ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចាប់ផ្តើមជជែកដេញដោលសេចក្តីព្រាងច្បាប់ជំនួយគ្រាវិបត្តិកូវីដ១៩ ដែលមានទឹកប្រាក់ ១,៩ លានលានដុល្លារ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
គណបក្សប្រជាធិបតេយ្យបានកែប្រែខ្លះក្នុងច្បាប់នោះនៅនាទីចុងក្រោយ ក្នុងគោលបំណងធ្វើឲ្យប្រាកដថា ពួកគេអាចជំរុញឲ្យច្បាប់អាទិភាពមួយនេះរបស់លោកប្រធានាធិបតី Joe Biden បានឆ្លងផុតសភាដែលខ្វែងគំនិតគ្នា។
ក្រុមប្រជាធិបតេយ្យសង្ឃឹមថា ព្រឹទ្ធសភានឹងអនុម័តកញ្ចប់ជំនួយនេះមុនសប្តាហ៍ក្រោយ ដើម្បីឱ្យឆាប់បានបញ្ជូនទៅឲ្យលោកប្រធានាធិបតី Biden ចុះហត្ថលេខា។
ពួកគេកំពុងប្រឈមការជំទាស់ប្រឆាំងយ៉ាងខ្លាំងពីគណបក្សសាធារណរដ្ឋដែលជំទាស់ថា ប្រាក់ជំនួយដ៏ច្រើននៃសេចក្តីព្រាងច្បាប់នោះមើលរំលងនូវសញ្ញាល្អថា ទាំងការរាតត្បាតជំងឺនិងសេដ្ឋកិច្ច កំពុងចាប់ធូរស្បើយវិញហើយ៕