ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​អាមេរិក​គ្រោង​ចោទសួរ​បេក្ខជន​ចៅក្រម​តុលាការ​កំពូល​អ្នកស្រី Barrett នៅ​ថ្ងៃ​អង្គារ​នេះ


បេក្ខជន​ចៅក្រម​តុលាការ​កំពូល​អ្នកស្រី Amy Coney Barrett ​ចូលរួម​ក្នុង​សវនាការ​តែងតាំង​​អ្នកស្រី​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​ព្រឹទ្ធសភា នៅ​វិមាន​រដ្ឋសភា រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។
បេក្ខជន​ចៅក្រម​តុលាការ​កំពូល​អ្នកស្រី Amy Coney Barrett ​ចូលរួម​ក្នុង​សវនាការ​តែងតាំង​​អ្នកស្រី​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​ព្រឹទ្ធសភា នៅ​វិមាន​រដ្ឋសភា រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។

សមាជិក​នៃ​គណ:កម្មាធិការ​តុលាការ​របស់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក គ្រោង​នឹង​ចោទ​សួរ​អ្នកស្រី Amy Coney Barrett បេក្ខជន​ចៅក្រម​តុលាការ​កំពូល​ដែល​តែងតាំង​ដោយ​លោក​ប្រធានាធិបតី Donald Trump លើ​ប្រធានបទ​ជា​ច្រើន​នៅ​ថ្ងៃ​អង្គារ​នេះ ក្នុង​សវនាការ​ថ្ងៃ​ទី ២ អំពី​ការ​តែងតាំង​អ្នកស្រី។

ប្រធានបទ​ដែល​នឹង​ត្រូវ​ចោទ​សួរ​មាន​ដូចជា ការ​ធានា​រ៉ាប់រង​សុខភាព វិធី​អនុវត្ត​របស់​អ្នកស្រី​ចំពោះ​គំរូ​ពី​មុន​ផ្នែក​ច្បាប់ និង​តួនាទី​របស់​តុលាការ​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្លូវ​ច្បាប់​នានា​ដែល​អាច​នឹង​លេច​ឡើង​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។

សមាជិក​ព្រឹទ្ធសភា​ម្នាក់ៗ​នឹង​មាន​ពេល ៣០ នាទី ដើម្បី​សួរ​សំណួរ​នៅ​ថ្ងៃ​អង្គារ​នេះ ហើយ​សវនាការ​ស្រដៀង​គ្នា​នេះ​ដែរ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​ស្អែក​ទៀត។

ប្រធាន​គណ:កម្មាធិការ​តុលាការ​នៃ​ព្រឹទ្ធសភា​លោក Lindsey Graham បាន​កំណត់​យក​ថ្ងៃ​ព្រហស្បតិ៍​ជា​ថ្ងៃ​បោះឆ្នោត​ដំបូង​សម្រាប់​ការ​អនុម័ត​លើ​បេក្ខភាព​ចៅក្រម​តុលាការ​កំពូល​របស់​អ្នកស្រី Barrett។ ករណី​នេះ​នឹង​អាច​អនុញ្ញាត​ឲ្យ​មាន​ការ​អនុម័ត​ចុង​ក្រោយ​នៅ​សប្ដាហ៍​ក្រោយ និង​ការ​បោះឆ្នោត​ដោយ​ព្រឹទ្ធសភា​ពេញ​អង្គ​មុន​ដំណាច់​ខែ​នេះ។

សវនាការ​នេះ​បាន​ចាប់ផ្ដើម​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ ដោយ​អ្នកស្រី Barrett បាន​ប្រាប់​សមាជិក​ព្រឹទ្ធសភា​ថា តុលាការ «មិន​គួរ​ព្យាយាម» បង្កើត​គោល​នយោបាយ​នោះ​ទេ ហើយ​គួរតែ​ទុក​រឿង​នេះ​ឲ្យ ប្រធានាធិបតី និង​សភា​ជា​អ្នក​សម្រេច។

អ្នកស្រី Barrett បាន​លើក​ឡើង​អំពី​ការ​បកស្រាយ​ដ៏​ម៉ឺងម៉ាត់​មួយ​អំពី​តួនាទី​របស់​តុលាការ​កំពូល​ថា វា «មិន​មែន​បង្កើត​ឡើង​ដើម្បី​ដោះ​ស្រាយ​គ្រប់​បញ្ហា ឬ​ក៏​កែកុន​គ្រប់​រឿង​មិន​ត្រឹមត្រូវ​ទាំង​អស់​នៅ​ក្នុង​ជីវិត​សាធារណៈ​របស់​យើង​នោះ​ទេ»៕

XS
SM
MD
LG