ខណៈមានលិខិតអនាមិកមួយបង្ហាញអំពីបញ្ជីឈ្មោះថ្នាក់ដឹកនាំ និងសកម្មជននយោបាយបក្សជំទាស់ថានឹងត្រូវចាប់ខ្លួន អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន បានចាត់ទុកការបញ្ចេញលិខិតនោះ ថាមានចេតនាបំភិតបំភ័យលើអ្នកមាននិន្នាការគាំទ្រគណបក្សប្រឆាំង។
លោក រ៉ុង ឈុន ស្ថិតក្នុងចំណោមបុគ្គល ១៨ រូប ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកដែលត្រូវចាប់ខ្លួននោះ។ បញ្ជីឈ្មោះនោះក៏បានបញ្ជាក់អ្នកដែលត្រូវបានចាប់ខ្លួនរួចហើយ និងអ្នកដែលបានភៀសខ្លួនចេញពីប្រទេស។
មន្ត្រីជាន់ខ្ពស់គណបក្សជំទាស់លោក រ៉ុង ឈុន ស្នើឱ្យអ្នកគាំទ្រគណបក្សភ្លើងទៀនរក្សាភាពស្ងៀមស្ងាត់ ចំពោះការផ្សព្វផ្សាយដំណឹងនៃការចាប់ខ្លួននៅតាមបណ្តាញសង្គមដែលបង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ ក្នុងគោលដៅគំរាមកំហែង។
លោកប្រាប់វីអូអេថា៖ «ជាការពិតការបង្ហោះ ការបង្ហោះបញ្ជីឈ្មោះបែបហ្នឹង វាជាការបំភិតបំភ័យ ការគំរាមកំហែងអ្នកដែលមានឈ្មោះ នៅក្នុងបញ្ជីទាំង ១៨ រូប រួមទាំងខ្ញុំផងដែរ ប៉ុន្តែយើងត្រូវតែមានសេចក្តីក្លាហាន ហើយយើងត្រូវបា្រកដដឹងច្បាស់ខ្លួនយើងថា ខ្លួនយើងមិនបានប្រព្រឹត្តអ្វីឱ្យខុសពីច្បាប់ដូច្នេះ គ្មានអ្វីដែលត្រូវបារម្ភជុំវិញបញ្ហាហ្នឹងទេ»។
លោកថា នឹងមិនចាកចេញពីកម្ពុជាដើម្បីគេចពីការចាប់ខ្លួននោះទេ ហើយនិងបន្តស្ថិតនៅក្នុងប្រទេស ដើម្បីស្តារលម្ហសេរីភាពរបស់ប្រជាពលរដ្ឋ។
ថ្នាក់ដឹកនាំសកម្មជន និងអ្នកគាំទ្រ គណបក្សជំទាស់ ត្រូវបានអ្នកឃ្លាំមើលនយោបាយកម្ពុជាកត់ចំណាំថា បានរងការធ្វើទុក្ខបុកម្នេញតាមប្រព័ន្ធតុលាការ ដោយមានអ្នកខ្លះកំពុងជាប់ក្នុងពន្ធនាគារ ឯខ្លះទៀតបានភៀសខ្លួនចេញពីប្រទេស។ ការធ្វើទុក្ខបុកម្នេញនេះ បានកើតឡើងគិតចាប់តាំងពីមុនការបោះឆ្នោតជាតិថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ មក។
សកម្មជនគណបក្សភ្លើងទៀនមួយចំនួនក៏ត្រូវបានចោទប្រកាន់និងចាប់ខ្លួន ទាក់ទងនឹងការញុះញង់ពលរដ្ឋឱ្យគូសខ្វែងលើសន្លឹកឆ្នោត ក្រោយការព្រមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អនុប្រធានគណបក្សភ្លើងទៀនលោក រ៉ុង ឈុន លើកឡើងទៀតថា ការគំរាមកំហែងលើសកម្មជនគណបក្សជំទាស់គួរតែបញ្ឈប់ ហើយអ្នកជាប់ពន្ធនាគារដោយសារហេតុផលនយោបាយដូចជាលោក កឹម សុខា និងកញ្ញា សេង ធារី គួរតែត្រូវបានដោះលែង ដើម្បីរក្សាការគាំទ្រខាងពាណិជ្ជកម្មពីសហគមន៍ប្រជាធិបតេយ្យធំពីរ គឺសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
លោកបញ្ជាក់ថា៖ «ពេលដែលយើងអនុវត្តបែបហ្នឹង ពេលហ្នឹងយើងនឹងទទួលបានមកវិញនូវ EBA ២០ភាគរយ ក៏ដូចជា GSP នឹងបន្តឡើងវិញទាំងស្រុង។ ហើយបើសិនយើងមិនបានអនុវត្តបែបហ្នឹងទេ វាបញ្ហាប្រឈមនៅកម្ពុជាយើងនឹងបាត់បង់ ទីផ្សារល្អៗសម្រាប់ការនាំចេញនូវសម្លៀកបំពាក់ស្បែកជើងកាបូបក្តី ពីព្រោះយើងដឹងហើយ ប្រទេសដែលទីផ្សារធំៗដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប សុទ្ធតែទីផ្សារសំខាន់សម្រាប់កម្ពុជាយើង»។
លោកបង្ហាញសុទិដ្ឋិនិយមថា មេដឹកនាំឈាមថ្មីចេញពីគណបក្សកាន់អំណាចនឹងផ្តល់អាទិភាពលើការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
ប៉ុន្តែ អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន យល់ថា ការអនុវត្តគោលការណ៍ប្រជាធិបតេយ្យនៅកម្ពុជាកំពុងមានដំណើរការដោយរលូន។ ទាក់ទិនបញ្ជីឈ្មោះអ្នកត្រូវចាប់ខ្លួននោះ លោកថា មានបុគ្គលមានបំណងអាក្រក់ចង់ធ្វើឱ្យខូចមុខមាត់រដ្ឋាភិបាល។
លោកថ្លែងថា៖ «វាមានអ្នកខូចដើម្បីបញ្ចេញលិខិតក្លែងក្លាយដើម្បីបង្អើលឱ្យមើលឃើញថា រាជរដ្ឋាភិបាលប្រើអាជ្ញា ប្រើអំពើផ្តាច់ការ ចង់ចាប់អី ចង់ចាប់នោះអ៊ីចឹង។
តាមពិត បើគេមាន បើគេចង់ចាប់មុខសញ្ញាណា អាហ្នឹងគេចាប់តែម្តង មិនចាំបាច់គេចេញសំបុត្រអី ដើម្បីឱ្យបែកការណ៍ហ្នុងទេ»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា សមត្ថកិច្ចមិនជាប់ពាក់ព័ន្ធនឹងលិខិតដែលបង្ហាញពីឈ្មោះថ្នាក់ដឹកនាំ និងសកម្មជនគណបក្សជំទាស់ដែលនឹងត្រូវចាប់ខ្លួននោះទេ។ លោកថាលិខិតនោះធ្វើឡើងដោយគ្មានវិជ្ជាជីវៈត្រឹមត្រូវស្របទៅតាមនីតិវិធីច្បាប់។
លោកថ្លែងថា៖ «ហើយបើជាលិខិតរបស់សមត្ថកិច្ចក៏មិនមែនរាក់កំភែលអ៊ីចឹងដែរក្មួយ វាមានទទួលខុសត្រូវទៅណាមួយដែរ វាមិនលិខិតអីផង តែក្មួយឯងក៏វាយបាន នរណាក៏វាយបានលិខិតហ្នឹង។ វាមិនមែនមិនមែនទេ។ ហើយបើរបស់សមត្ថកិច្ចមែន ប្រាកដជាមិនបែកអ៊ីចឹងទេ។ គេមិនដែលធ្វើឱ្យបែកការណ៍ទេ ចាប់ខ្លួន ចាប់អីនោះ។ គេមានដីការបស់គេ លើកលែងតែដីកា អាហ្នឹងគេប្រកាសចាប់ខ្លួនតែម្តង សមត្ថកិច្ចអនុវត្តតាមដីកា»។
កាលពីខែកក្កដា មន្ត្រីគណបក្សភ្លើងទៀនយ៉ាងតិច ៤ នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួន ពាក់ព័ន្ធនឹងបទញុះញង់ឱ្យប្រជាពលរដ្ឋបំផ្លាញសន្លឹកឆ្នោតចោល ខណៈអ្នកនយោបាយនៅក្រៅប្រទេសជាង ១០ នាក់ទៀត ត្រូវបានដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត។
មន្ត្រីគណបក្សភ្លើងទៀនចំនួន ៤ នាក់នោះ រួមមាន លោក អេង ស្រូយ សមាជិកគណៈកម្មាធិការនាយក និងជាប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សនៅខេត្តត្បូងឃ្មុំ អ្នកស្រី វង រុន្នី សមាជិកគណៈកម្មាធិការនាយក និងជាប្រធានចលនាស្រ្តីគណបក្សភ្លើងទៀនថ្នាក់ជាតិ លោក លី រី សមាជិកគណៈកម្មាធិការនាយក និងជាសមាជិកក្រុមការងារគណបក្សភ្លើងទៀនរាជធានីភ្នំពេញ និងលោក ប៊ុន ខេត ប្រធានស្ដីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនរាជធានីភ្នំពេញ។
អ្នកទាំងបួនគឺស្ថិតក្នុងបញ្ជីឈ្មោះអ្នកដែលត្រូវចាប់ខ្លួន ១៨ នាក់នោះ។ ក្នុងបញ្ជីឈ្មោះដដែល ក៏មានលោក ជា មុនី អតីតប្រធានសហព័ន្ធសហជីពសេរីកម្មករ (FTUWKC) ដែលជាប្អូន ប្រុសលោក ជា វិជ្ជា អតីតមេដឹកនាំសហជីពដ៏ល្បីល្បាញផងដែរ៕