ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកមើលឃើញថាមានឱកាសតិចជាង ៥០ ភាគរយប៉ុណ្ណោះ ដែលក្រុមសមាជិកសភាអាចព្រមព្រៀងចំពោះថវិកាសាងសង់ជញ្ជាំងព្រំដែន ដែលលោកនឹងអាចទទួលយកបាន។
លោកត្រាំបានប្រាប់កាសែត The Wall Street Journal កាលពីថ្ងៃអាទិត្យម្សិលមិញថា មានសមាជិកសភាល្អមួយចំនួននៅក្នុងក្រុមចរចានៃគណបក្សទាំងពីរ។ ប៉ុន្តែ លោកបានបញ្ជាក់ថា លោកនៅមិនច្បាស់ថាតើលោកនឹងទទួលយកថវិកាតិចជាង ៥ ពាន់ ៧ រយលានដុល្លារ សម្រាប់ការសាងសង់ជញ្ជាំងព្រំដែនឬក៏យ៉ាងណានោះ។
លោកត្រាំក៏បានបញ្ជាក់ផងដែរថា លោកនៅមិនច្បាស់ថាតើលោកនឹងអាចទទួលយកបានទេនៅក្នុងផ្នែកមួយនៃកិច្ចព្រមព្រៀង នៅពេលដែលមានការផ្ដល់សញ្ជាតិដល់អ្នកដែលត្រូវបានការពារក្រោមកម្មវិធីសកម្មភាពផ្អាកការបញ្ជូនចេញនូវជនអន្តោប្រវេសន៍ដែលចូលមកក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់តាំងពីនៅកុមារ។ លោកបានបញ្ជាក់ថា អនាគតរបស់អ្នកទាំងនោះគឺជា «ប្រធានបទដាច់ដោយឡែកមួយ ដែលនឹងផ្ដោតលើនៅពេលផ្សេង»។
លោក ត្រាំ បាននិយាយថា ការបិទរដ្ឋាភិបាលមួយលើកទៀតគឺជា «ជម្រើសដ៏ពិតប្រាកដមួយ» ប្រសិនបើលោកមិនទទួលបានអ្វីដែលលោកចង់បានដើម្បីសាងសង់ជញ្ជាំងព្រំដែន។ លោកក៏បាននិយាយផងដែរថា លោកអាចប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដែលនឹងអាចឲ្យលោកប្រើប្រាស់ថវិកាសាងសង់ជញ្ជាំងព្រំដែនបានដោយមិនចាំបាច់មានការអនុម័តពីសភា ដែលនេះជាយុទ្ធសាស្ត្រមួយ ដែលគណបក្សប្រជាធិបតេយ្យអាចតតាំងបានតាមផ្លូវតុលាការ។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក ត្រាំ បានយល់ព្រមបើករដ្ឋាភិបាលឡើងវិញរហូតដល់ថ្ងៃទី ១៥ ខែកុម្ភៈ។ ក្នុងរយៈពេល ៣ សប្ដាហ៍នេះ គណៈកម្មាធិការមួយដែលមានសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ ៩ នាក់ និងខាងគណបក្សសាធារណរដ្ឋ ៨ នាក់ នឹងព្យាយាមរកចំណុចរួមរឿងសន្តិសុខព្រំដែន ដែលសភា និងលោក ត្រាំ អាចទទួលយកបាន៕