ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិកម្ម​ក្រោយ​លោក​ប្រធានាធិបតី ត្រាំ បញ្ឈប់​ការងារ​ប្រធាន FBI


លោក James Comey ប្រធាន FBI ផ្តល់​សក្ខីកម្ម​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​ស៊ើបការ​របស់​ព្រឹទ្ធសភា​នៅ​ក្នុង​សវនាការ​ស្តី​ពី​សកម្មភាព​ស៊ើបការ​សម្ងាត់​របស់​រុស្ស៊ី នៅ​ឯ​វិមាន Capitol Hill ក្នុង​រដ្ឋធានី Washington កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៧។ (រូបថត៖ AP/Cliff Owen)
លោក James Comey ប្រធាន FBI ផ្តល់​សក្ខីកម្ម​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​ស៊ើបការ​របស់​ព្រឹទ្ធសភា​នៅ​ក្នុង​សវនាការ​ស្តី​ពី​សកម្មភាព​ស៊ើបការ​សម្ងាត់​របស់​រុស្ស៊ី នៅ​ឯ​វិមាន Capitol Hill ក្នុង​រដ្ឋធានី Washington កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៧។ (រូបថត៖ AP/Cliff Owen)

សមាជិក​​គណបក្ស​សាធារណរដ្ឋ​និង​ប្រជាធិបតេយ្យ​មាន​​ការ​យល់​ឃើញ​ផ្សេង​ៗ​គ្នា​ចំពោះ​ការ​បញ្ឈប់​ការងារ​ប្រធាន​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ​អាមេរិក លោក James Comey។

នៅ​ក្នុង​លិខិត​មួយ​ទៅ​កាន់​លោក Comey កាល​ពី​ថ្ងៃ​អង្គារ លោក​ប្រធានាធិបតី Donald Trump ប្រាប់​ដល់​លោក​ថា «អ្នក​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ចាប់​ពី​ពេល​នេះ​ទៅ‍»។ លោក​ប្រធានាធិបតី​បាន​បន្ថែម​ថា លោក Comey «មិន​អាច​ដឹកនាំ​ការិយាល័យ​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​បាន​នោះ​ទេ‍»។
ប្រធាន FBI ត្រូវ​បាន​តែងតាំង​តែ​ម្តង​គត់​ដោយ​មាន​អាណត្តិ​រយៈពេល​១០​ឆ្នាំ។ លោក Comey ត្រូវ​បាន​តែងតាំង​កាល​ពី​៤​ឆ្នាំ​មុន។

លោក Comey កំពុង​តែ​ថ្លែង​ទៅ​កាន់​បុគ្គលិកFBI មួយ​ក្រុម​នៅ​ក្នុង​រដ្ឋ California នៅ​ពេល​ដែល​លោក​ដឹង​ថា ខ្លួន​ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការងារ។ សេចក្តីរាយការណ៍​នានា​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ឲ្យ​ដឹង​ថា លោក​បាន​ឃើញ​គេ​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​អំពី​ការ​បណ្តេញ​លោក​ចេញ​ពី​ការងារ ប៉ុន្តែ​លោក​គិត​ថា គ្រាន់​តែ​ជា​ការ​សម្តែង​លេង​សើច​តែ​ប៉ុណ្ណោះ។ មក​ទល់​នឹង​ពេល​នេះ លោក​នៅ​មិន​ទាន់​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ​អ្វី​នៅ​ឡើយ​ទេ។

មូលហេតុ​ដែល​លោក Comey ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​ការងារ ត្រូវ​បាន​សរសេរ​នៅ​ក្នុង​លិខិត​២​ច្បាប់​ដាច់​ដោយ​ឡែក​ពី​គ្នា ដោយ​លោក Jeff Sessions រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​លោក Rod Rosenstein ដែល​ជា​អនុរដ្ឋមន្ត្រី​របស់​លោក។ ពួកគេ​បាន​ចោទប្រកាន់​លោក Comey ថា​បាន​រំលងច្បាប់។

លោកRosenstein បាន​សរសេរ​ថា លោក Comey «បាន​ធ្វើ​កំហុស​ដ៏​ធ្ងន់ធ្ងរ‍» ចំពោះ​ការ​សន្និដ្ឋាន​អំពី​ការ​ស៊ើបអង្កេត​ទៅ​លើ​អ៊ីមែល​របស់​លោក​ស្រី Hillary Clinton ដែល​ជា​គូប្រជែង​របស់​លោក Trump នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ។ លោក​បាន​ចោទប្រកាន់​ប្រធានFBI ថា ដណ្តើម​អំណាច​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ នៅ​ពេល​ដែល លោក Comey បាន​សន្និដ្ឋាន​ថា គួរ​តែ​គ្មាន​ការ​ប្តឹងផ្តល់​លោកស្រី​អតីត​រដ្ឋមន្ត្រី​ការបរទេស​នោះ​ទេ។

នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ ថា​ហេតុអ្វី​បាន​ជា​លោក Trump ចាត់​វិធានការ​នៅ​ពេល​នេះ ខណៈ​ដែល​រឿង​រ៉ាវ​នេះ​បាន​កើតឡើង​អស់​រយៈពេល​រាប់​ខែ​មក​ហើយ តាំង​ពី​មុន​លោក​ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​ម្ល៉េះ។

សមាជិក​ខាង​គណបក្ស​សាធារណរដ្ឋ​ម្នាក់​នៃ​គណៈកម្មាធិការ​អង្គចៅក្រម​នៃ​ព្រឹទ្ធសភា គឺ​លោក Lindsey Graham បាន​និយាយ​ថា ដោយសារ​តែ​ភាពចម្រូងចម្រាស​ថ្មីៗ​នេះ​ពាក់ព័ន្ធ​នឹង​លោក​Comey ខ្ញុំ​ជឿ​ថា ការ​ចាប់​ផ្តើម​ដ៏​ថ្មី​ស្រឡាង​មួយ​នឹង​ជួយ​ដល់ FBI និង​ប្រទេសជាតិ​បាន​យ៉ាង​ល្អ‍»។

ប៉ុន្តែ​ចំពោះ​សមាជិក​សភា​ដ​ទៃ​ទៀត​ខាង​គណបក្ស​សាធារណរដ្ឋ វិធានការ​របស់​លោក​ប្រធានាធិបតី​បណ្តាល​ឲ្យ​មាន​អ្នក​មិន​ពេញ​ចិត្ត។

លោក Richard Burr ប្រធាន​គណៈកម្មាធិការ​ពិសេស​របស់​ព្រឹទ្ធសភា​សម្រាប់​ការ​ស៊ើបអង្កេត​បាន​និយាយ​ថា លោក​មាន​ការ​មិន​ពេញចិត្ត​ចំពោះ​ពេលវេលា​និង​មូលហេតុ​ដែល​បញ្ឈប់​ការងារ​របស់​លោក Comey។ លោក​បាន​ហៅ​ការ​បញ្ឈប់​ការងារ​លោក Comey នេះ ​ថា «ជា​ការ​បាត់បង់​មួយ​សម្រាប់​ការិយាល័យ​និង​ប្រទេស​ជាតិ‍»។

លោក John McCain សមាជិក​ខាង​គណបក្ស​សាធារណរដ្ឋ ដែល​ជា​សមាជិក​នៃ​គណៈកម្មាធិការ​សន្តិសុខ​មាតុភូមិ​និង​កិច្ចការ​រដ្ឋាភិបាល បាន​ថ្លែង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «ខណៈ​ដែល​លោក​ប្រធានាធិបតី​មាន​យុត្តាធិការ​ផ្លូវ​ច្បាប់​ក្នុង​ការ​ដក​តំណែង​លោក​ប្រធាន FBI ខ្ញុំ​មាន​ការ​មិន​ពេញចិត្ត​នោះ​ទេ​ចំពោះ​សេចក្តីសម្រេចចិត្ត​របស់​លោក​ប្រធានាធិបតី ក្នុង​ការ​ដក​លោក James Comey ចេញ​ពី​តំណែង‍»។

សមាជិក​ព្រឹទ្ធសភា​ម្នាក់​ទៀត​ខាង​គណបក្ស​សាធារណរដ្ឋ គឺ​លោក Jeff Flake បាន​និយាយ​លើ​បណ្តាញ​សង្គម Twitter ថា លោក«បាន​ចំណាយ​ពេលវេលា​ប៉ុន្មាន​ម៉ោង​ដើម្បី​ព្យាយាម​គិតពី​ហេតុផល​សមស្រប​ដែល​លោក Comey ត្រូវ​បាន​គេ​បញ្ឈប់​ភ្លាមៗ។ ប៉ុន្តែ​ខ្ញុំ​គិត​មិន​ឃើញ​នោះ​ទេ‍»។

លោក​សមាជិក​សភា Justin Amash ខាង​គណបក្ស​សាធារណរដ្ឋ​នៃ​គណៈកម្មាធិការ House Freedom Caucus បាន​និយាយ​លើ​បណ្តាញ​សង្គម Twitter ថា លោក​«កំពុង​តែ​ពិនិត្យ​ឡើងវិញ​ទៅ​លើ​ផ្លូវច្បាប់​ក្នុង​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ដើម្បី​ពិនិត្យ​មើល​ករណី​រុស្ស៊ី និង​បាន​ប្រើពាក្យ​ថា «ចម្លែក» ទៅ​លើ​ឯកសារ​យោង​របស់​លោក Trump នៅ​ក្នុង​លិខិត​បញ្ឈប់​ការងារ​ដែល​ផ្ញើ​ទៅ​កាន់​លោក Comey ដែល​គូសបញ្ជាក់​ថា ប្រធាន FBI បាន​ធានា​ដល់​លោក​ប្រធានាធិបតី​ម្តង​ហើយ​ម្តង​ទៀត​ថា លោក​ប្រធានាធិបតី​មិន​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​នោះ​ទេ។

សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៃ​គណៈកម្មាធិការ​អង្គចៅក្រម​នៃ​ព្រឹទ្ធសភា បាន​ហៅ​វិធានការ​របស់​លោក Trump ថា "Nixonian" ដោយ​សំដៅ​ទៅ​លើ​ការ​ដក​តំណែង​មន្ត្រី​របស់​លោក​ប្រធានាធិបតី Richard Nixon ដែល​ស៊ើបអង្កេត​រូបលោក​ក្នុង​អំឡុងពេល​ដែល​មាន​រឿង​អាស្រូវ Watergate កាល​ពី​ដើម​ទសវត្សរ៍​១៩៧០។

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​តែ​អំពាវនាវ​ឲ្យ​តែងតាំង​រដ្ឋអាជ្ញា​ពិសេស​ម្នាក់​ដើម្បី​បន្ត​ការ​ស៊ើបអង្កេត​របស់​ក្រសួង​យុត្តិធម៌ ទៅ​លើ​ការ​ប្រកាន់​នៃ​ចំណង​ទាក់ទង​រវាង​យុទ្ធនាការ​របស់​លោក​ប្រធានាធិបតី Trump កាល​ពី​ឆ្នាំ​មុន ជាមួយ​នឹង​រុស្ស៊ី។

លោក Dick Durbin ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​ជា​សមាជិក​របស់​គណៈកម្មាធិការ​អង្គចៅក្រម បាន​ថែ្លងនៅ​ក្នុង​ព្រឹទ្ធសភា​ថា ការ​ប៉ុនប៉ង​ណាមួយ​ក្នុង​ការ​បញ្ឈប់​ឬ​បន្ទាប​តម្លៃ​នៃ​ការ​ស៊ើបអង្កេត​របស់ FBI ទៅ​លើ​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​យុទ្ធនាការ​ប្រធានាធិបតី «នឹង​បង្ក​ឲ្យ​មាន​បញ្ហា​ធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ‍»។
លោក Chuck Schumer មេដឹកនាំ​ក្រុម​ភាគតិច​នៅ​ក្នុង​សភា បាន​ថ្លែង​ទៅ​កាន់​លោក Trump ថា «អ្នក​កំពុង​តែ​បង្កើត​កំហុស​ដ៏​ធំ​មួយ‍» ដោយ​ការ​បញ្ឈប់​ការងារ​លោក Comey ខណៈ​ដែល​មាន​ការ​ស៊ើបអង្កេត​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ជ្រើសរើស​ប្រធានាធិបតី​ឆ្នាំ​២០១៦។

លោក Schumer បាន​បន្ថែម​ថា «ហេតុអ្វី​បាន​ជា​ធ្វើ​ឥឡូវ​នេះ‍?‍ តើ​អ្នក​ដែល​នឹង​ត្រូវ​គេ​សង្ស័យ​ព្យាយាម​លាក់​បាំង​ខ្លួន​ឯង​ឬ?‍ ពិតណាស់‍»។

‍«កំណត់ហេតុ​របស់​លោក Rosenstein គឺ​ផ្អែក​ទៅ​លើ​គោលការណ៍​រយៈពេល​វែង ដែល​គ្រប់គ្រង​ទៅ​លើ​ការស៊ើបអង្កេត​ឧក្រិដ្ឋកម្ម ប៉ុន្តែ​ពេល​វេលា គឺ​ជា​បញ្ហា​និង​ជា​ការ​ព្រួយបារម្ភ​‍»។ នេះ​បើ​យោង​តាម​សម្តី​របស់​លោក​សាស្ត្រាចារ្យ Jonathan Turley នៃ​សាកលវិទ្យាល័យ George Washington ដែល​បាន​ថ្លែង​ប្រាប់ VOA។

ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ការ​បញ្ឈប់​ការងារ​របស់​លោក Comey សារព័ត៌មាន CNN បាន​រាយការណ៍​ថា ដីកា​កោះ​ហៅ​របស់​ក្រុមប្រឹក្សា​តុលាការ​ទើប​តែ​ចេញ​ក្នុង​ក្រុង Alexandria រដ្ឋ​ Virginia ពាក់ព័ន្ធ​នឹង​ការ​ស៊ើបអង្កេត​ទៅ​លើ​រុស្ស៊ី​របស់​ FBI ដែល​ព្យាយាម​ស្វែង​រក​ឯកសារ​ជំនួញ​ពី​ជំនួញការ​របស់​លោក Michael Flynn ដែល​លោក Trump បាន​ដក​តំណែង​ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ។

ដីកាកោះ​ហៅ​នោះ​នឹង​ក្លាយ​ជា​សកម្មភាព​សំខាន់​ទី​មួយ​ដែល​គេ​បាន​ដឹងឮ​នៅ​ក្នុង​ការ​ស៊ើបអង្កេត​របស់​រដ្ឋាភិបាល​ទៅ​លើ​ទំនាក់ទំនង​រវាង​សហការី​នៅ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតី​របស់​លោក Trump និង​រុស្ស៊ី។

កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ FBI​បាន​ប្រាប់​ទៅ​សភា​ថា ​លោក Comey បាន​ពន្លើស​ការ​រកឃើញ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការ​ស៊ើបអង្កេត​អ៊ីមែល​របស់​លោកស្រី Hillary Clinton ខាង​គណបក្ស​ប្រជាធិបតេយ្យ ក្នុង​អំឡុងពេល​ដែល​លោក​ផ្តល់​សក្ខីកម្ម​ក្នុង​សភា​កាល​ពី​សប្តាហ៍​មុន។

FBI បាន​ឲ្យ​ដឹង​ថា លោក Comey បាននិយាយ​បំផ្លើស​នៅ​ពេល​ដែល​លោក​បាន​ថ្លែង​ទៅ​កាន់​គណៈកម្មាធិការ​ស៊ើបការ​របស់​សភា​ថា ទីប្រឹក្សា​របស់​លោកស្រី Clinton ម្នាក់ គឺ​លោកស្រី Huma Abedin បាន​ផ្ញើ​អ៊ីមែល​«រាប់ពាន់‍»របស់​លោកស្រី Clintonពី​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១៣ នៅ​ពេល​ដែល​លោកស្រី​នៅ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក ទៅ​ឲ្យ​លោក Abedin ដែល​ជា​ស្វាមី​របស់​ខ្លួន ដែល​បាន​បែកបាក់​គ្នា​ទៅ​ហើយ​នោះ។ ការ​ផ្ញើ​អ៊ីមែល​នេះ​បាន​ធ្វើ​ឲ្យ​លោក​សមាជិក​សភា Anthony Weiner មាន​ការ​អាប់ឱន​កិត្តិយស។ ក្រុមមន្ត្រី​និយាយ​ថា តួលេខ​ពិតប្រាកដ​នៃ​អ៊ីមែលដែល​បាន​ផ្ញើ​ចេញ​នោះ មាន​តិច​ជាង​នេះ​ឆ្ងាយ​ណាស់៕

ប្រែសម្រួល​ដោយ ហុង ចិន្តា

XS
SM
MD
LG