មេដឹកនាំសហភាពការងារកម្ពុជាកំពុងរៀបចំពាក្យបណ្តឹងមួយប្តឹងទៅឧត្តមប្រឹក្សា នៃអង្គចៅក្រមស្នើឲ្យពិនិត្យលើការសម្រេចរបស់ លោកព្រះរាជអាជ្ញាតុលាការក្រុងភ្នំពេញដែលចោទប្រកាន់ពាក់ព័ន្ធនឹងហិង្សាដែលកើតមានឡើងក្នុងពេលមានបាតុកម្មរបស់អតីតអ្នកបើកបររថយន្តក្រុមហ៊ុនកាពីតូល។
លោក ស្រី ម៉ាក់នី ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោកអាត់ ធន់ប្រធានសហភាពការងារកម្ពុជាពីបទ «ហិង្សាដោយចេតនា ប្រឆាំងនឹងអ្នករាជការសាធារណៈ និងរារាំងជាឧបសគ្គដល់ចរាចរណ៍សាធារណៈ»។
ការចោទប្រកាន់ធ្វើឡើងបន្ទាប់ពីការផ្ទុះឡើងនៃអំពើហិង្សាកាលពីព្រឹកថ្ងៃសៅរ៍នៅក្នុងការធ្វើបាតុកម្មទាមទារឲ្យក្រុមហ៊ុនកាពីតូលទទួលយកអតីតអ្នកបើកបររថយន្តក្រុងចំនួន៤៥នាក់ឲ្យចូលធ្វើការវិញ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ថ្លែងប្រាប់ VOA ថា ការចោទប្រកាន់របស់ព្រះរាជអាជ្ញារងគឺមិនបានធ្វើឡើងដោយមានភស្តុតាង និងអង្គហេតុច្បាស់លាស់នោះទេ ហើយលោកបានហៅការវាយដំមកលើអតីតអ្នកបើកបររថយន្តថាជារឿងអយុត្តិធម៌មិនអាចទទួលយកបាន។
«ខ្ញុំមើលទៅវាអយុត្តិធម៌ពេក បានន័យថា គេទៅវាយគ្រៀកគាត់ ហើយប៉ូលិសនៅហ្នុងមិនមើល ខ្លួនឯងសមត្ថកិច្ច។ ឥឡូវថា ប៉ូលិសមិនមើល ប៉ូលិសសមត្ថកិច្ចវាស៊ុំគ្រលំគ្នាទៅចុះ។ ចុះឯងព្រះរាជអាជ្ញាហ្នឹងហេតុអ្វីបានជា នៅតែចោទប្រកាន់តាមគេ? ហើយសូម្បីតែខ្លួនខ្ញុំផ្ទាល់នេះ ខ្ញុំមិនទាំងនៅកន្លែងកើតហេតុផងហ្នឹង។ ហេតុអ្វីបានជាគាត់សំអាងហេតុ ថាខ្ញុំនៅកន្លែងកើតហេតុ? អាហ្នឹងវាមើលទៅ វាដូចអាក្រក់ពេក អញ្ចឹងហើយបានខ្ញុំគិតថា រឿងនេះខ្ញុំនឹងប្តឹងទៅក្រុមប្រឹក្សាអង្គចៅក្រម ឬក៏ប្រធានតុលាការឲ្យពិនិត្យ ឬក៏ព្រះរាជអាជ្ញាហ្នឹងឲ្យពិនិត្យឡើងវិញ ចំពោះការសម្រេចក្តីរបស់ព្រះរាជអាជ្ញាហ្នឹង»។
VOA ព្យាយាមទាក់ទង លោកព្រះរាជអាជ្ញារង ស្រី ម៉ាក់នី ដើម្បីសុំការអធិប្បាយ តែអ្នកលើកទូរស័ព្ទថា លោក ព្រះរាជអាជ្ញារងរូបនេះបានប្តូរលេខទូរស័ព្ទ។ អ្នកលើកទូរស័ព្ទបានផ្តល់ឲ្យលេខថ្មី របស់លោក ព្រះរាជអាជ្ញារងដដែលនេះ តែពេលទូរស័ព្ទរោទិ៍ បែរជាគ្មានអ្នកទទួល។
ការតវ៉ារបស់អតីតអ្នកបើកបររថយន្តក្រុង ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃសៅរ៍នោះ បានឈានដល់អំពើហិង្សា នៅពេលដែលសមាជិកសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលភាគច្រើនបានស្លៀកពាក់សម្លៀកបំពាក់ពណ៌ខ្មៅ និងពាក់មួកសុវត្ថិភាព បានដើរទៅ ការពាររថយន្តក្រុង។ ភ្លាមៗបន្ទាប់ពីនោះ សមាជិកមួយចំនួននៃសមាគមនេះ បានកាន់ញញួរ និងដំបងដែកវាយទៅលើមនុស្ស ដោយបានវាយដំ និងទាត់ធាក់យ៉ាងខ្លាំងទៅលើអ្នកតវ៉ា និងអ្នកគាំទ្រឲ្យក្រុមហ៊ុនទទួលយក អតីតអ្នកបើកបររថយន្តក្រុងទាំងអស់នោះ។ នេះបើយោងទៅតាមសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិលចំនួន៣៤ ដែលបានចេញផ្សាយជាសាធារណៈភ្លាមៗ បន្ទាប់ពីការផ្ទុះឡើងនៃអំពើហិង្សាហើយបានធ្វើការថ្កោលទោសផងដែរ។
លោក ឯ សុភស្ស ប្រធានសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃពុធនេះ បានថ្លែងការពារសកម្មភាពរបស់ក្រុមលោក ដែលជាប់ពាក់ព័ន្ធក្នុងការធ្វើបាតុកម្មនោះ និងបានហៅការចេញសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិលទាំង៣៤ថា មានភាពលំអៀង។ លោកបញ្ជាក់នៅក្នុងសន្និសីទព័ត៌មានធ្វើឡើងនៅឯភោជនីយដ្ឋានកាពីតូល ក្បែរក្រុមហ៊ុនកាពីតូលក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧ មករា រាជធានីភ្នំពេញថា៖
«គេថ្លែងការណ៍ គេមិនដែលនិយាយចោទប្រកាន់តែមួយទេ ថាថ្ងៃនេះមានព្រឹត្តការណ៍ប៉ះទង្គិចគ្នា ដោយមើលថ្លែងការណ៍គាត់បាននិយាយហើយ។ ក្នុងថ្លែងការណ៍សង្គមស៊ីវិលបាននិយាយហើយ។ មួយទៅបិទផ្លូវទៅរារាំងឡាន មួយទៅការពារ ហើយចុះបើរឿងអញ្ចឹងវាមិនដែលមិនហិង្សា? ប៉ះហើយ! ដល់តែប៉ះប៉ឹបវារបួសទាំងសងខាង ទៅពិនិត្យតែម្ខាង ហើយដែលមកមើលអាពួករបួសនេះ អត់? អើយ ខ្ញុំសួរអាអង្គការសង្គមស៊ីវិល ក៏ដូចជាអ្នកសារព័ត៌មាន មានដែលមកសួរពួកខ្ញុំរងគ្រោះដែរ? ដោយសារតែអ្នកទាំងអស់គ្នាលំអៀងទៅហើយ។ ខ្ញុំវាគ្មានសង្ឃឹមអី នឹងអាចអស់លោកមកត្រួតពិនិត្យខ្ញុំបានទេ មានតែមួយគត់ទៅលើអាជ្ញាធរ ពិសេសគឺនគរបាលយុត្តិធម៌ក៏ដូចជាស្ថាប័នតុលាការ»។
លោក ថា សេចក្តីថ្លែងការណ៍រួមនេះ ធ្វើឡើងដោយមិនមានភស្តុតាងគ្រប់គ្រាន់ផងដែរ។
យ៉ាងណាក៏ដោយ លោក អំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ ថ្លែងថា លោកមិនមានការព្រួយបារម្ភចំពោះការលើកឡើងរបស់ប្រធានសមាគមនេះទេ ដោយលោកបានពន្យល់ពីការចេញសេចក្តីថ្លែងការណ៍នោះ យ៉ាងដូច្នេះថា៖
«ខ្ញុំអត់មានអ្វីត្រូវបារម្ភរឿងផ្លូវច្បាប់ទេ ព្រោះយើងធ្វើការក្នុងនាមអង្គការលីកាដូ ហើយការចេញ statement ហ្នឹង គឺ៣៤ អង្គការ មិនមែនបុគ្គលខ្ញុំ ឬក៏មិនមែនអង្គការលីកាដូតែមួយទេ គឺ៣៤ ដែលគេ ប្រមូលបានភស្តុតាងគេមានអង្គហេតុ គេមានអ្វីទាក់ទងនឹងថ្ងៃ៦កុម្ភៈហ្នឹងណ៎ា ហើយបានគេសម្រេចគ្នាចេញសេចក្តីថ្លែងការណ៍ហ្នឹង មិនមែនបុគ្គលខ្ញុំទេដែលចេញនៅក្នុងសេចក្តីថ្លែងការហ្នុងទេ។ ប៉ុន្តែសេចក្តីថ្លែងការណ៍មួយគេត្រូវការអ្នកទាក់ទង។ អញ្ចឹងបានគេដាក់ឈ្មោះខ្ញុំនៅក្នុងហ្នឹង»។ ដោយឡែក លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បញ្ជាក់ប្រាប់VOA ថា ទំនាស់រវាងក្រុមហ៊ុនកាពីតូល និងអតីតអ្នកបើកបរឡានក្រុងរបស់ក្រុមហ៊ុននេះ បានផុតពីសមត្ថកិច្ចរបស់សាលារាជធានីភ្នំពេញហើយ។ លោកថា មានតែក្រុមប្រឹក្សាអាជ្ញាកណ្តាលប៉ុណ្ណោះដែលអាចអារកាត់រឿងនេះបាន។
ទំនាស់ការងារដែលបានកើតឡើងតាំងពីខែធ្នូ ឆ្នាំ២០១៥នោះ ត្រូវបានតំណាងសហជីពសហភាពការងារឲ្យដឹងថា បណ្តាលមកពីក្រុមហ៊ុនកាពីតូល បានរំលោភសិទ្ធិការងាររបស់អ្នកបើកបររថយន្តក្រុងទាំងនោះ។ ប៉ុន្តែតំណាងក្រុមហ៊ុនកាពីតូល ថ្លែងការពារក្រុមហ៊ុនថា អ្នកបើកបរទាំងនោះ បានប្រព្រឹត្តកំហុស ដោយការទទួលយកភ្ញៀវអ្នកធ្វើដំណើរបន្ថែម នៅពេលកំពុងបើកបរដឹកភ្ញៀវដែលមានស្រាប់៕