ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កុមារ​ពីរ​នាក់​បងប្អូន​ស្លាប់​ដោយ​ជំងឺ​ផ្តាសាយ​បក្សី


រូបភាព​ដែល​មាន​គោលដៅ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ជំងឺ​ផ្តាសាយ​បក្សី ត្រូវ​បាន​ដាក់​​នៅ​ក្រសួង​សុខាភិបាល​ក្នុង​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០០៦។ កុមារ​ពីរ​នាក់​បងប្អូន​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយ​សារ​ជំងឺ​ផ្តាសាយ​បក្សី H5N1 ​កាល​ពី​ចុង​សប្តាហ៍​មុន​នេះ​ ដែល​ជា​ការ​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០១៤​នេះ។
រូបភាព​ដែល​មាន​គោលដៅ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ជំងឺ​ផ្តាសាយ​បក្សី ត្រូវ​បាន​ដាក់​​នៅ​ក្រសួង​សុខាភិបាល​ក្នុង​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០០៦។ កុមារ​ពីរ​នាក់​បងប្អូន​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយ​សារ​ជំងឺ​ផ្តាសាយ​បក្សី H5N1 ​កាល​ពី​ចុង​សប្តាហ៍​មុន​នេះ​ ដែល​ជា​ការ​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០១៤​នេះ។
កុមារ​ពីរ​នាក់​បងប្អូន​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយ​សារ​ជំងឺ​ផ្តាសាយ​បក្សី H5N1 ​កាល​ពី​ចុង​សប្តាហ៍​មុន​នេះ​ ដែល​ជា​ការ​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០១៤​នេះ។

នេះ​បើ​យោង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​រវាង​ក្រសួង​សុខាភិបាល​និង​អង្គការ​សុខភាព​ពិភពលោក​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ។

ក្មេង​រងគ្រោះ​ទាំងពីរ​គឺ​ក្មេង​ស្រី​មាន​អាយុ​២​ឆ្នាំ​ម្នាក់​និង​ក្មេង​ប្រុស​អាយុ​៨​ឆ្នាំ។ កុមារ​ទាំង​ពីរ​នាក់​មាន​ទីលំនៅ​នៅ​ភូមិ​ក្បាលត្រាច ​ឃុំ​ស្រែ​ចា ​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ​បាន​ស្លាប់​បន្ទាប់​ពី​បាន​ប៉ះពាល់​មាន់​ដែល​ងាប់។

កុមារា​ជា​បង​បាន​ធ្លាក់​ខ្លួន​ឈឺ​ដោយ​មាន​អាការៈ ​គ្រុន​ក្តៅ ​ហៀរ​សំបោរ ​និង​ឈឺ​បំពង់ក​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣១​ ខែមករា ​មក​ម្ល៉េះ ​និង​កុមារី​ជា​ប្អូន​បាន​ធ្លាក់​ខ្លួន​ឈឺ​នៅ​ថ្ងៃ​បន្ទាប់។ ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ក្នុង​ភូមិ ​មុន​នឹង​ត្រូវ​បាន​បញ្ជូន​បន្ត​មក​កាន់​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម ​នៅ​ថ្ងៃ​ទី​៧ ខែកុម្ភៈ ​ក្នុង​សភាព​ធ្ងន់ធ្ងរ​ដោយ​មាន​អាការៈ​គ្រុន​ក្តៅ ​ឈឺ​បំពង់ក ​ក្អក ​ឈឺពោះ ​ពិបាក​ដក​ដង្ហើម​ និង​សន្លឹម។ កុមារ​រងគ្រោះ​ទាំង​ពីរ​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​៧​ខែកុម្ភៈ​ដូច​គ្នា។

លោក​វេជ្ជ​បណ្ឌិត ​សុខ ទូច ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺ​ឆ្លង​របស់​ក្រសួង​សុខាភិបាល​ មាន​ប្រសាសន៍​ថា​កុមារី​នោះ​មិន​បាន​យក​សំណាក​ទៅ​វិភាគ​ទេដោយ​សារ​នាង​បាន​ស្លាប់​មុន​ការ​ធ្វើ​តេសន៍ ​ប៉ុន្តែ​តាម​អាការៈ​របស់​នាង ​នាង​ក៏​ទំនង​បាន​ឆ្លង​ជំងឺ​ដ៏​ផ្តាច់​ជីវិត​នេះ​ដែរ។

«ប្អូន​ស្រី​ស្លាប់​មុន យើង​មិន​បាន​យក​មក​វិភាគ​ទេ ហើយ​បង​ហ្នឹង​ស្លាប់​ក្រោយ ​ដូច្នេះ​យើង​មាន​ពេល​យក​មក​វិភាគ ​ដូច្នេះ​យើង​មាន​ការ​បញ្ជាក់​ពី​មន្ទីរ​ពិសោធន៍​ចំពោះ​បង​អាយុ​៨​ឆ្នាំ​នោះ»។

តាម​ការ​អង្កេត​ដោយ​ក្រុម​ឆ្លើយ​តប​បន្ទាន់​របស់​ក្រសួង​សុខាភិបាល​និង​ក្រុម​ការងារ​សុខភាព​សត្វ​នៃ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​និង​នេសាទ ​កុមារ​ទាំង​ពីរ​បាន​ប៉ះពាល់​ជាមួយ​មាន់​ងាប់​ក្នុង​អំឡុង​ពេល​៣​ថ្ងៃ​មុន​ពេល​មាន​រោគ​សញ្ញា ​និង​យក​មាន់​ដែល​ងាប់​នោះ​ទៅ​ធ្វើ​ម្អូប។ នៅ​ពាក់​កណ្តាល​ខែ​មករា មាន​បសុបក្សី​ងាប់ ​ចំនួន​៣៥០​ក្បាល ​នៅ​ក្នុង​ភូមិ​កុមារ​រស់នៅ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ។

លោកស្រី Vicky Houssiere មន្ត្រី​ទំនាក់ទំនង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​បញ្ជាក់​ដូចគ្នា​នេះ​ដែរ។

តាំង​ពី​ឆ្នាំ​២០០៥​មក​មាន​ករណី​ផ្តាសាយ​បក្សី​៤៩​ករណី​ហើយ ដែល​ភាគ​ច្រើន​កើត​លើ​កុមារ​អាយុ​ក្រោម​១៤​ឆ្នាំ ក្នុង​នោះ​មាន​តែ​១៥​នាក់​ប៉ុណ្ណោះ​ដែល​នៅ​រស់រាន​មាន​ជីវិត។ ដោយ​ឡែក​កាល​ពី​ឆ្នាំ​២០១៣ ជា​ឆ្នាំ​ដែល​មាន​ជំងឺ​នេះ​ផ្ទុះ​ច្រើន​ជាង​គេ ដែល​មាន​មនុស្ស​ស្លាប់​រហូត​ដល់​១២​នាក់។

មនុស្ស​ជា​ពិសេស​កុមារ​អាច​ឆ្លង​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ក្រោយ​ពី​ខ្លួន​បាន​ប៉ះពាល់សត្វ​បក្សី​ឈឺ​ឬ​ងាប់​ដែល​មាន​ផ្ទុក​ជំងឺ​នេះ​ឬ​ក៏​យក​បក្សី​នោះ​ទៅ​បរិភោគ។

លោក ម៉ម ប៊ុនហេង ​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​មាន​ប្រសាសន៍​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ថា ដើម្បី​បង្ការ​ការ​ចម្លង​ជំងឺ​នេះ ​យើង​ត្រូវ​លាង​ដៃ​ជាមួយ​សាប៊ូ​ក្រោយ​ពី​ប៉ះពាល់​ជាមួយ​បសុ​បក្សី ​ដាក់​កុមារ​ឱ្យ​នៅ​ឆ្ងាយ​ពី​សត្វ​បក្សី ​ដាក់​បក្សី​ឱ្យ​នៅ​ឆ្ងាយ​ពី​កន្លែង​រស់នៅ ​និង​កុំ​បរិភោគ​បក្សី​ឈឺ​ឬ​ងាប់៕
XS
SM
MD
LG