លោក Mitch McConnell មេដឹកនាំគណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា ព្រឹទ្ធសភាដែលដឹកនាំដោយគណបក្សសាធារណរដ្ឋនឹងបោះឆ្នោតនៅសប្តាហ៍នេះលើសំណើច្បាប់ជំនួយសម្រាប់វិបត្តិជំងឺកូវីដ១៩ បន្ទាប់ពីការចរចាជាមួយគណបក្សប្រជាធិបតេយ្យបានបរាជ័យកាលពីខែមុន។
សំណើកញ្ចប់ថវិកាចំនួន ៥០០ ពាន់លានដុល្លាររបស់គណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភា ដែលបានផ្សព្វផ្សាយកាលពីថ្ងៃអង្គារម្សិលមិញ នឹងផ្តល់ប្រាក់ដល់ការធានារ៉ាប់រងពេលគ្មានការងារធ្វើ ការថែទាំកុមារ ការធ្វើតេស្តជំងឺកូវីដ១៩ និងការការពារអាជីវកម្ម សាលារៀន និងវិហារគ្រិស្តសាសនាណាដែលនៅដំណើរការក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩។
លោក McConnell បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «សំណើច្បាប់នេះមិនផ្ដោតលើគ្រប់ចំណុចទាំងអស់ដែលគណបក្សរបស់យើងចង់បាននោះទេ។ ខ្ញុំមានទំនុកចិត្តថា គណបក្សប្រជាធិបតេយ្យនឹងគិតដូចគ្នាដែរ។ ប៉ុន្តែ គណបក្សសាធារណរដ្ឋជឿថា ការខ្វែងគំនិតគ្នាជាច្រើនរវាងគណបក្សរបស់យើងទាំងពីរ មិនគួរជាឧបសគ្គរារាំងដល់ការព្រមព្រៀងគ្នាលើអ្វីដែលយើងអាចព្រមព្រៀងបាន និងរារាំងដល់ការធ្វើច្បាប់ដើម្បីជួយប្រទេសរបស់យើងនោះទេ»។
ច្បាប់ Heroes Act ដែលមានទឹកប្រាក់ ១ លានលានដុល្លារដែលត្រូវបានអនុម័តដោយរដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យកាលពីខែមិថុនា ត្រូវបានគណបក្សសាធារណរដ្ឋចាត់ទុកថាមិនអាចចាប់ផ្តើមបាន។
ក៏ប៉ុន្តែ សំណើច្បាប់ដែលមានទឹកប្រាក់ ៥០០ ពាន់លានដុល្លារនេះ អាចគ្មានឱកាសទទួលបានការអនុម័តនៅរដ្ឋសភា។ គណបក្សប្រជាធិបតេយ្យថា ការគ្រោងបោះឆ្នោតរបស់គណបក្សសាធារណរដ្ឋលើសំណើច្បាប់នេះគឺជាល្បែងនយោបាយនៅមុនការបោះឆ្នោតប្រធានាធិបតីថ្ងៃទី ៣ ខែវិច្ឆិកា ចូលមកដល់៕