ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការពារ​ជាតិ​ចក្រភព​អង់គ្លេស​ថា​រុស្ស៊ី​ចំណាយ​ធនធាន​យ៉ាង​ច្រើន​នៅ​ខាង​ក្នុង​ប្រទេស


ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin (​ស្តាំ) និយាយ​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី លោក Sergei Shoigu នៅ​ទីស្នាក់ការ​កណ្តាល​នៃ​តំបន់​យោធា​ភាគខាងត្បូង​របស់​រុស្ស៊ី ក្នុង​ទីក្រុង Rostov-on-Don ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin (​ស្តាំ) និយាយ​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី លោក Sergei Shoigu នៅ​ទីស្នាក់ការ​កណ្តាល​នៃ​តំបន់​យោធា​ភាគខាងត្បូង​របស់​រុស្ស៊ី ក្នុង​ទីក្រុង Rostov-on-Don ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការឈ្លានពាន​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​កំពុង​ធ្វើ​ឲ្យ​មាន​ការចំណាយ​ធនធាន​យោធា​ក្នុង​ស្រុក​ដ៏​ច្រើន​លើសលុប​របស់​រុស្ស៊ី​និង​កំពុង​ធ្វើ​ឱ្យ​ចុះខ្សោយ​សមត្ថភាព​របស់​ខ្លួន​ដើម្បី​រក្សា​វិស័យ​ការពារ​ជាតិ​ជា​មូលដ្ឋាន​នៅ​ទូទាំង​តំបន់​ដ៏​ធំ​ល្វឹងល្វើយ។ នេះ​បើ​តាម​ក្រសួង​ការពារ​ជាតិ​ចក្រភព​អង់គ្លេស​ដែល​បាន​និយាយ​នៅ​ក្នុង​របាយការណ៍​ស៊ើបការណ៍​សម្ងាត់​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​អំពី​ជម្លោះ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

ក្រសួង​នោះ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ការវិភាគ​នៃ​របាយការណ៍​កាលពី​ពេល​ថ្មីៗនេះ​អំពី​ការបាត់បង់​ប្រព័ន្ធ​កាំជ្រួច​មីស៊ីល​វង់ប្រតិបត្តិ​ឆ្ងាយ​បាញ់​ពី​ដី​ទៅ​អាកាសSA-21ជា​ច្រើនចង្អុល​បង្ហាញ​ថា​ចំពោះ​រុស្ស៊ី​ដើម្បី​បន្ត​ការធានា​រ៉ាប់រង​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន រុស្ស៊ី​នឹង​ទំនង​ត្រូវការ​ទុកប្រព័ន្ធ​កាំជ្រួចSAM ដោយ​ឡែក​សម្រាប់​ប្រើប្រាស់​ដើម្បី​ការពារ​តំបន់​ឆ្ងាយៗរបស់​រុស្ស៊ី។

កំជ្រួច​វង់​ប្រតិបត្តិការ​វែងSAM ដូចជាSA-21 អាច​បាញ់​ចំទីដៅ​រហូត​ដល់​ចម្ងាយ ៤០០​គីឡូម៉ែត្រ។ នេះ​បើតាម​របាយការណ៍​ប្រចាំ​ថ្ងៃ​របស់​អង់គ្លេស។ កាំជ្រួចSA-21របស់​រុស្ស៊ី​ត្រូវ​ដាក់​នៅ​ទូទាំង​ប្រទេស​រុស្ស៊ី រួមមាន​នៅ​តាម​បណ្តោយ​ព្រំដែន។ ក្រសួង​ការពារ​ជាតិ​ចក្រភព​អង់គ្លេស​ថា​ការដក​កាំជ្រួច​នេះ​ចេញ​នឹង​ស្ទើរតែ​ប្រាកដ​ថា​ធ្វើ​ឱ្យ​ចុះខ្សោយ​ទីតាំង​ការពារ​ដែន​អាកាស​របស់​រុស្ស៊ី។

ក្រសួង​ការពារ​ជាតិ​អង់គ្លេស​បាន​ឱ្យ​ដឹង​ទៀត​ថា​ប្រសិនបើ​រុស្ស៊ី​ប្រាកដ​ជា​យក​ប្រព័ន្ធ​កាំជ្រួច SAMណា​មួយ​ចេញ ​គឺ​ចំណាត់ការ​នេះបង្ហាញ​ថា​ជម្លោះ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​បន្ត​ស្រូប​យក​ការចំណាយ​យោធា​របស់​រុស្ស៊ី​យ៉ាង​ច្រើន។

ក្នុង​តំបន់​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន រុស្ស៊ី​កំពុង​ពង្រីក​ការវាយ​ប្រហារ​របស់​ខ្លួន​លើ​ទីក្រុងAvdiika។ រុស្ស៊ី​បាន​ផ្តោតលើ​តំបន់Donetsk និង Luhanskចាប់តាំង​ពី​ការ ឈ្លានពាន​ដំបូង​របស់​ខ្លួននៅពេល​ដែល​ការរុញច្រាន​របស់​ខ្លួន​ចូល​ក្នុង​រដ្ឋធានី​កៀវ​បាន​បរាជ័យ។ ទីក្រុង Avdiikaជា​ច្រក​ផ្លូវ​ទៅកាន់​ទីក្រុង Donetskដែល​មាន​ចម្ងាយ ២០​គីឡូម៉ែត្រ​ភាគ​ខាង​កើត​បាន​ស្ថិត​នៅ​ក្រោម​ការវាយ​ប្រហារ​របស់​រុស្ស៊ី​ចាប់តាំង​ពី​ពាក់​កណ្តាល​ខែ​តុលា​មក។

ប្រធាន​រដ្ឋបាល​យោធា​នៅទីក្រុង Avdiikaបាន​និយាយ​ថា​កងទ័ព​រុស្ស៊ី​បាន​បាញ់ផ្តក់​ដាក់​តំបន់​នោះ ក៏ប៉ុន្តែ ទាហាន​ថ្មើជើង​របស់​ពួកគេ​បាន​ត្រូវ​ផ្អាក​ដោយ​សារ​ដី​សើម​បន្ទាប់ពីភ្លៀង​ធ្លាក់​ជា​ច្រើន​ថ្ងៃ​មក៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ផ្តល់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

XS
SM
MD
LG