ប្រទេសចំនួន៦ ក្នុងចំណោមក្រុមប្រទេស G-២០ តួយ៉ាង សហរដ្ឋអាមេរិក អាហ្សង់ទីន អូស្ត្រាលី កាណាដា អារ៉ាប៊ីសាអូឌីត និងតួកគី កំពុងបរាជ័យក្នុងការអនុវត្តច្បាប់ឲ្យបានពេញលេញដើម្បីសម្រេចតាមគោលដៅនៃការកម្រិតការបញ្ចេញឧស្ម័នពុលរបស់ខ្លួន នេះបើយោងតាមលោកសាស្រ្តាចារ្យ Samuel Fankhauser ដែលជាសមាជិកនៃក្រុមស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវ Grantham នៃការប្រែប្រួលអាកាសធាតុនិងបរិស្ថាន នៃមហាវិទ្យាល័យសេដ្ឋកិច្ចទីក្រុងឡុងដ៏។
លោកសាស្រ្តាចារ្យបាននិយាយថា៖ «តើមានក្របខ័ណ្ឌគោលនយោបាយដែរឬទេ? តើមានច្បាប់ដែរឬទេ? តើមានការលើកទឹកចិត្តដើម្បីឲ្យមានការកាត់បន្ថយការបញ្ចេញឧស្ម័នពុលឲ្យទាន់ពេលដែរឬទេ? ចម្លើយ គឺនៅសហរដ្ឋអាមេរិកមាន តួយ៉ាង ផែនការថាមពលស្អាត ប៉ុន្តែវាគឺគ្រាន់តែជាផែនការមួយផ្នែក(មិនទូលំទូលាយ) មិនមែនជាគោលដៅទូទាំងប្រទេសមូលផ្តោតលើការបញ្ចេញឧស្ម័នពុលនានាឡើយ»។
របាយការណ៍នេះត្រូវបានគេបញ្ចេញនៅពាក់កណ្តាលខែវិច្ឆិកានៅក្រៅកិច្ចប្រជុំអាកាសធាតុជាសកលក្នុងទីក្រុង Marrackech ប្រទេសម៉ារ៉ុក។ ប្រតិភូនៅទីនោះមានគោលបំណងបញ្ចូលគោលនយោបាយលម្អិតក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលព្យាយាមកម្រិតការឡើងកំដៅផែនដីឲ្យនៅត្រឹមពីរអង្សាសេ គឺលើកម្រិតមុនពេលមានបដិវត្តន៍ឧស្សាហកម្ម ។
លោកសាស្រ្តាចារ្យបាននិយាយថា៖ «កិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានផ្តល់សច្ចាប័នដោយ ប្រទេសចំនួន១១០ប្រទេស ហើយវាគឺជាការព្រមព្រៀងមួយដែលមានលក្ខណៈផុយស្រួយ ដូច្នេះលទ្ធភាពដែលនាំឲ្យមានការជជែកតវ៉ាផ្ទៃអាចនឹងកើតមានជាថ្មីម្តងទៀតនៅក្នុងបណ្តាប្រទេសទាំង១១០នោះ។ ប៉ុន្តែស្ថានភាពបច្ចុប្បន្ន មានសញ្ញាថាស្ថានភាពនៅមានស្ថិរភាពល្អនៅឡើយ។ បណ្តាប្រទេសទាំងនោះដឹងថាពួកគេត្រូវដើរផ្លូវណា ហើយពួកគេក៏យល់ផងដែរថាត្រូវអ្វីធ្វើដើម្បីប្រយោជន៍ប្រទេសពួកគេ»។
សញ្ញានៃស្ថិរភាពនៃកិច្ចព្រមព្រៀងនោះអាចនឹងធ្លាក់ចុះដោយសារលោកប្រធានាធិបតី សហរដ្ឋអាមេរិក Donald Trump ដែលក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត លោកបានសន្យាថានឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ក្នុងទីក្រុង Marrackech ប្រតិភូមកពីជុំវិញពិភពលោកបានចេញលិខិតអំពាវនាវឲ្យក្រុងវ៉ាស៊ីនតោនប្រកាន់ភ្ជាប់ការប្តេជ្ញាចិត្តរបស់ខ្លួន ដែលក្នុងចំណោមអ្នកអំពាវនាវនោះក៏មានលោក Ina Khama ប្រធានាធិបតីប្រទេសបុតស្វាណា។
លោកប្រធានាធិបតីប្រទេសបុតស្វាណា បាននិយាយថា៖ «មិនគួរមានរដ្ឋបាលបច្ចុប្បន្ន ឬរដ្ឋបាលដែលនឹងកាន់អំណាចនៅពេលអនាគត ព្យាយាមបំផ្លាញចោលការតាំងចិត្តរួមរបស់យើងក្នុងនាមជាមនុស្សរបស់ពិភពលោក ហើយយឺតយ៉ាវក្នុងការធ្វើអ្វីមួយដើម្បីឱ្យភពផែនដីក្លាយជាកន្លែងកាន់តែប្រសើរ និងធានាឲ្យបាននូវអត្ថិភាពនៃជីវិតគ្រប់ប្រភេទនៅលើភពផែនដីនេះឡើយ»។
ក្រុមអ្នកវិទ្យាសាស្ដ្រអាកាសធាតុបាននិយាយថា ស្ថិតក្រោមរដ្ឋបាលរបស់លោកអូបាម៉ា សហរដ្ឋអាមេរិក បាននៅមុខខ្សែកោង នេះបើយោងតាមសំដីរបស់នាង Khelly Stone នៃអង្គការ ActionAid សហរដ្ឋអាមេរិកប្រាប់ VOA តាមរយៈប្រព័ន្ធ Skype ពីសន្និសីទ ក្នុងទីក្រុង Marrakech។
នាង Stone បានបន្ថែមថា៖ «រដ្ឋបាល លោក អូបាម៉ា បានប្រកាសផែនការកាលពីម្សិលមិញដែលកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នពុលឲ្យបាន ៨០ ភាគរយ នៅត្រឹមឆ្នាំ ២០៥០ ដោយគិតចាប់ពីឆ្នាំ ២០០៥មក ។ ដូច្នេះនេះ គឺ ជាមហិច្ឆតាខ្ពស់ជាងអ្វីដែលយើងធ្លាប់បានឃើញចេញពីសហរដ្ឋអាមេរិកពីមុន ប៉ុន្តែវាស្ទើរតែមិនមែនជាមហិច្ឆតាពេញលេញនៅឡើយទេ»។
ប្រទេសអង់គ្លេសគឺជាប្រទេសដែលផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសក្រោយគេបង្អស់។ ក្រុមអ្នកធ្វើយុទ្ធនាការអាកាសធាតុសង្ឃឹមថាប្រទេសសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកមួយនេះ អាចបញ្ចុះបញ្ចូលលោក Trump ឲ្យរក្សាហត្ថលេខារបស់សហរដ្ឋអាមេរិកនៅលើកិច្ចព្រមព្រៀងនេះ៕
ប្រែសម្រួលដោយ ផន បុប្ផា