ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Trump ​ស្នើ​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​ក្នុង​ជម្លោះ​ព្រំដែន​រវាង​ឥណ្ឌា​និង​​ចិន


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។

ភាព​តានតឹង​រវាង​ប្រទេស​ចិន​និង​ប្រទេស​ឥណ្ឌា​បាន​កើន​ឡើង​ជាង​មុន​នៅ​ក្រោយ​មាន​ការ​រាយ​ការណ៍​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បញ្ជូន​ទាហាន​រាប់​ពាន់​នាក់​ទៅ​កាន់​ដែន​ដី​មាន​ជម្លោះ​នៅ​តាម​ព្រំដែន​ក្នុង​តំបន់​ភ្នំ​ហិមាល័យ។​

លោក​Jeff Smith ​អ្នក​ជំនាញ នៃ​មូលនិធិ​ Heritage ពន្យល់​ថា៖​ «កង​កម្លាំង​ចិន​ហាក់​ដូចជា​បាន​ឆ្លង​ខ្សែ​នៃ​ការ​គ្រប់​គ្រង​ជាក់​ស្តែង​ឬ​មួយ​ឋិត​នៅ​ក្នុង​តំបន់​មាន​ជម្លោះ​ដែល​ប្រទេស​ទាំង​ពីរ​អះអាង​ថា​ ជា​របស់​ផង​ខ្លួន​ ហើយ​បាន​បោះ​តង់​និង​ជំរំ​នៅ​ក្នុង​ការ​ប៉ុនប៉ង​ដាក់​សម្ពាធ​លើ​ប្រទេស​ឥណ្ឌា​ឱ្យ​បញ្ឈប់​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថ្មី​នៅ​តាម​បណ្តោយ​ព្រំដែន»។​

តាម​ Twitter ​ លោក​ប្រធានាធិបតី ​Trump ​បាន​ស្នើ​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​អ្វី​ដែល​លោក​ហៅ​ថា ​«ជម្លោះ​ព្រំដែន​ដែល​នៅ​ពេល​នេះ​មានភាព​តានតឹង»​ រវាង​ប្រទេស​ចិន​និង​ប្រទេស​ឥណ្ឌា។​ ក៏​ប៉ុន្តែ​អ្នក​ជំនាញ​ដោយ​មាន​រួម​បញ្ចូល​ទាំង​លោក ​Smith​ ផង​ មិន​រំពឹង​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឬ​រដ្ឋាភិបាល​ក្រុងញូវដេលីនឹង​ទទួល​យក​សំណើ​នេះ​ទេ។​

លោក​ Jeff Smith ​បាន​ថ្លែង​ថា៖​ «លោក​អ្នក​ដឹង​ហើយ​ថា​ ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​ លោក​ប្រធានាធិបតី​ Trump​ បាន​ស្នើ​បំពេញ​តួនាទី​ជា​អ្នក​សម្រប​សម្រួល​រវាង​ប្រទេស​ឥណ្ឌា​និង​ប្រទេស​ ប៉ាគីស្ថាន​ អំពី​បញ្ហា​តំបន់​កាស្មៀរ។ ​ខ្ញុំ​យល់​ថា​ សំណើ​របស់​ប្រធានាធិបតី​ស.រ.អា.​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​នៅ​ក្នុង​ស្ថាន​ការណ៍​ទាំង​នេះ​គឺ​ គ្មាន​អ្វី​ខុស​ឆ្គង​ឬ​គ្មាន​អ្វី​នាំ​ឱ្យ​មាន​ការ​អាក់​អន់​ចិត្ត​ទេ។​ ក៏​ប៉ុន្តែ​លោក​អ្នក​ដឹង​ហើយ​ថា​ ប្រវត្តិ​សាស្ត្រ​ពី​អតីត​កាល​និង​ទំនោរ​បច្ចុបន្ន​ក្នុង​ការ​ធ្វើ​អ្វីៗនាំ​ឱ្យ​គេ​យល់​ថា​ ​ គ្មាន​ភាគីណា​មួយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ច្រើន​ក្នុង​ការ​ទទួល​យក​សេចក្តី​ស្នើ​នេះ​របស់​សហរដ្ឋអាមេរិកទេ»។​

មន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​ហាក់​ដូច​ជា​ចង់​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​នេះ។​ លោក​ V.K. Singh ​ ជា​រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​នៃ​ប្រទេស​ឥណ្ឌា​បាន​និយាយ​ថា៖ ​«ទស្សនៈ​ខុស​គ្នា​អំពី​ខ្សែ​បន្ទាត់​នៃ​ការ​គ្រប់គ្រង​ជាក់ស្តែង​រវាង​ប្រទេស​ទាំង​ពីរ​នេះ​បាន​កើត​មាន​ឡើង​យូរយារ​ណាស់​មក​ហើយ ហេតុដូច្នេះ​មាន​ការ​ប្រទាំង​ប្រទាស់​គ្នា​ ជា​ពិសេស​នៅ​ក្នុង​រដូវ​ក្តៅ​ដែល​មាន​ការ​យាម​ល្បាត​ច្រើន​ជាង​ធម្មតា​ដោយសារ​មាន​ការ​បើក​ផ្លូវ​ធ្វើ​ដំណើរ។​ហេតុផល​របស់​ខ្ញុំ​យោង​តាម​ចំណុច​នេះ»។​

អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស​ចិន​លោក​ Zhao Lijian ​មាន​ប្រតិកម្ម​ពី​ក្រុង​ប៉េកាំង​ថា៖ ​«ស្ថាន​ការណ៍​បច្ចុប្បន្ន​នៅ​តាម​ព្រំដែន​ចិន-ឥណ្ឌា​មាន​ស្ថិរភាព​និង​អាច​គ្រប់​គ្រង​បាន​ជា​ទូទៅ។​ ប្រទេស​ចិន​និង​ប្រទេស​ឥណ្ឌា​មាន​យន្តការ​ល្អ​ប្រសើរ​ទាក់ទិន​នឹង​រឿង​ព្រំដែន​ ហើយ​មាន​បណ្តាញ​គមនាគមន៍​ថែម​ទៀត​ផង»។​

​អ្នក​ជំនាញ​និយាយ​ថា​ វា​ជា​ប្រយោជន៍​របស់​ប្រទេស​ឥណ្ឌា​និង​ប្រទេស​ចិន​ ​បើ​ស្ថាន​ការណ៍​ឋិត​នៅ​ក្នុង​សភាព​គ្រប់គ្រង​បាន​ហើយ​អាច​រក្សា​សន្តិភាព។​

ប្រែ​សម្រួល​ដោយ​លោក​ឈឹម សុមេធ​

XS
SM
MD
LG