ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាងត្បូង​នឹង​សង​ជន​រងគ្រោះ​ដោយសារ​ពលកម្ម​ដោយ​បង្ខំ​របស់​ជប៉ុន​ក្នុង​សម័យ​សង្គ្រាម


រូបឯកសារ៖ ប៉ូលិស​ម្នាក់​ឈរ​នៅ​ក្បែរ​ទង់ជាតិ​ជប៉ុន​និង​កូរ៉េខាងត្បូងនៅ​សណ្ឋាគារ​មួយ​ក្បែរ​ស្ថានទូត​កូរ៉េខាងត្បូង​ប្រចាំ​ក្នុង​ប្រទេស​ជប៉ុន​នៅ​ក្នុង​ទីក្រុង​តូក្យូ ថ្ងៃទី ២២ ​ខែមិថុនា ឆ្នាំ២០១៥។
រូបឯកសារ៖ ប៉ូលិស​ម្នាក់​ឈរ​នៅ​ក្បែរ​ទង់ជាតិ​ជប៉ុន​និង​កូរ៉េខាងត្បូងនៅ​សណ្ឋាគារ​មួយ​ក្បែរ​ស្ថានទូត​កូរ៉េខាងត្បូង​ប្រចាំ​ក្នុង​ប្រទេស​ជប៉ុន​នៅ​ក្នុង​ទីក្រុង​តូក្យូ ថ្ងៃទី ២២ ​ខែមិថុនា ឆ្នាំ២០១៥។

នៅ​ថ្ងៃ​ចន្ទ​នេះ ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​អំពី​ផែនការ​ផ្តល់​សំណង​ដល់​ជន​រងគ្រោះ​ដោយសារ​ពលកម្ម​ដោយ​បង្ខំ​របស់​ជប៉ុន​ក្នុង​សម័យ​សង្គ្រាម ក្នុង​គោល​បំណង​ដើម្បី​បញ្ចប់ «វដ្ដ​ដ៏​អាក្រក់» នៅ​ក្នុង​ទំនាក់ទំនង​របស់​ប្រទេស​មហា​អំណាច​អាស៊ី​ទាំង​ពីរ​និង​ជំរុញ​ទំនាក់ទំនង​ទៅ​មុខ​ដើម្បី​ប្រឆាំង​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង​ដែល​ជា​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ប្រទេស​ជប៉ុន​និង​សហរដ្ឋ​អាមេរិក​បាន​ស្វាគមន៍​ភ្លាមៗ​នូវ​ការ​ប្រកាស​នេះ ប៉ុន្តែ​ក្រុម​ជន​រងគ្រោះ​បាន​និយាយ​ថា​សំណង​នេះ​គឺ​មិន​គ្រប់គ្រាន់​តាម​ការ​ទាមទារ​របស់​ពួកគេ​ដែល​ចង់​បាន​ការ​សុំទោស​ទាំងស្រុង​ពី​រដ្ឋាភិបាល​ជប៉ុន​និង​សំណង​ដោយ​ផ្ទាល់​ពី​ក្រុមហ៊ុន​ជប៉ុន​ដែល​ពាក់ព័ន្ធ។

កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន​បាន​បង្កើន​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​នៅ​ក្នុង​ការ​ប្រឈម​នឹង​ការ​គំរាមកំហែង​កើនឡើង​ពី​កូរ៉េ​ខាង​ជើង ដែល​កំពុង​ពង្រីក​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ប្រឆាំង​នឹង​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ។

ប៉ុន្តែ ទំនាក់ទំនង​រវាង​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន​មាន​ភាព​តានតឹង​ជា​យូរ​មក​ហើយ​ទាក់ទិន​នឹង​ការ​ត្រួតត្រា​ដ៏​ឃោរឃៅ​របស់​ជប៉ុន​នៅ​សម័យ​អាណានិគម​ពី​ឆ្នាំ ១៩១០ ដល់​ឆ្នាំ ១៩៤៥ លើ​ឧបទ្វីប​កូរ៉េ ដោយ​ប្រទេស​ទាំង​ពីរ​មិន​អាច​ឈាន​ដល់​ការ​ព្រមព្រៀង​ចុងក្រោយ​លើ​ទំហំ​នៃ​សំណង​និង​ការ​សុំទោស។

ជនជាតិ​កូរ៉េ​ខាង​ត្បូង​ប្រហែល ៧៨០.០០០ នាក់​ត្រូវ​បាន​ជប៉ុន​កេណ្ឌ​ឱ្យ​ធ្វើ​ពលកម្ម​ដោយ​បង្ខំ​ក្នុង​អំឡុង​ពេល​នៃ​ការ​ត្រួតត្រា​រយៈពេល ៣៥ ឆ្នាំ​របស់​ជប៉ុន​លើ​ឧបទ្វីប​កូរ៉េ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង។

តួលេខ​នេះ​មិន​បាន​រួម​បញ្ចូល​នូវ​ស្ត្រី​កូរ៉េ​ដែល​ត្រូវ​បាន​ទាហាន​ជប៉ុន​បង្ខំ​ឱ្យ​ធ្វើ​ទាសករ​ផ្លូវ​ភេទ​នោះ​ទេ។

ផែនការ​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​គឺ​យក​ថវិកា​ពី​ក្រុមហ៊ុន​ធំៗ​របស់​កូរ៉េ​ខាង​ត្បូង​ដែល​ទទួល​បាន​ប្រយោជន៍​ពី​កិច្ច​ព្រមព្រៀង​សំណង​ឆ្នាំ ១៩៦៥ ជាមួយ​នឹង​ជប៉ុន និង​ប្រើ​ថវិកា​ទាំង​នោះ​ដើម្បី​សង​ជន​រងគ្រោះ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ត្បូង​លោក Park Jin៕

XS
SM
MD
LG