ្គានីស្ថានទៅកាន់ប្រទេសផ្សេងៗទៀតទៅហើយ។
លោកប្រធានាធិបតីអាមេរិកក៏បានទទួលស្គាល់ថា ការដួលរលំនៃរដ្ឋាភិបាភិបាលអាហ្វហ្គានីស្ថាននិងជ័យជម្នះរបស់ក្រុមតាលីបង់នៅទូទាំងប្រទេសនេះ បានកើតឡើង«លឿនជាងការរំពឹងទុករបស់យើង»។
លោកប្រធានាធិបតី Biden ថ្លែងសុន្ទរកថាអំពីប្រទេសអាហ្វហ្គានីស្ថាន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ថ្លែងសុន្ទរកថាទៅកាន់ប្រទេសជាតិអំពីវិបត្តិនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននៅរសៀលថ្ងៃច័ន្ទ (ម៉ោងក្នុងសហរដ្ឋអាមេរិក)។ នេះគឺជាសុន្ទរកថាជាសាធារណៈលើកដំបូងរបស់លោកអំពីប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីក្រុមតាលីបង់បានដណ្ដើមការគ្រប់គ្រងពេញលេញលើប្រទេសនេះកាលពីថ្ងៃអាទិត្យមក៕
ប្រជាជនអាហ្វហ្គានីស្ថានរត់តាមយន្ដហោះរបស់អាមេរិក
មួយថ្ងៃបន្ទាប់ពីក្រុមយុទ្ធជនតាលីបង់វាយដណ្ដើមបានរដ្ឋធានីកាប៊ុល អាកាសយានដ្ឋានអន្តរជាតិក្នុងរដ្ឋធានីនេះមានពោរពេញទៅដោយប្រជាជនអាហ្វហ្គានីស្ថានប្រមាណរាប់ពាន់នាក់ដែលព្យាយាមរកមធ្យោបាយចង់ភៀសខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន។
ពួកបស្ចិមប្រទេសក៏បានរៀបចំជម្លៀសពលរដ្ឋរបស់ខ្លួន និងបុគ្គលិកមួយចំនួនដែលបានបំពេញការងារឲ្យខ្លួនអស់រយៈពេលជិត២០ឆ្នាំមកនេះផងដែរ ចាប់តាំងពីសង្គ្រាមបានចាប់ផ្ដើមមក។
មនុស្សយ៉ាងហោចណាស់ចំនួន ៥ នាក់បានស្លាប់នៅក្នុងភាពចលាចលនៅអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai នោះ៕
អគ្គលេខាធិការអង្គការសហប្រជាជាតិជំរុញឲ្យក្រុមតាលីបង់ការពារអាយុជីវិតពលរដ្ឋអាហ្វហ្គានីស្ថាន
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងកាលពីថ្ងៃចន្ទថា «ពិភពលោកកំពុងតាមដាន» ស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងអំឡុងពេលប៉ុន្មានថ្ងៃ«ដ៏សំខាន់»នេះ។ ស្របពេលជាមួយគ្នានោះ លោកក៏បានអំពាវនាវឲ្យក្រុមតាលីបង់ អនុវត្តវិធានការ«អត់ធ្មត់ឲ្យបានដាច់ខាត» ដើម្បីការពារអាយុជីវិតរបស់ពលរដ្ឋអាហ្វហ្គានីស្ថាន ហើយដើម្បីអនុញ្ញាតឲ្យជំនួយសប្បុរសធម៌បានទៅដល់ក្រុមពលរដ្ឋដែលត្រូវការជំនួយ។ ចុចអានព័ត៌មានលម្អិតត្រង់នេះ។