ពលរដ្ឋសិង្ហបុរីឥឡូវនេះអាចទៅភោជនីយដ្ឋាននិងកន្លែងហាត់កីឡាវិញបាន ចាប់តាំងពីរដ្ឋាភិបាលបានចាប់ផ្តើមជំហានទី២ក្នុងការបើកសកម្មភាពប្រទេសឡើងវិញកាលពីថ្ងៃទី១៩ ខែមិថុនា ប៉ុន្តែការបន្ធូរបន្ថយការរឹតត្បិតនេះហាក់ដូចជាមិនគ្រប់គ្រាន់ដើម្បីស្រោចស្រង់ដល់ស្ថានភាពដែលមើលទៅដូចជាវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រសម្រាប់ប្រទេសមួយនេះ។
ប្រសិនបើសេដ្ឋកិច្ចសិង្ហបុរិធ្លាក់ចុះពីចន្លោះ៤% ទៅ៧% នៅក្នុងឆ្នាំ២០២០ ដោយសារជំងឺកូវីដ១៩ ដែលនេះជាអ្វីដែលរដ្ឋមន្ត្រីពាណិជ្ជកម្មបានទស្សន៍ទាយនៅចុងខែឧសភា វាអាចជាការធ្លាក់ចុះដ៏ធំបំផុតនៅក្នុងកំណត់ត្រា។ បើយោងតាមទិន្នន័យពីធនាគារពិភពលោក កំណត់ត្រាអាក្រក់បំផុតក្នុងពេលបច្ចុប្បន្នគឺនៅក្នុងឆ្នាំ១៩៦៤ នៅពេលដែលសេដ្ឋកិច្ចក្រោយអាណានិគមបានធ្លាក់ចុះ៣,១%។
នៅពេលកំពុងមានការរៀបចំការបោះឆ្នោតនៅក្នុងប្រទេសសិង្ហបុរី ដែលធ្វើឱ្យអ្នកតាក់តែងគោលនយោបាយមានការព្រួយបារម្ភនោះ គេបានបំបែកកំណត់ត្រាផ្សេងៗរួចទៅហើយ។ ការធ្លាក់ចុះសេដ្ឋកិច្ចនេះបានបង្ខំឱ្យប្រទេសសិង្ហបុរីប្រើប្រាស់ថវិកាបម្រុងរបស់ខ្លួន ដែលនេះជាលើកទី១ហើយដែលសិង្ហបុរីប្រើប្រាស់ថវិកាបម្រុងរបស់ខ្លួនចំនួនពីរដងនៅក្នុងរយៈពេលមួយឆ្នាំ។ ប្រទេសដែលជាដែនកោះមួយនេះបានដាក់ចេញនូវកញ្ចប់ថវិកាជំនួយផ្នែកសេដ្ឋកិច្ចដែលត្រូវបានគេហៅថា «Fortitude Budget» ដល់អ្នកដែលរងផលប៉ះពាល់ដោយសារការរាតត្បាតនៃមេរោគកូរ៉ូណា។
កញ្ចប់ថវិកានេះផ្តល់ទឹកប្រាក់ចំនួន៣៣ពាន់លានដុល្លារសិង្ហបុរីសម្រាប់កម្មវិធីដូចជាឧបត្ថម្ភធនធានលើប្រាក់ឈ្នួល ការបណ្តុះបណ្តាលបុគ្គលិក និងការធ្វើឌីជីថលកម្មនៃប្រតិបត្តិការដូចជាការទូទាត់ប្រាក់ និងការចេញវិក្កយបត្រ។ អ្នកស្រី Soh Pui Ming ដែលដឹកនាំផ្នែកពន្ធដារនៃក្រុមហ៊ុនប្រឹក្សាយោបល់ Ernst & Young Solutions LLP និយាយថា អ្នកស្រីមានការភ្ញាក់ផ្អើលចំពោះប្រាក់ជំនួយសម្រាប់សហគ្រាសធនតូច និងមធ្យម។
អ្នកស្រីបាននិយាយនៅក្នុងសម្តីដើមថា «កញ្ចប់ថវិកា Fortitude Budget បន្តផ្តល់ការជួយសង្គ្រោះផ្នែកហិរញ្ញវត្ថុទាន់ពេលវេលាដល់អាជីវកម្ម និងបុគ្គលជាច្រើន នៅពេលដែលគេកំពុងស្វែងរកវិធីសាស្ត្រដែលមានភាពច្នៃប្រឌិតមួយ។ ខ្ញុំមានការភ្ញាក់ផ្អើលខ្លាំងចំពោះរបៀបដែលរដ្ឋាភិបាលកំពុងប្រើប្រាស់ពេលវេលានៃការធ្លាក់ចុះនេះដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមដើម្បីជួយពួកគេបង្កើនល្បឿននៃការវិវត្តខ្លួន និងបង្កើនជំនាញកម្លាំងពលកម្មរបស់ពួកយើង»។
សភាបានធ្វើការជជែកដេញដោលលើគម្រោងថវិការបស់រដ្ឋាភិបាល ដែលជាកញ្ចប់ថវិកាជំនួយលើកទី៤នៅក្នុងឆ្នាំនេះ ដោយបានបន្ថែមទឹកប្រាក់រហូតកើនដល់៩២,២ពាន់លានដុល្លារសិង្ហបុរីចូលទៅក្នុងប្រាក់ជំនួយ។
ក្រសួងពាណិជ្ជកម្មបានលើកឡើងនៅក្នុងសេចក្តីប្រកាសកាលពីចុងខែឧសភាថា វិស័យខ្លះមិនមានផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនោះទេ ហើយអាជីវកម្មមួយចំនួននៅក្នុងប្រទេសសិង្ហបុរីអាចដំណើរការបានធម្មតានៅក្នុងឆ្នាំ២០២០៕