ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​គ្រួសារ​សកម្មជន​​ស្នើ​​ដោះ​លែង​​​សាច់​ញាតិ ដោយ​សារ​ប្រឈម​បញ្ហា​សុខ​ភាព​ធ្ងន់ធ្ងរ


រូបឯកសារ៖ រថយន្តដឹកអ្នកទោសជាច្រើននាក់រួមមានសមាជិកគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ បានមកដល់តុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ រថយន្តដឹកអ្នកទោសជាច្រើននាក់រួមមានសមាជិកគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ បានមកដល់តុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។

ក្រុម​គ្រួសារ​របស់​សកម្មជន​នយោ​បាយ​អះអាង​ថា ​សុខ​ភាព​របស់​សាច់ញាតិ​ពួកគេ ដែល​កំពុងជាប់​ឃុំនៅ​មណ្ឌល​ឃុំ​ឃាំងត្រពាំង​ផ្លុង ខេត្ត​ត្បូង​ឃ្មុំ កាន់​តែ​ទ្រុឌ​ទ្រោម​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយ​ហេតុ​ថា ​នៅក្នុង​មណ្ឌល​ឃុំ​ឃាំងនោះ ​គ្រូ​ពេទ្យ​មិន​បានព្យាបាល​ដិត​ដល់។

​ពួក​គេសម្តែង​ការ​ព្រួយ​បារម្ភ ​និង​ស្នើ​ទៅ​អាជ្ញាធរឱ្យ​ដោះ​លែង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ឱ្យ​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ ​ដើម្បីអាច​ព្យាបាល​ជំងឺ​បាន​ល្អ​ប្រសើរ។​

អតីត​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ ដែលកំពុង​ជាប់ឃុំនៅ​មណ្ឌល​ឃុំឃាំងត្រពាំង​ផ្លុង ​រួម​មាន​លោក ស៊ុន ធន់ ​លោក ​យឹម សារ៉េត ​លោក ជុំ​ ចាន់ ​លោក​ កែវ ថៃ​ លោក​ ឡុង ផារី​ លោក​ ពៀត​ ម៉ាប់​ លោក​ សុខ ចាន់ថា ​លោក​ ឃឹម ភាណា​ លោក ​ឃុត ច្រឹក ​លោក ​ញ៉ែម វ៉ាន​ លោក ​ថៃ គន្ធា​ និង ​លោក ងិន ឃាន។ ​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ពន្ធនាគារ​ព្រៃស ទៅ​កាន់​មណ្ឌល​ឃុំ​ឃាំង​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ ​កាល​ពី​ថ្ងៃ​ទី២១​ ​ខែ​សីហា ឆ្នាំ​២០​២២។ នេះ​បើ​តាម​ក្រុម​គ្រួសារ។

​អ្នកស្រី សំ ចិន្តា អាយុ​ ៦០ឆ្នាំ ​ភរិយា​របស់​ លោក កែវ​ ថៃ ​ប្រាប់​វីអូអេ​ថា អ្នក​ស្រី​បាន​ទៅ​មើល​ស្វាមី​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ​ដោយ​បានឃើញ​អាការៈ​ស្វាមី​កាន់​តែ​ទ្រុឌ​ទ្រោម ​ដោយ​សារបញ្ហា​ផ្លូវ​ដង្ហើម ជើង​ស្ពឺក ចុះ​ទម្ងន់ និង​មាន​បញ្ហា​ក្បាល​ ​ដែល​ប៉ះ​ពាល់​ដល់​ការ​ស្តាប់​អ្វីមិន​បាន​ជា​ដើម។

អ្នកស្រី​អះអាង​ថា ក្នុងមណ្ឌល​ឃុំឃាំង​ត្រញាំង​ផ្លុង​ ​មាន​ក្រុម​គ្រូពេទ្យ ដើម្បី​ឱ្យ​ថ្នាំ​ព្យាបាលបន្តិច​បន្តួច​ ប៉ុន្តែ​ការ​មើល​ថែ​ស្វាមីរបស់​អ្នកស្រី មិន​ទាន់​បាន​ដិត​ដល់​នោះ​ទេ។ អ្នក​ស្រី​ព្រួយ​បារម្ភ​សុខ​ភាពស្វាមី​ខ្លាំង និងចង់​ឱ្យ​អាជ្ញាធរ​ដោះ​លែង​ស្វាមី​ខ្លួន​ ​ឱ្យ​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ ដើម្បី​មកព្យាបាល​ជំងឺ​ នៅ​ខាង​ក្រៅ។

​អ្នកស្រី​បញ្ជាក់​ថា៖ «ពេទ្យ​ក្នុង​ហ្នឹង​[ពន្ធនាគារ​ត្រពាំង​ផ្លុង​] គាត់​មាន​ ប៉ុន្តែ​គ្រាន់​ថា​សម្ភារៈ​ប្រើ​ប្រាស់ វា​មិន​ដូច​យើង​ នៅ​ខាង​ក្រៅ​ ហើយ​ការ​ព្យាបាល​អីហ្នឹង​ យប់​ព្រលប់​ឈឺ​ស្កាត់​អី។ ហើយ​សព្វថ្ងៃ គាត់​ធ្ងន់​អ៊ីចឹង ហើយ​យប់​ព្រលប់ ជួន​កាល​គាត់​[មាន​ជំងឺ​]ផ្លូវ​ដង្ហើម គាត់​ថា​មួយ​យប់ៗ ដាក់​ស្អី​ស្តោះ​ហ្នឹង [​ហើយ​]បំពង​ក​គាត់ អត់​ស្រួល​អ៊ីចឹង។ ខ្ញុំ​ពិបាក​និយាយ​ណាស់ សុខ​ភាព​គាត់​ ដល់​ទ្រុឌ​ទ្រោម​អ៊ីចឹង​ វា​ពិបាក​និយាយ​ណាស់ ធ្លាប់​ពី​ដើម ដូច​រឹងមាំ ដល់​មក​អ៊ីចឹង ​ខ្ញុំ​មិន​អាចនិយាយ​បាន​ទៅ​ទៀត»។​


អ្នកស្រី​បន្ថែម​ថា ​ក្រុម​គ្រួសារ​របស់​អតីត​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ផ្សេង​ទៀត ​ក៏​បាន​ត្អូញ​ត្អែរ ដូច​គ្នា​ ទាក់​ទងនឹង​សុខ​ភាព​ទ្រុឌ​ទ្រោម​របស់​សាច់​ញាតិពួក​គេ ដែល​កំពុង​ជាប់ពន្ធនាគារ​ត្រពាំង​ផ្លុង​នេះ​ផង​ដែរ។

អ្នកស្រី​បន្ថែម​ថា៖​«ចាស! ត្អូញ​ត្អែរ​គ្រប់​តែ​គ្នា​ហ្នឹង ​បញ្ហា​សុខភាព​គ្រប់​តែ​គ្នា​ហ្នឹង ទ្រុឌ​ទ្រោម​លោក​អើយ សុទ្ធ​តែ​ចាស់​ៗ​អស់​ហើយ។ ខ្លះ​អាយុ​ ៧០ ​អី​អស់​ហើយ​ហ្នឹង​ទ្រុឌ​ទ្រោម។ អ៊ីចឹង​ដល់​ឃើញ​ទ្រុឌ​ទ្រោម​អ៊ីចឹង​ពិបាក។ បើ​ប្តី​ខ្ញុំ រឹត​តែ​ទ្រុឌ​ទ្រោម ចូល​ដល់​ឆ្នាំ​២០២៣​ នេះ​មក​ គាត់​ទ្រុឌ​ទ្រោម​មែន​ទែន។ ខ្ញុំ​មិន​ដែល​ឃើញ​ប្តី​ខ្ញុំ​ទឹក​ភ្នែក ទើប​លើក​ហ្នឹង​ឃើញ​ទឹក​ភ្នែក​ ដោយ​សារ​សុខភាព»។

​បើ​តាម​ភរិយា ​លោក កែវ ថៃ ​អាយុ​ ៦២​ឆ្នាំ ជា​អតីត​ប្រធាន​ប្រតិបត្តិ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ខេត្តកំពង់ឆ្នាំង ហើយ​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ កាល​ពីថ្ងៃ​ទី២៦ ​ខែ​មីនា ឆ្នាំ២០​២០។

អ្នក​ស្រី អ៊ុក ចន្ធី ​ភរិយា​របស់​ លោក ​យឹម សារ៉េត អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​នៅ​មណ្ឌលឃុំឃាំងត្រពាំង​ផ្លុង បានរៀប​រាប់​ស្រដៀង​គ្នា​ទៅ​នឹង អ្នកស្រី សំ ចិន្តា​ផង​ដែរ។ អ្នក​ស្រីអះ​អាង​ថា ​សុខ​ភាពស្វាមី​របស់​អ្នក​ស្រី គឺ​កាន់​តែ​ទ្រុឌ​ទ្រោម​ បន្ទាប់​ពី​ផ្ទេរ​ពី​ពន្ធនាគារ​ព្រៃស ទៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​នេះ។ ស្វាមី​អ្នក​ស្រី មាន​ជំងឺលើស​ឈាម លើស​អាស៊ីត បញ្ហា​ភ្នែក​ខាង​ស្តាំ​ចាប់​ផ្តើម​ងងឹតមើល​អ្វី​លែង​ឃើញ​ពេល​ជាប់​ក្នុង​ពន្ធនាគារ។ អ្នកស្រី​ថា​ ការមិន​សូវ​យកចិត្ត​ទុក​ដាក់​ពី​គ្រូពេទ្យ​នៅ​ពន្ធនាគារ​ បូករួមអាហារ​ហូប​ចុក មិន​គ្រប់​គ្រាន់​ជាដើម ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ស្វាមី​របស់​អ្នកស្រី ​មាន​អាការៈ​កាន់​តែ​ធ្ងន់ធ្ងរបែប​នេះ។

អ្នកស្រី​បន្ថែម​ថា​ ក្រៅ​ពី​បញ្ហា​សុខភាព​នេះ ​នៅ​ក្នុង​ពន្ធនាគារ​អាច​មាន​ការ​គាប​សង្កត់​ផ្លូវ​ចិត្ត​ផង​ដែរ។

អ្នកស្រី​ថា៖ «គ្រួសារ​ទៅ​ជួប​ម្តង​ៗ អ៊ីចឹង​ មាន​អ្នក​ចាំ​ស្តាប់ ​ចាំ​កត់​អ៊ីចឹង​ គាត់​មិន​អាច​និយាយ​បាន។ ដល់​ពេល​ថ្ងៃ​មីង​ទៅ​អ៊ីចឹង​ មីង​សួរ​ខ្លាំង​ពេក គាត់បែរ​ជា​សម្រក់​ទឹក​ភ្នែក​ អ៊ីចឹង​បាន​ន័យ​ថា​គាត់​ឈឺ​ចាប់​ខ្លាំង​មែន​ទែន។ គាត់​ប្រហែល​ជា​មិន​អាច​ទទួល​យក​បាន​ហើយ​មើល​ទៅ​ បាន​គាត់​សម្រក់​ទឹក​ភ្នែក​មិន​និយាយ»។

​បើ​តាម ​អ្នក​ស្រី អ៊ុក ចន្ធី ស្វាមី​របស់​អ្នកស្រី​គឺ​ លោក យឹម សារ៉េត ​អាយុ​៥៥​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​ កាល​ពី​ថ្ងៃ​២៧ ខែមីនា ឆ្នាំ២០២០។


​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​នៅ​មណ្ឌល​ឃុំឃាំង​ត្រពាំង​ផ្លុង​ទាំង​អស់នេះ ក៏​ធ្លាប់​ប្តឹង​ទាស់​ដើម្បី​សុំ​នៅ​ក្រៅ​ឃុំ​ផង​ដែរ​ ​ប៉ុន្តែ​តុលាការ​កំពូល​ កាល​ពី​ថ្ងៃទី​៣០ ​ខែ​មីនា ឆ្នាំ​២០២៣ បាន​សម្រេច​តម្កល់​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ ដោយ​បញ្ជា​ឱ្យ​នាំ​ខ្លួន​ទៅ​ឃុំនៅ​មណ្ឌល​ឃុំឃាំង​ត្រពាំង​ផ្លុង ​ខេត្ត​ត្បូង​ឃ្មុំ​បន្ត​ទៀត រហូត​ដល់​គ្រប់​រយៈ​ពេល​កំណត់។

​សកម្មជន​ទាំង​នោះ​ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ​«រួម​គំនិត​ក្បត់ និង​ញុះ​ញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ការ​ចូល​រួម​ក្នុង​ចលនា​សង្គ្រោះ​ជាតិ និង​ពាក់​ព័ន្ធ​នឹង​ការ​គាំទ្រ​ផែន​ការ​មាតុ​ភូមិ​និវត្តន៍​មិន​បាន​សម្រេច​របស់​ លោក សម រង្ស៊ី។ ពួកគេ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ដាក់​ពន្ធនាគារ​ ៥ឆ្នាំ តែ​ត្រូវ​ជាប់​ទោស​តែ ​៣ឆ្នាំ​និង​៨​ខែ។ ទោស​សល់​ពី​នោះ ​ត្រូវ​ព្យួរ។​

អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ លោក​ នុត សវនា ជំរុញ​ឱ្យ​សាច់​ញាតិ​អ្នក​ជាប់​ពន្ធ​នាគារ​ទាំង​អស់​នោះ ​ដាក់​លិខិត​ទៅ​ក្រសួងមហាផ្ទៃ​ និង​សាលា​ដំបូង​ខេត្ត​នីមួយៗ​នៃ​ពន្ធនាគារ ​ប្រសិន​បើ​រក​ឃើញ​ថាអ្នក​ជាប់​ឃុំ​ពិត​ជា​មាន​បញ្ហា​សុខ​ភាព​ធ្ងន់​ធ្ងរ និង​ចង់​ទៅ​ព្យាបាល​នៅ​ក្រៅ​ឃុំ។ លោ​ក​ថា ប្រធាន​មណ្ឌល​ឃុំ​ឃាំង​តែង​តែ​បញ្ជាក់​ថា​អ្នក​ទោស​មិនមាន​បញ្ហា​សុខ​ភាពអ្វី ដូច​ក្រុម​គ្រួសារលើក​ឡើង​នោះ​ទេ។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖ «គេ​[ពេទ្យ​នៅ​ពន្ធនាគារ​]ថា​បើ​វា​ធ្ងន់ធ្ងរ​មែន​គេ​មិន​ទុក​ទេ​ គឺ​គេ​នាំ​សុំ​គេ​សុំ​គោល​ការណ៍​ពី​ព្រះរាជ​អាជ្ញា ដើម្បី​យក​ទៅ​ព្យាបាល​នៅ​ខាង​ក្រៅ​ហើយ។ អ៊ីចឹង​បើ​សិន​ជា​អាច​ អាច​ដាក់​លិខិត​ទៅ​សាលា​ដំបូង​ខេត្ត​ត្បូង​ឃ្មុំ​ ទៅ​ឯក​ឧត្តម​ព្រះរាជ​អាជ្ញា​ទៅ ដើម្បី​ប្រាប់​ថា​គាត់​មាន​បញ្ហា​សុខភាព និង​យើង​ចង់​ធ្វើ​អីៗ​ យើង​ដាក់​លិខិត​អ៊ីចឹង​ទៅណាស់។ មួយ​ទៀត​ដាក់​លិខិត​មក​ក្រសួង​មហា​ផ្ទៃ​មក​គោរព​ជូន​សម្តេច​ក្រឡា​ហោម»។

លោក អំ សំអាត នាយក​ឃ្លាំមើល​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ លើក​ឡើងថា ​មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​ស្មើ​គ្នា​ ជា​ពិសេស​រឿង​ទទួល​បាន​សេវា​សុខភាព​ បើ​ទោះ​បី​ជា​ជន​ជាប់​ឃុំ​ក៏​ដោយ។ លោក​បន្ត​ថា មន្ត្រី​ពន្ធនាគារ​គួរតែ​វាយ​តម្លៃ​សុខភាព​ឱ្យ​បាន​ត្រឹម​ត្រូវ​ ព្រោះ​បញ្ហា​នេះ​ ​ជា​រឿង​អាយុ​ជីវិត​របស់​មនុស្ស​ម្នាក់ៗ។

​លោក​ប្រាប់​វីអូអេ​ថា៖ «បើ​សិន​គាត់​[អ្នក​ជាប់​ពន្ធនាគារ​]មាន​ជំងឺ​ចាំបាច់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ ហើយ​ខក​ខាន​មិន​បាន​បញ្ជូន​ អាហ្នឹង​វា​គឺ​ជា​រឿង​ប៉ះ​ពាល់​ គឺ​ជា​ការ​រំលោភ​សិទ្ធិ​ទៅ​លើ​គាត់​ដែល​ទទួល​បាន​សេវា​សុខ​ភាព»។
លោក​បន្ថែម​ទៀត​ថា​ អ្នក​ជាប់​ទោស​ក្នុង​ពន្ធនាគារ​មាន​សិទ្ធិ​ប្តឹង​បាន​ នៅ​ពេល​មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ការ​គំរាម​កំហែង​ ការ​បំភិត​បំភ័យ​ និង​រង​នូវ​អំពើ​ហិង្សា​ណា​មួយ​ មក​លើ​រូប​ខ្លួន​ ព្រោះ​នេះ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​ ហើយ​ក៏​ជា​រឿង​ខុស​ច្បាប់​ផង​ដែរ៕

XS
SM
MD
LG