ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បងស្រី​សកម្មជន​ថៃ​ដែល​ត្រូវគេ​ចាប់​ពង្រត់​នៅ​កម្ពុជា​ត្រូវបាន​រារាំង​មិន​ឲ្យ​ចូល​​ជួប​លោក ហ៊ុន សែន


អ្នកស្រី Sitanun Satsaksit ដែលជាបងស្រីរបស់សកម្មជនថៃលោក Wanchalearm Satsaksit ធ្វើបាតុកម្ម​ នៅទីក្រុងបាងកក ប្រទេសថៃ កាលពី​ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៤។
អ្នកស្រី Sitanun Satsaksit ដែលជាបងស្រីរបស់សកម្មជនថៃលោក Wanchalearm Satsaksit ធ្វើបាតុកម្ម​ នៅទីក្រុងបាងកក ប្រទេសថៃ កាលពី​ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៤។

ខណៈដែល​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​បានទៅ​សួរ​សុខទុក្ខ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែល​លោកចាត់​ទុក​ថា​ជា​បង​ប្អូន​ធម៌ នៅទីក្រុង​បាងកក​កាល​ពីថ្ងៃ​ទី ​២១ ខែ​កុម្ភៈ​នេះ បងស្រី​របស់​សកម្មជន​ដែល​ត្រូវ​ចាប់​ពង្រត់​នៅ​ទីក្រុង​ភ្នំពេញ​បាន​ព្យាយាម​សួរ​លោក​អំពី​ការ​ស៊ើប​អង្កេត​លើ​បញ្ហា​នេះ ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដោយ​សមត្ថកិច្ច។

អ្នកស្រី Sitanun Satsaksit ដែលជា​បងស្រី​របស់​សកម្មជន​ថៃ​មួយ​រូប ​ដែល​ត្រូវបាន​ចាប់​ពង្រត់​ ខណៈ​ពេល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​ប៉ូលិសថៃ​ហាម​ឃាត់​ក្នុង​ពេល​អ្នកស្រី​ព្យាយាម​ចូល​ទៅ​ជួប​លោក ហ៊ុន សែន ដើម្បី​សួរនាំ​អំពី​ការស៊ើប​អង្កេត​ទៅលើ​ករណី​ប្អូន​ប្រុស​របស់​អ្នកស្រី។

អតីត​នាយករដ្ឋ​មន្ត្រី​កម្ពុជា លោក ហ៊ុន សែន ដែល​បច្ចុប្បន្ន​នេះ​ជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ​បាន​ទៅ​សួរ​សុខទុក្ខ​លោក Thaksin Shinawatra អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​នៅ​ឯ​គេហដ្ឋាន​របស់​លោក​នៅ​ទីក្រុង​បាងកក ដោយ​លោក​ជា​ភ្ញៀវ​ទី ១ ​បន្ទាប់​ពី​លោក Thaksin ត្រូវបាន​ដោះលែង​មុន​កាល​កំណត់ ហើយ​បាន​ត្រឡប់​ទៅ​កាន់​គេហដ្ឋាន​របស់​លោក​វិញ​ កាល​ពី​ថ្ងៃអាទិត្យ។

អ្នកស្រី Sitanun បាន​ប្រាប់​វីអូអេ​ការផ្សាយ​ជាភាសា​ថៃ​ថា អ្នកស្រី​បាន​ព្យាយាម​ចូល​ទៅ​ជួប​លោក ហ៊ុន សែន ដោយសារ​អ្នកស្រី​ចង់​ដឹង​អំពី​ការវិវត្ត​នៃ​ការស៊ើប​អង្កេត​លើ​ករណី​ប្អូនប្រុស​របស់​អ្នកស្រី​ដែល​ត្រូវ​បាន​ចាប់​ពង្រត់​ទាំង​កណ្ដាល​ថ្ងៃ នៅ​មុខ​កន្លែង​ស្នាក់នៅ​របស់​លោក​នៅ​ទីក្រុង​ភ្នំពេញ កាល​ពីឆ្នាំ​ ២០២០។

អ្នកស្រី​បានថ្លែង​ថា៖ «គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ​បាន​ពិនិត្យ​ទៅ​លើ​ករណី​ប្អូន​ប្រុស Wanchalearm កាលពី​ពីរ​ថ្ងៃមុន។ ប្រតិភូ​ពី​ប្រទេស​កម្ពុជា​បាន​និយាយ​ថា ការស៊ើបអង្កេត​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ស្ងាត់ៗ ហើយថា ​ហេតុការណ៍​នោះមិន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​នឹង​អាជ្ញាធរ​ទេ។ ដូច្នេះ មានន័យ​ថា ពួកគេ​បាន​ដឹង​ព័ត៌មាន​អ្វី​មួយ​អំពី​រឿង​នេះ ប៉ុន្តែ​ហេតុ​អ្វីបានជា​ពួក​គេ​មិន​ប្រាប់​ដល់​សាច់​ញាតិ​គាត់​អំពី​អ្វីដែល​បាន​កើត​ឡើង? រហូត​មល​ទល់​ពេល​នេះ​វា​មាន​រយៈ​ពេល​ជិត​បួន​ឆ្នាំហើយ»។

អតីតនាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន ថត​រូប​ជាមួយ​អតីតនាយករដ្ឋមន្ត្រី​ថៃលោក Thaksin Shinawatra ក្នុងពេល​សួរសុខទុក្ខ​លោក Thaksin នៅ​ទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ (Hun Sen Via Facebook/Handout via REUTERS)
អតីតនាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន ថត​រូប​ជាមួយ​អតីតនាយករដ្ឋមន្ត្រី​ថៃលោក Thaksin Shinawatra ក្នុងពេល​សួរសុខទុក្ខ​លោក Thaksin នៅ​ទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ (Hun Sen Via Facebook/Handout via REUTERS)

អ្នកស្រី Sitanun បន្ត​ថា៖ «ដោយសារ​តែ អតីត​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​ថៃ ហើយ​ប្អូន​ប្រុស​ខ្ញុំ​ដែល​មាន​ឈ្មោះ​ម្យ៉ាង​ទៀត​ថា Tar បាន​បាត់​ខ្លួន ​នៅ​ពេល​លោក​នៅ​ជា​នាយក​រដ្ឋមន្ត្រី​នោះ​ តើ​ខ្ញុំ​អាចសួរ​លោក​បានទេ ​ក្នុង​នាម​ជា​សាច់ញាតិ​របស់​ជនរងគ្រោះ?»។

ដោយសារ​តែ​អ្នកស្រី​មិន​អាច​ចូល​ទៅកាន់​ផ្ទះ​លោក Thaksin អ្នកស្រី​បាន​ធ្វើ​បាតុកម្ម​នៅ​លើ​ដងផ្លូវ​មួយ​ស្ថិត​នៅ​ចម្ងាយ ១គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​លោក ដោយ​មាន​ការឃ្លាំ​មើល​ពី​ជុំវិញ​ខ្លួន​ដោយ​កម្លាំង​ប៉ូលិស​ដែល​ស្លៀក​ពាក់​ស៊ីវិល។

ឧត្តមសេនីយ៍​ប៉ូលិស Surachate Hakparn ដែលជា​មេបញ្ជាការ​រង​ប៉ូលិស​ថៃ បាន​ប្រាប់​អ្នកស្រី​ថា អ្នកស្រី​ត្រូវ​បាន​ហាម​មិន​ឱ្យ​ធ្វើ​ដំណើរ​បន្ត​ទៅ​មុខ​ទៀត ដោយសារ​សមត្ថកិច្ច​ត្រូវ​គោរព​តាម​ពិធីសារ​របស់​ពួក​គេ​ក្នុង​ការការពារ​សន្តិសុខ​សម្រាប់​លោក ហ៊ុន សែន។ នេះ​បើយោង​តាម​វីដេអូ​មួយ​ដែល​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​មូលនិធិ Cross Cultural Foundation ដែល​ជា​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ដែល​បាន​ជួយ​គាំទ្រ​អ្នកស្រី Sitanun។

លោក Wanchalearm បាន​រត់គេច​ខ្លួន​ពី​ប្រទេស​ថៃ កាល​ពីឆ្នាំ​ ២០១៤ ដើម្បី​គេច​ចេញ​ពី​ការធ្វើ​ទុក្ខ​បុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​យោធាថៃ ​ដែល​បាន​បណ្ដេញ​រដ្ឋបាល​កើត​ចេញ​ពី​ការបោះ​ឆ្នោត​ចេញ​ពី​អំណាច ​នៅ​ខែ​ឧសភា​ក្នុង​ឆ្នាំ​នោះ។ នៅទីបំផុត លោក​បាន​មក​រស់នៅ​ទីក្រុង​ភ្នំពេញ​ ក្នុង​ខុនដូ​មួយ​កន្លែង​ដែល​មាន​ជនភៀស​ខ្លួន​នយោបាយ​ថៃ​ជាច្រើន​រស់​នៅ ដោយ​ពួក​គេ​ក៏​បាន​រត់​គេច​ពី​ហេតុផល​ស្រដៀង​ទៅ​នឹង​លោក Wanchalearm ដែរ។

លោក​ត្រូវ​បាន​ចាប់​ពង្រត់​នៅ​ល្ងាច​មួយ​កាលពី​ខែ​មិថុនា ឆ្នាំ ២០២០ ដោយក្រុម​មនុស្ស​ប្រដាប់​ដោយ​អាវុធ​បាន​ចាប់​លោក​ញាត់​ចូលរថយន្តវ៉ែន​មួយ​គ្រឿង​ ខណៈ​ពេល​លោក​កំពុង​ទិញ​ម្ហូប។ ចាប់​ពីពេល​នោះ​មក​ បងស្រី​របស់​លោក​បាន​ព្យាយាម​ស្វែង​រក​ទីតាំង​ដែល​លោក​កំពុង​ស្ថិតនៅ និង​ហេតុផល​ដែល​នាំ​ឲ្យ​មាន​ការ​ចាប់​ពង្រត់​នោះ៕

ប្រែសម្រួល​ដោយ​លោក នៀម ឆេង

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG