ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Sessions ហៅ​ការ​ចោទប្រកាន់​អំពី​ការ​ឃុបឃិត​ជាមួយ​រុស្ស៊ី​ជា​ការ​កុហក​ដ៏​គួរ​ឲ្យ​ស្អប់


លោក Jeff Sessions រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ញញឹម​បន្ទាប់​ពី​បាន​ស្បថ​ កាលពី​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧។​
លោក Jeff Sessions រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ញញឹម​បន្ទាប់​ពី​បាន​ស្បថ​ កាលពី​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧។​

លោក Jeff Sessions រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក បាន​បដិសេធ​កាល​ពី​ថ្ងៃ​អង្គារ​ថា លោក​មិន​បាន​ឃុបឃិត​ជាមួយ​នឹង​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រជែង​យក​តំណែង​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ​២០១៦ ដើម្បី​ជួយ​ដល់​លោក​ប្រធានាធិបតី Donald Trump នោះ​ទេ។

លោក Sessions បាន​ថ្លែង​នៅ​ក្នុង​សវនការ​ទៅ​កាន់​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​ព្រឹទ្ធសភា ដែល​ត្រូវ​បាន​គេ​តាមដាន​យ៉ាង​ជិតស្និទ្ធ​ថា «ខ្ញុំ​មិន​ដែល​ជួប ឬ​សន្ទនា​ជាមួយ​នឹង​ជនជាតិ​រុស្ស៊ី ឬ​មន្ត្រី​បរទេស​ណា ពាក់ព័ន្ធ​នឹង​ការ​ជ្រៀតជ្រែក​នៅ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ឬ​ការ​បោះឆ្នោត​នៅ​ក្នុង​សហរដ្ឋអាមេរិក​នោះ​ទេ‍»។ ​

លោក​បាន​បន្ថែម​ថា «ការ​លើក​ឡើង​ដែល​ថា ខ្ញុំ​បាន​ឃុបឃិត និង​ការ​ចោទប្រកាន់​ដែល​ថា ខ្ញុំ​បាន​ដឹង​អំពី​ការ​ឃុបឃិត​ជាមួយ​នឹង​រដ្ឋាភិបាល​រុស្ស៊ី​ដើម្បី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​នេះ ដែល​ខ្ញុំ​បាន​បម្រើ​អស់​រយៈពេល​៣៥​ឆ្នាំ ឬ​ការ​បន្ទាប​តម្លៃ​សុច្ចរិតភាព​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​របស់​យើង គឺ​ជា​ការ​តក់ស្លុត​និង​ជា​ការ​កុហក​ដ៏​គួរ​ឲ្យ​ស្អប់‍»។ ​ដោយ​លើក​ឡើង​ពី​ការ​ចោទប្រកាន់​ដែល​ថា លោក​បាន​ជួប​ជាមួយ​នឹង​មន្ត្រី​រុស្ស៊ី​ដោយ​មិន​បាន​រាយការណ៍ ខណៈ​លោក​បាន​ផ្តល់​ទីប្រឹក្សា​ដល់​យុទ្ធនាការ​របស់​លោក Trump លោក Sessions បាន​និយាយ​ថា លោក​បាន​ទទួល​ស្គាល់​ជំនួប​ចំនួន​២​កាល​ពី​ឆ្នាំ​មុន ជាមួយ​នឹង​លោក​ឯកអគ្គរដ្ឋទូត​រុស្ស៊ី Sergey Kislyak។

ប៉ុន្តែ​លោក​ Sessions បាន​ច្រានចោល​ការ​ចោទប្រកាន់​ដែល​ថា លោក​បាន​ជួប​ជាមួយ​នឹង​លោក Kislyak ជា​លើក​ទី​៣ នៅ​ក្នុង​ពិធី​បដិណ្ឋារកិច្ច​មួយ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៦ សម្រាប់​លោក Trump នៅ​សណ្ឋាគារ Mayflower ក្នុង​រដ្ឋធានី Washington៕

XS
SM
MD
LG