បងស្រីរបស់សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យថៃ គឺលោក Wanchalerm Satsaksit បាននិយាយនៅសប្ដាហ៍នេះថា អ្នកស្រីនឹងធ្វើដំណើរមកប្រទេសកម្ពុជារួមជាមួយនឹងក្រុមអ្នកច្បាប់មួយក្រុម ដើម្បីមកប្រគល់ភស្តុតាងដែលអ្នកស្រីសង្ឃឹមថា នឹងអាចជួយដល់ការស៊ើបអង្កេតរកទីតាំងរបស់ប្អូនប្រុស ដែលជាជនរងគ្រោះនៃការបាត់ខ្លួនដែលគេសង្ស័យថាដោយបង្ខំនៅទីក្រុងភ្នំពេញ។
គិតចាប់តាំងពីមានការរាយការណ៍ថា លោក Wanchalerm ត្រូវបានគេក្រៀកបញ្ចូលក្នុងរថយន្តមួយគ្រឿងទាំងកណ្ដាលថ្ងៃចែសនៅជិតខុនដូរបស់លោកនៅក្នុងរាជធានីនៃប្រទេសកម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនាមក គ្មានព័ត៌មានអំពីរូបលោកទេ បើទោះបីជាមានការដាក់សម្ពាធទៅលើរដ្ឋាភិបាលថៃ និងកម្ពុជា ឲ្យធ្វើការស៊ើបអង្កេតថាតើបុរសអាយុ ៣៧ ឆ្នាំរូបនេះ បាត់ខ្លួនទាំងគ្មានដានដោយវិធីណា។
ករណីនេះ បានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់អង្គការសិទ្ធិមនុស្ស និងមនុស្សជាច្រើនទៀតដែលបានទាមទារឲ្យមានការស៊ើបអង្កេត។
បងស្រីរបស់លោក Wanchalerm គឺអ្នកស្រី Sitanan Satsaksit បានថ្លែងប្រាប់វីអូអេថា អ្នកស្រីនឹងធ្វើដំណើរតាមយន្តហោះមកប្រទេសកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកានេះ រួមជាមួយនិងមេធាវីជនជាតិថៃចំនួន៣រូប ដើម្បីត្រៀមខ្លួនសម្រាប់សវនាការដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែធ្នូ ដោយអ្នកស្រីសង្ឃឹមថា នេះជាជំហានដំបូងឆ្ពោះទៅកាន់ការបើកការស៊ើបអង្កេតពេញលេញមួយ។
លោក Wanchalerm បានគេចខ្លួនចេញពីប្រទេសថៃនៅខែឧសភា ឆ្នាំ២០១៤ បន្ទាប់ពីរបបយោធានាពេលនោះ បានចេញដីកាចាប់ខ្លួនរូបលោកចំពោះការខកខានមិនបានរាយការណ៍ទៅជំរំយោធាសម្រាប់ដាក់អ្នកប្រឆាំង ៣ថ្ងៃបន្ទាប់ពីរដ្ឋប្រហារ។
ខណៈពេលដែលរស់នៅនិរទេសខ្លួនដែលភាគច្រើននៅប្រទេសកម្ពុជា លោកបានបង្ហោះការវាយប្រហារតាមបែបដៀលត្មះនៅទំព័រហ្វេសប៊ុកប្រឆាំងនឹងរដ្ឋាភិបាលលោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) ដែលពេលនោះ គឺជាមេដឹកនាំយោធា ហើយបច្ចុប្បន្ននេះ ជានាយករដ្ឋមន្ត្រីថៃ។ ការបង្ហោះចុងក្រោយរបស់លោក Wanchalerm ដែលចំអកដល់នាយករដ្ឋមន្ត្រីថៃ ត្រូវបានធ្វើឡើងតែមួយថ្ងៃមុនពេលលោកបាត់ខ្លួន។
លោកមិនមែនជាអ្នកប្រឆាំងដែលលេចធ្លោណាស់ណាទេ ប៉ុន្តែយ៉ាងណាក្ដី តុលាការថៃ បានចេញដីកាចាប់ខ្លួនលោកនៅឆ្នាំ ២០១៨ ក្រោមបទចោទប្រកាន់ «បទល្មើសតាមបណ្ដាញកុំព្យូទ័រ» ដែលជាបទល្មើសត្រូវអនុវត្តទោសរយៈពេល២ឆ្នាំ។
អ្នកស្រី Sitanan ថ្លែងប្រាប់វីអូអេថា៖
«ពេលវេលាសម្រាប់រកយុត្តិធម៌មកដល់ហើយ។ ឧក្រិដ្ឋកម្ម គឺជាបទឧក្រិដ្ឋ ហើយគ្មាននរណាម្នាក់នៅលើច្បាប់ទេ។ ប៉ុន្តែខ្ញុំមិនដឹងថា តើកម្ពុជា បានធ្វើការស៊ើបអង្កេតកម្រិតណា ឬមួយពួកគេមានឆន្ទៈស៊ើបអង្កេតកម្រិតណាទេ»។
អាជ្ញាធរថៃ បានបដិសេធថា ពួកគេមិនបានដឹងអំពីការបាត់ខ្លួនលោក Wanchalerm ទេ ហើយក្រសួងការបទេសក៏បាននិយាយដែរថា ក្រសួងបានស្នើឲ្យកម្ពុជា ស៊ើបអង្កេតករណីនេះហើយ។ កាលពីដំបូងឡើយ ប្រទេសកម្ពុជាមានភាពយឺតយ៉ាវក្នុងការបើកការស៊ើបអង្កេត ប៉ុន្តែនៅពេលមានសម្ពាធកាន់តែកើនឡើងនោះ ព្រះរាជអាជ្ញានៅក្នុងប្រទេសនេះ បានយល់ព្រមទទួលយកភស្តុតាង។ អ្នកស្រី Sitanan បានទទួលនូវដីកាមួយពីតុលាការនៅទីក្រុងភ្នំពេញដើម្បីទៅចូលរួមក្នុងសវនាការមួយអំពីការបាត់ខ្លួននេះ។
ទោះយ៉ាងណាអ្នកស្រីនិយាយប្រាប់វីអូអេថា៖ «មនុស្សគ្រប់គ្នាដឹងហើយថា អ្នកណាជាអ្នកធ្វើរឿងនេះ»។
អ្នកស្រីនិយាយបន្តដោយមិនអត្ថាធិប្បាយលម្អិតថា៖ «រដ្ឋថៃមានជាប់ពាក់ព័ន្ធនឹងរឿងនេះ។ ខ្ញុំបាននិយាយបែបនេះជាសាធារណៈ ច្រើនលើករួចមកហើយ»។
លោក Somsak Thepsuthin រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃបានថ្លែងថា ក្រសួងការបរទេសមិនអាចបញ្ជាក់ថា លោក Wanchalerm ពិតជានៅក្នុងប្រទេសកម្ពុជា ឬយ៉ាងណាទេ។
អ្នកស្រី Sitanan កំពុងតែនិយាយទូរស័ព្ទជាមួយប្អូនប្រុស Wanchalerm នៅពេលដែលលោកត្រូវបានគេរាយការណ៍ថា ត្រូវគេញាត់បញ្ចូលក្នុងឡានម៉ាក Highlander មួយគ្រឿង ក្រោយពេលដែលលោកដើរចេញពីខុនដូទៅទិញអាហារសម្រន់ដែលនៅក្បែរនោះ។
អ្នកស្រីបានប្រាប់វីអូអេថា៖ «ខ្ញុំបានឮសំឡេងខ្លាំង បន្ទាប់មកគាត់បាននិយាយថា ខ្ញុំមិនអាចដកដង្ហើមបានទេៗ បន្ទាប់មកទូរស័ព្ទក៏ត្រូវបានកាត់ផ្ដាច់។ នេះ ជាពេលចុងក្រោយបង្អស់ដែលខ្ញុំបានឮសំឡេងគាត់»។
គ្មានការស្វែងរករថយន្តនោះទេ ហើយក៏គ្មានជនសង្ស័យណាម្នាក់ ត្រូវបានចាប់ខ្លួនឡើយ។
មេធាវីមួយរូបដែលនឹងអមដំណើរអ្នកស្រីមកប្រទេសកម្ពុជា គឺអ្នកស្រី Pornpen Khongkachonkiet ជាអ្នកការពារសិទ្ធិមនុស្ស ព្រមទាំងមានតួនាទីជានាយកមូលនិធិឆ្លងវប្បធម៌ (Cross Cultural Foundation)។ អ្នកស្រីបានបង្ហាញក្ដីសង្ឃឹមថា សវនាការនេះ នឹងបង្ហាញភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា «អំពើឧក្រិដ្ឋពិតជាបានកើតឡើងមែន ហើយវាអាចនឹងនាំទៅដល់ការស៊ើបអង្កេតព្រហ្មទណ្ឌ ដែលរួមមានការពង្រត់ ការចាប់ធ្វើជាចំណាប់ខ្មាំង និងការបាត់ខ្លួនដោយបង្ខំ»។
បើតាមគំនិតរបស់អ្នកស្រី Sitanan លទ្ធផលល្អបំផុតនោះគឺថា ភស្តុតាងទាំងនេះនឹងធ្វើឲ្យព្រះរាជអាជ្ញានៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសមានកំណត់ត្រាផ្នែកសិទ្ធិមនុស្សគួរឲ្យសង្ស័យ និងមានការបាត់ខ្លួនពលរដ្ឋរបស់ខ្លួនជាច្រើននោះ អាចបើកការស៊ើបអង្កេតពេញលេញមួយ បើទោះបីជាការរាយការណ៍ដំបូងអំពីការបាត់ខ្លួនលោក Wanchalerm មានរយៈពេលជាច្រើនខែហើយក្ដី។
នៅពេលមកដល់ប្រទេសកម្ពុជា អ្នកស្រី Sitanan គ្រោងនឹងធ្វើការស្រាវជ្រាវដោយខ្លួនឯង អំពីការបាត់ខ្លួនប្អូនប្រុសរបស់អ្នកស្រី ដោយអ្នកស្រីនឹងធ្វើការផ្សាយផ្ទាល់តាមបណ្ដាញសង្គមហ្វេសប៊ុក។ អ្នកស្រីនិយាយថា ការធ្វើដូច្នេះ«គឺដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ខ្ញុំ»។
សាកសពនៅក្នុងទន្លេ
ប្រទេសថៃមានប្រវត្តិមិនល្អអំពីការបាត់ខ្លួនដោយបង្ខំ ដែលគេមានការសង្ស័យ។
លោក Wanchalerm គឺជាសកម្មជននិរទេសខ្លួនដោយខ្លួនឯងទី៩ហើយដែលបាត់ខ្លួន គិតចាប់ពីមានការធ្វើរដ្ឋប្រហារចុងក្រោយនៅឆ្នាំ២០១៤ ដោយសកម្មជននិរទេសខ្លួនទាំងអស់ស្វែងរកការជ្រកកោននៅក្នុងប្រទេសឡាវ កម្ពុជា និងវៀតណាម ដែលនៅជិតខាង។
សាកសពសកម្មជនឈ្មោះ Kraidej Luelert និង Chatchan Buphawan ដែលបានស្វែងរកការជ្រកកោននៅប្រទេសឡាវ ត្រូវបានគេប្រទះឃើញនៅក្នុងទឹកទន្លេមេគង្គកាលពីខែមករា ឆ្នាំ ២០១៩ ដោយសាកសពរបស់ពួកគេត្រូវគេរុំក្នុងសំណាញ់ ដៃជាប់ចំណង ហើយពោះត្រូវបានគេវះញាត់ដុំថ្ម។
ពួកគេ បានរស់នៅជាមួយមនុស្សទី៣ឈ្មោះ Surachai Sae-Dan ដែលជាអ្នករិះគន់ដ៏ខ្លាំងម្នាក់ទៅលើយោធាថៃ និងរបបរាជានិយម ហើយលោកក៏ជាមេដឹកនាំក្រុមអាវក្រហមថៃ ដែលជាក្រុមប្រឆាំងតូចមួយ។ លោកបានបាត់ខ្លួននៅក្នុងអំឡុងពេលប្រហាក់ប្រហែលគ្នា ប៉ុន្តែមិនត្រូវបានរកឃើញទេ។
សកម្មជនថៃល្បីឈ្មោះម្នាក់ទៀតដែលមានមូលដ្ឋាននៅប្រទេសឡាវ គឺលោក Wuthipong ‘Kotee’ Kachathamakul ដែលល្បីឈ្មោះដោយសារតែការគំរាមកំហែងរបស់លោកក្នុងការក្រោកឈរប្រឆាំងប្រដាប់អាវុធជាមួយយោធាថៃ និងការរិះគន់របបរាជានិយមនោះ បានបាត់ខ្លួនអស់រយៈពេល៣ឆ្នាំមកហើយ ដោយគេមានការបារម្ភថា លោកប្រហែលជាបានស្លាប់បាត់ទៅហើយ។
គ្មាននរណាម្នាក់ត្រូវបានចាប់ខ្លួនទេចំពោះអំពើឃាតកម្ម និងការបាត់ខ្លួនទាំងនេះ ដោយក្រុមអ្នកការពារសិទ្ធិមនុស្សបាននិយាយថា ចំនួនមនុស្សស្លាប់ដែលចេះតែកើនឡើងនេះ ត្រូវគេចង្អុលទៅក្រុមពេជ្យឃាតថៃ ដែលលាក់ខ្លួននៅក្រៅព្រំដែនថៃ។
នៅតាមដងផ្លូវនានានៅទីក្រុងបាងកក ដែលជាកន្លែងមានការប្រមូលផ្ដុំនៃអ្នកធ្វើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ និងធ្វើឲ្យរដ្ឋាភិបាលមានការព្រួយបារម្ភអស់ជាច្រើនខែមកហើយនោះ បដាដែលមានរូបថតលោក Wanchalerm ក្នុងទឹកមុខញញឹម និងលើកម្រាមដៃ៣ ត្រាប់តាមហ្គេម Hunger Games គឺជានិមិត្តសញ្ញានៃការប្រឆាំងនឹងរដ្ឋាភិបាល។ បដាដែលមានរូបលោកនេះ បានក្លាយជាតំណាងនៃនិទណ្ឌភាពដែលកើតមាននៅទូទាំងសង្គមថៃ។
អ្នកស្រី Pornpen និយាយថា៖
«ប្រជាពលរដ្ឋកំពុងទាមទាររកយុត្តិធម៌ និងការពិត ជាពិសេសសម្រាប់ការបាត់ខ្លួននានាដោយបង្ខំនៃក្រុមអ្នកប្រឆាំងនយោបាយដែលរស់នៅនិរទេសខ្លួន»។
ការបាត់ខ្លួនលោក Wanchalerm បានក្លាយជាផ្នែកមួយនៃដាស់តឿនអំពីបញ្ហាសិទ្ធិមនុស្សក្នុងចំណោមចលនាយុវជនទាមទារលទ្ធិប្រជាធិបតេយ្យដែលចង់ឲ្យរដ្ឋាភិបាលលោក ប្រាយុទ្ធ លាលែងពីតំណែង ទាមទារឲ្យមានរដ្ឋធម្មនុញ្ញថ្មី និងការធ្វើកំណែទម្រង់នានា ទៅលើរបបរាជានិយម ដែលធ្លាប់តែមិនអាចមាននរណាធ្វើការរិះគន់បាន។
ព្រះបរមរាជវាំងថៃ ត្រូវបានការពាររដោយច្បាប់ដ៏តឹងរ៉ឹងមួយប្រឆាំងនឹងការបរិហាកេរ្តិ៍លើព្រះមហាក្សត្រ ដែលអាចផ្ដន្ទាទោសដាក់ពន្ធនាគារអ្នកបំពានរហូតដល់ទៅ១៥ឆ្នាំ។ ព្រះបរមរាជវាំង ក៏ត្រូវបានការពារផងដែរដោយស្ថាប័នរាជានិយម ដែលរួមមានតុលាការ និងកងទ័ពដែលមេបញ្ជាការរបស់ពួកគេបានស្បថថា នឹងស្មោះស្ម័គ្រជាមួយនឹងព្រះមហាក្សត្រ Maha Vajiralongkorn។
ករណីលោក Wanchalerm កំពុងត្រូវបានគេបន្ទោរអឺងកងក្នុងចលនាទាមទារការធ្វើកំណែទម្រង់។
លោក Sunai Phasuk អ្នកស្រាវជ្រាវជាន់ខ្ពស់អំពីប្រទេសថៃនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ីបាននិយាយថា៖
«នេះក៏ដោយសារតែអ្នកដែលធ្វើការតវ៉ាដឹងច្បាស់ថា ប្រសិនបើអ្នកហ៊ាននិយាយ ប្រសិនបើអ្នកហ៊ានតស៊ូទាមទាររកយុត្តិធម៌ ឬអំពាវនាវឲ្យមានអនាគតល្អនោះ អ្នកប្រហែលជាត្រូវមានវាសនាដូចគាត់អ៊ីចឹង»៕