ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សិង្ហ​បុរី​អាច​ជា​​ចំណុច​ដ៏​ប្រសើរ​មួយ​សម្រាប់​ទំនាក់ទំនង​ចិន​នៅ​អាស៊ាន​


រូបឯកសារ៖ រដ្ឋមន្រ្តីការបរទេសសិង្ហបុរីលោក Vivian Balakrishnan ថ្លែងនៅវិទ្យស្ថាន Center for Strategic and International Studies នៅក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩។
រូបឯកសារ៖ រដ្ឋមន្រ្តីការបរទេសសិង្ហបុរីលោក Vivian Balakrishnan ថ្លែងនៅវិទ្យស្ថាន Center for Strategic and International Studies នៅក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩។

កាលពី​ខែ​មីនា ចិន​មាន​ទំនាស់​ជាមួយនឹង​ហ្វីលីពីន​ចំពោះ​ការ​លើកឡើង​ថា ចិន​បាន​ផ្តល់​នូវ​សម្ភារៈ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ ​មិន​ត្រឹមត្រូវ​។ ​ហើយកាល​ពី​ខែ​មេសា កាសែត​ចិន​បាន​សរសេរ​ដោយ​រអ៊ូរទាំថា វៀតណាម​បាន​ធ្វើ​ឲ្យ​ចិន​ «ធ្លាក់ចូល​ក្នុង​ស្ថានភាព​ដ៏​អាម៉ាសមួយ» តាមរយៈ​ការ​ផ្អាក​ការ​ហោះហើរ​រវាង​វៀតណាម និង​ចិន ដើម្បី​ទប់ទល់​នឹង​វីរុសកូរ៉ូណា។

ម៉ាឡេស៊ី​ក៏​បានតវ៉ា​ប្រឆាំង​នឹង​ការ​បង្ហាញ​ខ្លួន​របស់​នាវា​ចិន​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ​ផង​ដែរ ដោយ​ពលរដ្ឋមួយ​ចំនួន​ព្រួយបារម្ភ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ឆ្លៀត​ឱកាស​ធ្វើ​ដូចនេះ​ ខណៈ​ពិភពលោក​កំពុង​ជាប់រវល់​ដោះស្រាយ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​ជា​សាកល។

​ទោះ​បី​យ៉ាងណាក៏ដោយ ផ្ទុយ​ពី​ភាពរអាក់រអ៊ូល​ផ្នែក​ការទូតជាមួយ​បណ្តា​ប្រទេស​នានា​ខាង​លើ​ សិង្ហបុរីត្រូវ​បាន​គេ​យល់​ឃើញ​ថា ​អាច​ជា​ចំណុច​ដ៏​ប្រសើរ​មួយ​សម្រាប់​ចិន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។

សិង្ហ​បុរីដែល​បាន​ផ្តល់​ប្រាក់​រាប់​លាន​ដុល្លារ ​និង​គ្រឿងសម្ភារៈ​ផ្សេងៗ​សម្រាប់ប្រតិបត្តិការ​ឆ្លើយតប​នឹង​វីរុស​កូរ៉ូណា​នៅចិន​ បាន​ប្តេជ្ញាធ្វើ​ការ​ស្រាវជ្រាវ​រក​វ៉ាក់សាំង​រួម​គ្នា និងបាន​អបអរសាទរ​ខួប​ការ​ទូត​រយៈពេល​ ៣០​ឆ្នាំ​រវាង​ប្រទេស​ទាំង​ពីរ។

ប្រធានាធិបតី​សិង្ហបុរី​លោកស្រី Halimah Yacob បាន​ថ្លែង​នៅ​ក្នុង​លិខិត​មួយ​ទៅ​កាន់​ប្រធានាធិបតី​ចិនលោក Xi Jinping កាល​ពី​ដើមគ្រា​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​ជា​សាកល​ថា «សិង្ហបុរី​រួម​សាមគ្គី​ជាមួយ​ចិន»។ លោកស្រីក៏​បាន​បន្ត​ថា «វិធានការ​យ៉ាង​ឆាប់រហ័ស​ ដាច់ខាត និង​ពេញលេញ» របស់​ចិន បាន​ជួយ «ជម្នះ​ជំងឺ​កូវីដ១៩ ដោយ​កម្លាំង និង​ភាព​រឹងមាំ»។

ខណៈ​ដែល​នាយក​រដ្ឋមន្រ្តី​សិង្ហបុរី ​លោក ​Lee Hsien Loong​ បាន​ហៅ​ថា ជា​រឿង​មិន​បាន​ការ​មួយ​សម្រាប់​ចិន និង​សហរដ្ឋអាមេរិក​នៅ​ក្នុង​ការ​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅមក​ជុំវិញ​បញ្ហា​វីរុស​កូរ៉ូណានេះ​ អ្នកស្រាវជ្រាវ​ជាន់​ខ្ពស់​អ្នកស្រី Boisseau du Rocher ​ចោទ​សួរ​ថា​តើ​តំបន់​អាស៊ី​អាគ្នេយ៍​ហ៊ាន​ទម្លាក់​កំហុសលើ​ប្រទេស​ចិន​ ថា​ជាប្រភព​ដើម​ដំបូង​ដែល​ផ្ទុះ​វីរុស​នោះ​ឬ​ទេ។ ​

​អ្នកស្រី​បាន​អះអាង​ថា ការ​ពឹង​អាស្រ័យ​របស់បណ្តា​ប្រទេស​នានា​នៅតំបន់តំបន់អាស៊ី​អាគ្នេយ៍​ទៅ​លើប្រទេស​ចិន បាន​ធ្វើ​ឲ្យ​មេដឹកនាំ​នៅ​ក្នុង​បណ្តា​ប្រទេស​ទាំងនោះ​ស្ទាក់ស្ទើរ​នៅ​ក្នុង​ការ​ធ្វើការ​រិះគន់​អំឡុងពេល​មាន​វិបត្តិ​វីរុស​នេះ។

អ្នកស្រី​ du Rocher អ្នកស្រាវជ្រាវជាន់​ខ្ពស់​នៃមជ្ឈមណ្ឌល​សិក្សា​ពី​អាស៊ី​នៅ​វិទ្យាស្ថាន​បារាំង​សម្រាប់​ទំនាក់ទំនង​អន្តរជាតិ ​បាន​សរសេរ​នៅ​ក្នុង​ទស្សនាវដ្តី​ The Diplomat​ ថា​ «​ទោះបី​ជាចិន​បាន​បង្ក​ជា​ការ​គំរាម​កំហែង​មក​លើ​តំបន់​អាស៊ីអាគ្នេយ៍​តាមរយៈ​ការ​គ្រប់គ្រង​មិន​បាន​ល្អ​ចំពោះ​ការផ្ទុះ​វីរុស​កូរ៉ណា​ដំបូងក្តី​ ក៏​មិន​មាន​ការ​ទម្លាក់​កំហុស​ណា​មួយ​មក​លើចិន​ត្រូវ​បាន​លើក​មក​និយាយ​ជា​សាធារណ:​នៅ​ក្នុង​តំបន់​ដែរ»។

ដោយ​លើក​ឡើង​នូវឧទាហរណ៍​ពី​នាយករដ្ឋមន្រ្តី​សិង្ហបុរីក៏ដូច​ជាប្រធានាធិបតី​មីយ៉ាន់ម៉ា​លោក​ U Win Myint​ ជា​ដើម​ អ្នកស្រី ​du Rocher​ បាន​និយាយ​ថា​ មេដឹកនាំ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​បាន​លើក​ឡើង​តែ​ចំណុច​កោត​សរសើរ​ចំពោះ​វិធាន​ការ​ឆ្លើយ​តប​ជា​បន្ទាន់​របស់​ប្រធានាធិបតី​ចិន​លោក ​Xi Jinping ​ពាក់ព័ន្ធនឹងវិបត្តិ​ជំងឺ​កូវីដ​១៩ ​តែ​ប៉ុណ្ណោះ។

ស្របពេលដែល​អ្នកស្រី ​du Rocher ​បាន​ពណ៌នា​ការណ៍​នេះ​ជា​និន្នាការ​នៅ​ក្នុង​តំបន់ ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ Vriens & Partners ​ដែល​មាន​ជំនាញ​ខាង​កិច្ចការ​រដ្ឋាភិបាល​ក្នុង​តំបន់​បាន​លើក​ឡើង​ពី​ទំនាក់ទំនង​ល្អ​រវាង​សិង្ហបុរី ​និង​ចិន​ជាពិសេស​អំឡុងពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩។​ ក្រុមហ៊ុន​ប្រឹក្សា​យោបល់​នេះ​បាន​សរសេរ​នៅ​ក្នុង​បទវិភាគ​មួយ​ថា ជំនួយ​របស់​សិង្ហបុរី​ទៅ​កាន់​ចិន​គឺ​ជា​ ឧទាហរណ៍​ដ៏​កម្រ​មួយ​ផ្នែក​«ការ​ទូត​ប្រើជំនួយ​ហិរញ្ញវត្ថុ» ពី​ប្រទេស​តូចៗ។

នៅ​ពេល​សួរ​ពី​ការ​ប៉ុនប៉ង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅ​ក្នុង​ការ​ទម្លាក់​កំហុសពី​ការ​រាតត្បាត​ជា​សាកលនៃ​ជំងឺ​កូវីដ១៩​ ​លើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ នាយក​រដ្ឋមន្រ្តី​សិង្ហបុរី​បាន​និយាយ​បង្វែរ​ចម្លើយ​ជំនួស​មកវិញ​ថា​ ការ​ផ្តោត​ទៅ​លើ​ដំណោះ​ស្រាយ​ ជា​រឿងមាន​ «ផល​ប្រយោជន៍​បំផុត»។​ ក្រៅ​ពី​ប្រទេស​ចិន ​លោក​ Lee ​បាន​កត់​សម្គាល់​ថា ​ប្រទេស​ដទៃ​ទៀត​ក៏​មាន​ការ​ពិបាក​នៅ​ក្នុង​ការ​គ្រប់គ្រង​ទៅ​លើ​វីរុស​កូរ៉ូណា​ផងដែរ»។

លោក​នាយក​រដ្ឋមន្រ្តី​ Lee ​បាន​និយាយ​នៅ​ក្នុង​បុស្តិ៍​ទូរទស្សន៍ CNN កាល​ពី​ចុងខែមីនា​ថា «ខ្ញុំ​គិត​ថា សរុបមក​ មិនមាន​នរណា​ម្នាក់​អាច​និយាយ​ថា រឿង​ទាំងអស់​នេះមិន​បាន​កើតឡើង​នោះ​ទេ​ ប្រសិន​បើ​ចិន​បាន​ធ្វើកិច្ចការ​ដ៏ត្រឹមត្រូវ​ទៅ​ហើយ​នោះ។ ​ពីព្រោះ​អ្នកអាច​ឃើញ​ការ​រាតត្បាត​ជំងឺ​នោះ​បាន​បន្ត​ រីក​រាលដាល ​និង​ឆ្លង​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន»។

ចិន​គឺ​ជា ដៃគូ​ពាណិជ្ជកម្ម​ធំបំផុត​មួយ​របស់​សិង្ហបុរី ​ជាមួយ​នឹង​ពាណិជ្ជកម្ម​ទ្វេភាគីទំហំ ​១៣៧ ​ពាន់លាន​ដុល្លារ​សិង្ហបុរី​នៅក្នុង​ឆ្នាំ​២០១៩។ ​ដោយសារប្រវត្តិ​ទំនាក់​ទំនង​វប្បធម៌ ពលរដ្ឋ​សិង្ហបុរី​ដល់ទៅ៧៥ ​ភាគរយ​គឺ​ជា​ជនជាតិ​ដើម​ចិន។

នៅ​ពេល​ពលរដ្ឋ​ត្រូវ​បាន​សួរ​ថា​តើ​ប្រទេស ឬ​អង្គការណា​មួយ​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​ផ្នែក​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​ចម្លើយ​គឺ​ថា​ គ្មាន​ការ​ប្រកួត​ប្រជែង​នឹង​ប្រទេស​ចិន​នោះទេ។​ ពលរដ្ឋ​ជិត​ ៧០​ភាគរយ​ បាន​ឆ្លើយ​ថា គឺ​ប្រទេស​ចិន ​បន្ត​ដោយ​សហរដ្ឋ​អាមេរិក​ និងសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា​ អាស៊ាន។​ នេះ​បើយោង​ទៅ​តាម​ការ​ស្ទង់មតិ​នៅ​ឆ្នាំ​ ២០១៩ ​ដោយ​វិទ្យាស្ថាន ISEAS-Yusof Ishak នៅសិង្ហបុរី។​

ឥទ្ធិពល​នោះ​ត្រូវ​បាន​រំពឹង​ថា​ នឹងបន្ត​រីកចម្រើន​ឡើង។​ នៅ​ពេល​សួរ​អំពី​អនាគត​នៃ​តួនាទី​របស់​ចិនជា​ប្រទេស​មហា​អំណាច​ ៥៧​ភាគរយនៃ​ពលរដ្ឋ​ដែល​បាន​ធ្វើ​ការ​ស្ទង់មតិ​បាន​យល់ស្រប​ជាមួយ​នឹង​ការ​លើកឡើង​ថា «ចិន​នឹង​ក្លាយ​ជា​ប្រទេស​មហាអំណាច​កែទម្រង់​មួយ​ដែល​មាន​គោលដៅ​ផ្លាស់ប្តូរ​តំបន់​អាស៊ីអាគ្នេយ៍​ទៅ​ជា​កន្លែង​ប្រកប​ដោយ​ឥទ្ធិពល​មួយ»។​ ជម្រើស​ដទៃ​ទៀត​គឺ​ថា ចិន​អាច​ជា​ជម្រើស​ថ្មី​មួយ​ជំនួស​ឲ្យសហរដ្ឋអាមេរិក ឬ​ជា​ប្រទេស​មហាអំណាច​ជួយ​យក​អាសារ​មួយ៕

ប្រែសម្រួលដោយ ណឹម​ សុភ័ក្រ្តបញ្ញា

XS
SM
MD
LG