ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ថ្មី​មួយ​ថា​ការ​បិទ​រដ្ឋាភិបាល​ធ្វើ​ឲ្យ​ខាតបង់​សេដ្ឋកិច្ច​អាមេរិក​៣ពាន់លាន​ដុល្លារ


(រូបភាព​ឯកសារ) សមាជិក​ការិយាល័យ CBO ធ្វើ​សន្និសីទ​កាសែត​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧។
(រូបភាព​ឯកសារ) សមាជិក​ការិយាល័យ CBO ធ្វើ​សន្និសីទ​កាសែត​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧។

ការិយាល័យ​ទទួល​បន្ទុក​ត្រួតពិនិត្យ​ថវិកា​របស់​សភា​ហៅ​កាត់​ថា CBO បាន​ធ្វើការ​សន្និដ្ឋាន​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ការបិទ​ផ្នែកខ្លះ​នៃរ​ដ្ឋាភិបាល​អាមេរិក​ដ៏​យូរបំផុត​មិន​ដែល​ធ្លាប់​មាន​ បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​ខាត​អស់៣ពាន់លានដុល្លារ។ CBO បាន​និយាយ​ថា​ការ​វាយតម្លៃ​របស់​ខ្លួន​អំពី​ផលប៉ះពាល់​នៃ​ការ​បិទ​រដ្ឋាភិបាល​រយៈពេល​៣៥ថ្ងៃ​ទៅ​លើ​សេដ្ឋកិច្ច​អាមេរិក​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេក្នុង​ពិភពលោក​បាន​បង្ហាញ​ថា​ អាមេរិក​បាន​ខាតបង់​សេដ្ឋកិច្ច​គិត​ជា​ទឹកប្រាក់​ចំនួន​៣ពាន់លាន​ដុល្លារ​នៅ​អំឡុងពេល​បិទ​រដ្ឋាភិបាល​ចាប់​តាំង​ពី​ថ្ងៃទី២២ខែធ្នូ​ ឆ្នាំ២០១៨ និង​បាន​ខាតបង់​ចំនួន​៨ពាន់​លានដុល្លារ​នៅ​អំឡុងពេល​បិទ​នៅក្នុង​ខែមករា។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ CBO បាន​ឲ្យ​ដឹង​ថា​ បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ​ចំនួន៨សែននាក់​ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ឬ​ធ្វើការ​ដោយ​មិន​ទាន់​បាន​ទទួល​ប្រាក់​ខែ​នៅក្នុង​អំឡុងពេល​បិទរដ្ឋាភិបាល​នឹង​ទទួល​បាន​ប្រាក់ខែ​វិញ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​ ហើយ​ប្រតិបត្តិការ​នានា​របស់​រដ្ឋាភិបាល​នឹង​ត្រឡប់​មក​ដំណើរការ​ដូច​ធម្មតា​ឡើងវិញ។ CBO បាន​ប៉ាន់ប្រមាណ​ថា​ការ​ចំណាយ​របស់​សហព័ន្ធ​ប្រមាណ​១៨ពាន់លានដុល្លារ​ដែល​ត្រូវ​បាន​ពន្យាពេល​នៅ​អំឡុង​បិទ​រដ្ឋាភិបាល​ប៉ុន្តែ​ការ​ចំណាយ​នានា​ទំនង​ជា​នឹង​ត្រឡប់​មក​ដូច​ធម្មតា​ឡើងវិញ​រហូត​លុះត្រា​តែ​មាន​ការបិទ​ម្តង​បន្ទាប់​ពី​៣សប្តាហ៍​បន្ទាប់​ទៅ​ទៀត​នេះ។

ប្រធានាធិបតីអាមេរិក​លោក Donald Trump និង​មេដឹកនាំ​សភា​ខាងគណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ​បាន​ព្រមព្រៀងគ្នា​បញ្ចប់​ការបិទ​រដ្ឋាភិបាល និង​បង្កើត​គណកម្មការ​ដែល​ចូលរួម​ទាំងពីរ​គណបក្ស​ ដើម្បី​ចរចាគ្នា​អំពី​សំណើ​សន្តិសុខ​ព្រំដែន​រវាង​អាមេរិក-ម៉ិកស៊ិក៕

XS
SM
MD
LG