អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានថ្លែងការពារការជម្នះរបស់រដ្ឋាភិបាល ក្នុងការទទួលវ៉ាក់សាំង Sinopharm មួយលានដូសដែលជាជំនួយរបស់រដ្ឋចិន ហើយប្រាប់សាធារណជនឱ្យ «ឈប់បារម្ភ» ពីការទទួលស្គាល់វ៉ាក់សាំងដោយអង្គការសុខភាពពិភពលោក (WHO)។
អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាអ្នកនាំពាក្យ បានថ្លែងក្នុងសន្និសីទកាសែតមួយកាលពីល្ងាចថ្ងៃច័ន្ទថា ការបង្ខំចិត្តពន្លឿនការចាក់វ៉ាក់សាំងនេះ គឺដោយសារស្ថានភាពឆ្លងរាលដាលជាសាកលនៃជំងឺកូវីដ១៩ «មិនអាចទ្រាំទ្របានទៀតទេ»។
អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ថ្លែងថា៖ «ដូច្នេះរឿងអង្គការសុខភាពពិភពលោកទទួលស្គាល់ ឬមិនទទួលស្គាល់ ខ្ញុំសុំគោរពអនុញ្ញាតជម្រាបជូនថា ទោះបីយ៉ាងណាក៏ដោយ ក៏វ៉ាក់សាំងនេះនៅតែមានដំណើរការទៅមុខ»។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះបញ្ជាក់ជំហររដ្ឋាភិបាលជាថ្មីថា ខ្លួននឹងមិន «អង្គុយរង់ចាំ» ការទទួលស្គាល់របស់អង្គការសុខភាពពិភពលោកបាននោះទេ។
អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បន្តថា៖ «សូមបងប្អូន លោកពិចារណា កុំឱ្យមានអារម្មណ៍ថា WHO ទទួលស្គាល់ឬមិនទទួលស្គាល់នោះឱ្យសោះ ឥឡូវអ្វីដែលយើងបារម្ភនេះ សួរថាតើយើងទៅដណ្ដើមទិញជាមួយគេបានដែរឬទេ?»។
អ្នកស្រីវេជ្ជបណ្ឌិតឱ វណ្ណឌីន ថ្លែងយ៉ាងដូច្នេះ នៅមុនពេលវ៉ាក់សាំង Sinopharm ដែលចិនទើបដឹកឱ្យ ៦០ ម៉ឺនដូស ចាប់ផ្ដើមចាក់ជាផ្លូវការនៅតាមទីតាំងមន្ទីរពេទ្យមួយចំនួន នៅថ្ងៃពុធ ស្អែកនេះ។
អ្នកស្រីវេជ្ជបណ្ឌិតរូបនេះបានថ្លែងសរសើរកាយវិការរបស់ភាគីចិន ដែលឲ្យជំនួយវ៉ាក់សាំង ១ លានដូសយ៉ាងដូច្នេះថា៖ «បើយើងនិយាយណា កំពុងតែអត់ឃ្លាន ខ្ញុំកំពុងតែអត់ទឹកញ៉ាំ ខ្ញុំបានទឹកមួយដបមក ខ្ញុំសុខចិត្តចាក់ទឹកហ្នឹងមួយចំណែកឱ្យទៅគេ យើងយល់ឃើញម៉េចដែរ? អ៊ីចឹងនេះក៏ដូចគ្នាដែរ បើសិនជាចិនមិនឱ្យវ៉ាក់សាំងនេះមកយើង ហើយគាត់ទុកចាក់ពលរដ្ឋគាត់ ក៏យើងមិនដឹងថាម៉េចដែរ។ តែនេះជាសន្ដានចិត្ត ជាកិច្ចសហប្រតិបត្តិការល្អ»។
អ្នកស្រីបន្ថែមថា៖ «ពីព្រោះបើយើងរង់ចាំតែអង្គការសុខភាពពិភពលោកអាជំងឺហ្នឹងវារាតត្បាត ងាប់ឡើងពាយ ហើយបើយើងមិនព្រមចាក់វ៉ាក់សាំងហ្នឹង ដើម្បីទប់ វាធ្វើយ៉ាងម៉េចនឹងកើត អ៊ីចឹងការស្លាប់វានៅតែបន្តទៀត»។
លោក ហ៊ុន សែន បានប្រកាសកាលពីចុងខែធ្នូកន្លងទៅថា កម្ពុជានឹងប្រើប្រាស់តែវ៉ាក់សាំងណា ដែលអង្គការសុខភាពពិភពលោកទទួលស្គាល់ និងមិនយកប្រជាជនខ្លួនទៅធ្វើជាបេក្ខភាពពិសោធន៍វ៉ាក់សាំងនានានោះទេ។
ការិយាល័យប្រចាំប្រទេសកម្ពុជានៃអង្គការសុខភាពពិភពលោក ដែលមិនស្រដីអ្វីតាំងតែពីលោក ហ៊ុន សែន ប្រកាសប្ដូរចិត្តនៅថ្ងៃទី១៥ ខែមករា មកនោះ មិនបានតបនឹងសារសុំការបំភ្លឺរបស់វីអូអេនៅឡើយទេ គិតត្រឹមល្ងាចថ្ងៃអង្គារនេះ។
តែកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ អ្នកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ធ្លាប់បានប្រាប់វីអូអេថា ប្រទេសនីមួយៗអាចផ្ដល់ការអនុញ្ញាតដោយអត្តនោម័តឱ្យមានការចាក់វ៉ាក់សាំងប្រឆាំងកូវីដបាន តែមានលក្ខខណ្ឌមួយចំនួន។
អ្នកស្រីវេជ្ជបណ្ឌិត Li Ailan ថ្លែងថា៖ «ជម្រើសបែបនេះចាំបាច់ត្រូវតែសម្រេចជ្រើសយកពឹងផ្អែកលើក្រឹត្យក្រមវិទ្យាសាស្ត្រនិងសីលធម៌ ដែលមាននិយាមស្ដង់ដារខ្ពស់បំផុត ជាពិសេសតាមរយៈការត្រួតពិនិត្យវាយតម្លៃយ៉ាងខ្លាំងក្លាលើផ្នែកសុវត្ថិភាព អត្រាប្រសិទ្ធភាព និងទិន្នន័យប្រកបដោយគុណភាពជាមុនសិន»។
រដ្ឋាភិបាលមិនបានបញ្ជាក់នោះទេ ថារដ្ឋាភិបាលចិននិងក្រុមហ៊ុនឱសថរដ្ឋ Sinopharm របស់ខ្លួនដែលផលិតវ៉ាក់សាំង BBIBP-CoV ឬវ៉ាក់សាំង Sinopharm នេះ បានផ្ដល់នូវទិន្នន័យគ្រប់ជ្រុងជ្រោយ និងពេលវេលាគ្រប់គ្រាន់ឱ្យអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញការវេជ្ជសាស្ត្រកម្ពុជាបានសិក្សាឬយ៉ាងណា។
ការផលិតវ៉ាក់សាំងនេះ ត្រូវឆ្លងកាត់ការសាកល្បងបីដំណាក់កាល និងត្រូវផ្ញើលទ្ធផលទៅឱ្យប្រទេសសាម៉ី ឬអង្គការសុខភាពពិភពលោក ដើម្បីពិនិត្យសម្រេចដាក់ឱ្យប្រើប្រាស់។
វ៉ាក់សាំង Sinopharm ឬ BBIBP-CoV ត្រូវបានផលិតដោយវិទ្យាស្ថានផលិតផលជីវសាស្ត្រក្រុងប៉េកាំង (BIBP) និងវិទ្យាស្ថានផលិតផលជីវសាស្ត្រក្រុងអ៊ូហាន (WIBP) និងដែលគ្រប់គ្រងគម្រោងដោយក្រុមហ៊ុនឱសថរដ្ឋចិន Sinopharm។
ក្រុមហ៊ុន Sinopharm អះអាងថាវ៉ាក់សាំង BBIBP-CoV របស់ខ្លួន មានអត្រាប្រសិទ្ធភាពដល់ទៅ ៧៩,៣% ក្នុងការសាកល្បងដំណាក់កាលទី ៣ តែមិនទាន់បានផ្សព្វផ្សាយលម្អិតពីទិន្នន័យសិក្សានៃការសាកល្បងដំណាក់កាលទី ៣ នេះនៅឡើយទេ។
ក្នុងអត្ថបទបង្ហាញពីលទ្ធផលស្រាវជ្រាវមួយ ចេញផ្សាយ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ លើព្រឹត្តិបត្តិវិទ្យាសាស្ត្រអន្តរជាតិ Lancet ដែលសិក្សាចងក្រងដោយអ្នកវិទ្យាសាស្ត្រចិនដីគោក ៣២ រូប បង្ហាញអំពីប្រសិទ្ធភាពនៃការសាកល្បងដំណាក់កាលទី ១ និងទី ២ នៃវ៉ាក់សាំងដែលផ្សំឡើងពីថ្នាំបុរាណចិននិងប្រើប្រាស់វីរុសកូវីដ១៩ អសកម្ម ដើម្បីធ្វើសារធាតុចាក់បង្ការ។
មកទល់ម៉ោងនេះមានតែវ៉ាក់សាំង Pfizer-BioNTech របស់ក្រុមហ៊ុនអាមេរិកនិងអាឡឺម៉ង់មួយគត់ដែលអង្គការសុខភាពពិភពលោកទទួលស្គាល់។ តែលោក ហ៊ុន សែន ប្រកាសមិនប្រើវ៉ាក់សាំងនេះទេ ដោយសារតែការរក្សាទុកវ៉ាក់សាំងនេះ ត្រូវការលក្ខខណ្ឌសីតុណ្ហភាពទាបពេក។
ការហៅទូរស័ព្ទទៅកាន់អ្នកស្រី ឱ វណ្ណឌីន និងអ្នកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការម្នាក់ទៀតនៅក្រសួងសុខាភិបាល មិនបានទទួលជោគជ័យនោះទេ។
គេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Sinopharm បានចេញផ្សាយតាំងតែពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ថាមានតែក្រុមមនុស្សក្នុងចន្លោះអាយុពី ១៨ ឆ្នាំដល់អាយុ ៥៩ ឆ្នាំនោះទេ ដែលមានការធានាច្បាស់លាស់ថាចាក់ទៅ មានប្រសិទ្ធភាព។
សម្រាប់ក្រុមមនុស្សអាយុក្រោម១៨ឆ្នាំ និងលើស ៦០ ឆ្នាំ ក្រុមហ៊ុន Sinopharm ប្រកាសកាលពីថ្ងៃទី១៦ ខែមករា ដដែលថា នៅបន្ដសាកល្បងពិនិត្យក្នុងដំណាក់កាលទីបីនៅឡើយ។ តែនៅថ្ងៃទី១៧ ខែមករា លោក ហ៊ុន សែន អាយុ ៦៨ ឆ្នាំ ប្រកាសថា លោកនឹងចាក់វ៉ាក់សាំងនេះដោយផ្ទាល់ខ្លួនលោកជាជំហរ ដែលរក្សាមកដល់ថ្ងៃទី០៥ ខែកុម្ភៈ ដែលលោកប្រកាសមិនចាក់វិញ ដោយហួសអាយុ។
លោក ហ៊ុន សែន ក៏បានប្រកាសកាលពីសប្ដាហ៍មុនថា លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារប្រទេស ដែលមានអាយុ ៧៥ ឆ្នាំ ក៏បានចាក់វ៉ាក់សាំងនេះរួចហើយដែរ តែមិនបានបញ្ជាក់ថាចាក់វ៉ាក់សាំងអ្វី ចាក់ពីពេលណា និងចាក់នៅទីណានោះទេ។
វីអូអេមិនទាន់អាចទាក់ទងលោក ទៀ បាញ់ និងអ្នកនាំពាក្យក្រសួងការពារប្រទេស លោក ឈុំ សុជាត បាននៅឡើយទេ គិតត្រឹមល្ងាចថ្ងៃអង្គារនេះ។ លោក ទៀ បាញ់ បានទំនាក់ទំនងផ្ទាល់ជាមួយសមភាគីចិន Wei Fenghe ដើម្បីទទួលបានវ៉ាក់សាំងទាំងនេះ។
អ្នកស្រី ឱ វណ្ណឌីន បានលើកឡើងថា កម្ពុជាមានភាពចាំបាច់ក្នុងការចាក់វ៉ាក់សាំង Sinopharm ជូនប្រជាពលរដ្ឋខ្លួននៅពេលនេះ ដែលអ្នកស្រីលើកឡើងថា ការចាក់នេះមិនមែនជាការសាកល្បងនោះទេ។
«ឥឡូវខ្ញុំលើកឧទាហរណ៍មួយ បើសិនជាបងប្អូនមានវ៉ាក់សាំង ... ថានេះវ៉ាក់សាំង ខ្ញុំកំពុងតែជួបប្រទះ នូវបញ្ហាកូវីដ១៩ ដែលកំពុងតែព័ទ្ធជុំវិញខ្ញុំ ផ្ទុះហើយ ផ្ទុះក្នុងសហគមន៍ធំណាស់ មានន័យថាភូមិខ្ញុំមួយ ងាកទៅណាក៏កូវីដដែរ ឥលូវសួរថាខ្ញុំទទួលយកវ៉ាក់សាំង ឬក៏ខ្ញុំសុខចិត្តទុកខ្លួនខ្ញុំឱ្យឆ្លងវីរុសកូវីដ១៩?»។
កម្ពុជាគ្រោងចាក់វ៉ាក់សាំងបានពីជំនួយ ១ លានដូសដំបូងជូនកងកម្លាំងប្រដាប់អាវុធ បុគ្គលិកសុខាភិបាល មន្ត្រីតុលាការ និងអ្នកសម្អាតទីក្រុង៕