សម្រាប់នាយកប្រតិបត្តិគ្រប់គ្រងការផ្សាយព័ត៌មានរបស់វីអូអេ ដែលបានសម្រេចចិត្តផ្សាយយ៉ាងមានគ្រោះថ្នាក់នៅពេលនោះ រឿងផ្តាច់មុខមុនគេបង្អស់មួយ ដែលមានសារៈសំខាន់និងមានលក្ខណៈពិសេសបំផុតមិនអាចរំលងបានទេ។
តែ១០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការវាយប្រហារថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ មកលើសហរដ្ឋអាមេរិក ដែលបានសម្លាប់ពលរដ្ឋអាមេរិកាំងអស់ ២៩៧៧ នាក់ និងធ្វើឲ្យរបួសមនុស្សម្នាដទៃទៀតរាប់មិនអស់នោះសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតនិងជាអ្នកការពារ Osama bin Laden ក្នុងប្រទេសអាហ្វ្រហ្គានីស្ថាន គឺ Mullah Omar ដែលរស់នៅផ្តាច់ខ្លួនពីគេឯង បានផ្តល់បទសម្ភាសន៍ផ្តាច់មុខមួយដល់វីអូអេផ្នែកផ្សាយជាភាសា Pashto។
អ្នកស្រី Myrna Whitworth ដែលគ្រានោះគឺជានាយកស្តីទីរបស់វីអូអេ បានប្រគល់ការងារឲ្យអ្នកកាសែតពីរនាក់ធ្វើបទសម្ភាសន៍តាមទូរស័ព្ទជាមួយមេដឹកនាំតាលីបង់ដ៏អាថ៌កំបាំងរូបនេះ ដែលបានអនុញ្ញាតឲ្យ Osama bin Laden ដែលជាមេខ្លោងនៃការវាយប្រហារលើសហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែកញ្ញានោះ រស់នៅលើទឹកដីអាហ្វ្រហ្គានីស្ថាន។
ប៉ុន្តែ ក្រោយមក មន្ត្រីរដ្ឋាភិបាលអាមេរិកក្នុងអាណត្តិលោកប្រធានាធិបតី Bush ក៏បានដឹងថាវីអូអេ ត្រៀមផ្សាយរឿងមួយ។ អ្នកស្រី Whitworth បានទទួលទូរស័ព្ទពីក្រសួងការបរទេសអាមេរិក និងត្រូវបានគេប្រាប់អ្នកស្រីថាបើអ្នកស្រីចាក់ផ្សាយបទសម្ភាសន៍របស់លោក Mullah Omar នោះ វាស្មើនឹងការធ្វើ«អត្តឃាតនយោបាយ»ដូច្នេះដែរ។
លោក Richard Boucher អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ក្នុងអាណត្តិលោកប្រធានាធិបតី George W. Bush បាននិយាយក្នុងបទសម្ភាសន៍ជាមួយវីអូអេក្នុងពេលថ្មីៗនេះថា ខណៈដែលរដ្ឋបាលលោក Bush «គោរពសិទ្ធិរបស់វីអូអេ ក្នុងការរាយការណ៍ព័ត៌មានដោយសត្យានុម័ត» មន្ត្រីនៅពេលនោះ មិនចង់ឲ្យវីអូអេ «ធ្វើអ្វីដែលយើងគិតថានឹងជួយពួកសត្រូវនោះទេ»។
វីអូអេ ដែលជាស្ថាប័នពហុប្រព័ន្ធផ្សព្វផ្សាយសកល ឧបត្ថម្ភថវិកាដោយរដ្ឋាភិបាល ផ្សាយព័ត៌មានជាង៤០ ភាសា ដល់ទស្សនិកជន អ្នកអាននិងអ្នកស្តាប់រហូតដល់ ២៨០ លាននាក់ក្នុងមួយសប្តាហ៍។ ស្ថាប័ននេះ មានប្រវត្តិយូរលង់មកហើយ ចាប់តាំងពីសម័យសង្គ្រាមលោកលើកទី២មកម្ល៉េះ ដោយទទួលតម្រូវពីសភា ក្នុងការធ្វើសេចក្តីរាយការណ៍ព័ត៌មានដោយឥតលម្អៀងនិងគ្រប់ជ្រុងជ្រោយ។
ប៉ុន្តែ ភាពតានតឹងរវាងសេតវិមាននិងវីអូអេ តែងតែកើតមានឡើងជាហូរហែរអស់រយៈពេលរាប់ទសវត្សរ៍មកហើយ ភាគច្រើនដោយសារតែលក្ខណៈដាច់ពីគេនៃស្ថាប័នសារព័ត៌មានឯករាជ្យពាក់កណ្តាលស្វយ័ត ដែលមានលក្ខណៈមុះមុតដាច់ខាតម្តងម្កាល ប៉ុន្តែដំណើរការក្រោមក្របខណ្ឌការិយាធិបតេយ្យដ៏មហិមារបស់រដ្ឋាភិបាលថ្នាក់ជាតិ។
កាលពីខែមេសា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចូលរួមជាមួយប្រធានាធិបតីមុនៗមួយចំនួន ដែលបានរករឿងចំពោះសេចក្តីរាយការណ៍ព័ត៌មានរបស់វីអូអេដែរ តែក្នុងកម្រិតនិងភាពស្រួចស្រាវដែលមិនធ្លាប់មានពីមុនមក។
លោក ត្រាំ បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយស្តីពីជំងឺកូវីដ១៩ ដែលធ្វើឡើងនៅឯទីធ្លា Rose Garden ក្នុងសេតវិមានកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ថា៖
«បើលោកអ្នកបានឮអ្វីដែលចេញពីវីអូអេ នោះវាជារឿងគួរឲ្យខ្ពើមរអើម។ អ្វីដែលស្ថាប័ននេះនិយាយ គឺគួរឲ្យជិនឆ្អន់ចំពោះប្រទេសរបស់យើង»។
ការរអ៊ូរទាំរបស់លោក ត្រាំ មានមុខពីរ។ ទី១ គឺការចោទថាវីអូអេ បានប្រើទិន្នន័យដែលគួរឲ្យសង្ស័យរបស់រដ្ឋាភិបាលចិន ស្តីពីករណីឆ្លងនិងស្លាប់ ដោយសារវីរុសកូរ៉ូណានៅក្នុងប្រទេសចិន នៅក្នុងសេចក្តីរាយការណ៍របស់វីអូអេ ប៉ុន្តែស្ថាប័នសារព័ត៌មាននេះ បានច្រានចោលការចោទប្រកាន់នេះយ៉ាងដាច់អហង្ការ។
ទី២ លោកប្រធានាធិបតី ក្រេវក្រោធ ដោយសារលោកមិនអាចលើកបន្តុបប្រធានថ្មីឲ្យគ្រប់គ្រងស្ថាប័នមេរបស់វីអូអេ គឺទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការផ្សាយព័ត៌មានសកល (U.S. Agency for Global Media) បានអស់រយៈពេលពីរឆ្នាំមកហើយ ពីព្រោះតែការរារាំងរបស់គណបក្សប្រជាធិបតេយ្យ មិនឲ្យមានការអនុម័តក្នុងព្រឹទ្ធសភាទៅលើបេក្ខជនដែលលោកបានតែងតាំង។
លោក ត្រាំ ធ្លាប់បានសម្តែងការសោកស្តាយដែលលោកខ្វះការគ្រប់គ្រងទៅលើប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ដែលផ្សាយឆ្លុះបញ្ចាំងពីគុណតម្លៃរបស់លោកនិងអ្នកគាំទ្ររូបលោក។ កាលពីខែវិច្ឆិកា ឆ្នាំមុន លោក ត្រាំ បានផ្តល់យោបល់ថា សហរដ្ឋអាមេរិក គួរតែបង្កើតបណ្តាញផ្សាយព័ត៌មានសកលមួយដែលរដ្ឋគ្រប់គ្រង ដើម្បីតទល់នឹងអ្វីដែលលោកហៅថា ជាការធ្វើសេចក្តីរាយកាណ៍ព័ត៌មានដែល«មិនស្មើភាព»និង«ក្លែងក្លាយ» ដោយបណ្តាញផ្សាយព័ត៌មានតាមខ្សែកាប CNN និងដើម្បីបង្ហាញទៅកាន់ពិភពលោកថា តើសហរដ្ឋអាមេរិក«អស្ចារ្យ»ប៉ុណ្ណា។
ប៉ុន្តែ ដូចដែលបទសម្ភាសន៍ជាមួយ Mullah Omar និងឧទាហរណ៍ផ្សេងៗទៀត បានបង្ហាញស្រាប់លោក ត្រាំ មិនមែនជាប្រធានាធិបតីដំបូងទេ ដែលបានរិះគន់សេចក្តីរាយការណ៍ព័ត៌មានរបស់វីអូអេនោះ។
នេះគឺដោយសារការណ៍ពិតដែលថាទោះបីជាស្ថាប័នសារព័ត៌មាននេះ ជាទូទៅត្រូវមើលពីលើដោយឥស្សរជននយោបាយ ដែលទទួលបានការតែងតាំងពីសេតវិមានក៏ពិតមែន ក៏ខ្លឹមសារព័ត៌មានរបស់អ្នកកាសែតអាជីពនៃស្ថាប័ននេះ ត្រូវតែគ្មានភាពលម្អៀង ដូចដែលច្បាប់តម្រូវ។
ការវិវត្តផ្នែកសម្រេចអំពីការផ្សាយរបស់ស្ថាប័នផ្សព្វផ្សាយរដ្ឋាភិបាល
សេតវិមាននិងក្រសួងការបរទេស បានបដិសេធសំណើរបស់វីអូអេ សុំការពន្យល់បន្ថែមអំពីការរិះគន់របស់លោកប្រធានាធិបតី ដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ ឬអំពីការចោទប្រកាន់ដោយឡែកផ្សេងទៀត ដូចដែលបានរៀបរាប់នៅក្នុងខិត្តបណ្ណព័ត៌មានរបស់សេតវិមាន កាលពីដើមខែឧសភានេះ ដែលបានចោទប្រកាន់វីអូអេ ថាបានបំពងសំឡេងដល់ការឃោសនារបស់ចិន ក្នុងការប្រើប្រាស់ទិន្នន័យប្រទេសចិនក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩។
នាយិកាវីអូអេ គឺអ្នកស្រី អាម៉ាន់ដា បេណិត (Amanda Bennett) បានច្រានចោលការចោទប្រកាន់នោះ ដោយនិយាយថាវីអូអេ «ប្រឹងប្រែងធ្វើសេចក្តីរាយការណ៍ព័ត៌មានប្រកបដោយភាពសត្យានុម័តផ្អែកលើការណ៍ពិត ដែលមិនបំពងសាររបស់នរណាម្នាក់ឡើយ»។
តាមពិត វីអូអេ បានបកអាក្រាតព័ត៌មានមិនពិតរបស់ចិនជិត ២០ ដង។ នេះបើយោងតាមអង្គការតស៊ូមតិខាងសេរីភាពសារព័ត៌មានមួយឈ្មោះថា The Reporters Committee [For Freedom of the Press] ដែលមានមូលដ្ឋានក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ការសម្រេចអំពីការផ្សាយដោយអព្យាក្រិតបែបនេះ មិនមែនជាគោលនយោបាយរបស់វីអូអេជានិច្ចនោះទេ។ ក្រោយពីស្ថាប័នសារព័ត៌មាននេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤២ ដើម្បីតទល់នឹងយុទ្ធនាការឃោសនារបស់គណបក្ស Nazi អាល្លឺម៉ង់ ដោយប្រើសារព័ត៌មានដែលមានលក្ខណៈសត្យានុម័ត ការធ្វើសេចក្តីរាយការណ៍ព័ត៌មានរបស់វីអូអេក្នុងរយៈពេល ១ទសវត្សរ៍ដំបូង គឺអាស្រ័យលើការយល់ព្រមពីមន្ត្រីរដ្ឋាភិបាល។
នៅគ្រាដែលមានវិបត្តិមីស៊ីលគុយបា ឆ្នាំ ១៩៦២ ក្នុងអាណត្តិលោកប្រធានាធិបតី John F. Kennedy វីអូអេ មួយផ្នែកធំ «ដំណើរការក្រោមការដឹកនាំរបស់រដ្ឋាភិបាល»។ នេះបើផ្អែកតាមលោក Nicholas Cull សាស្ត្រចារ្យខាងការទូតសាធារណៈនៃមហាវិទ្យាល័យសារគមនាគមន៍ និងសារព័ត៌មាន (Annenberg School for Communication and Journalism) នៃសាកលវិទ្យាល័យ University of Southern California និងជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា «សង្គ្រាមត្រជាក់និងទីភ្នាក់ងារព័ត៌មានសហរដ្ឋអាមេរិក» ឬ (The Cold War and the United States Information Agency)។
លោក Cull និយាយថា៖ «មានមន្ត្រីរដ្ឋបាលម្នាក់ ត្រូវបានបញ្ជូនទៅវីអូអេ ពីទីភ្នាក់ងារព័ត៌មានសហរដ្ឋអាមេរិកដែលមើលការងារពីលើ។ មន្ត្រីនោះត្រូវអនុម័តគ្រប់អត្ថបទមុនផ្សាយ»។
វិធីសាស្ត្រនេះ រអាក់រអួល ក្នុងពេលមានរឿងអាស្រូវ Watergate ដែលបានឈានទៅដល់ការលាលែងពីតំណែងរបស់លោកប្រធានាធិបតី Richard Nixon នៅឆ្នាំ ១៩៧៤។ លោកសាស្ត្រាចារ្យ Cull និយាយថា អ្នកកាសែតវីអូអេ ដែលបានទទូចធ្វើសេចក្តីរាយការណ៍ពេញលេញអំពីការស៊ើបអង្កេតទៅលើការចោទប្រកាន់ពីការប្រព្រឹត្តខុសឆ្គងរបស់លោកប្រធានាធិបតី បានធ្វើឲ្យមានការជំទាស់ពីមន្ត្រីនៃទីភ្នាក់ងារព័ត៌មានសហរដ្ឋអាមេរិក ដែលចង់បានរឿងដែលមានលក្ខណៈវិជ្ជមានជាងនេះ។
លោក Cull និយាយថាអ្នកកាសែតវីអូអេ ចង់ប្រែក្លាយរឿងអាស្រូវ Watergate នោះ ទៅជា«មេរៀនពលរដ្ឋវិជ្ជាចាក់ផ្សាយតាមរលកធាតុអាកាស ដែលបង្ហាញថា កម្លាំងនៃសហរដ្ឋអាមេរិក មិនមែនស្ថិតនៅលើប្រធានាធិបតីដែលមិនចេះធ្វើខុសនោះទេ តែស្ថិតនៅលើសមត្ថភាពរបស់សភានៃប្រទេសនេះ ដើម្បីកែកំហុសនោះតាមនីតិវិធីច្បាប់»។
ទីបំផុត មានការសម្រុះសម្រួលគ្នាមួយថា ពេលណាដែលមានការផ្សាយរឿងអវិជ្ជមានអំពីប្រធានាធិបតី នោះត្រូវតែមានការផ្សាយរឿងវិជ្ជមានដែរ។
លោក Cull និយាយថា៖ «ការធ្វើបែបនេះ នាំឲ្យមានការផ្សាយព័ត៌មានយ៉ាងចម្លែកមួយ ។ គេផ្សាយថាថ្ងៃនេះលោកប្រធានាធិបតីត្រូវបានចាត់ទុកថា ជាសហអ្នកសមគំនិតម្នាក់ក្នុងរឿងអាស្រូវWatergate ដែលមិនត្រូវបានចោទប្រកាន់ជាផ្លូវការ។ល។ ហើយក្រោយមកព័ត៌មានផ្សាយថា ភរិយារបស់លោកប្រធានាធិបតី Nixon បានបើកសម្ភោធសាលារៀនថ្មីមួយសម្រាប់កុមារក្នុងរដ្ឋធានីវ៉ាស៊ីនតោន»។
ទីភ្នាក់ងារសារព័ត៌មានដែលត្រូវបានហាមប្រាម មិនឲ្យបង្ហាញភាពលម្អៀង
ដល់ឆ្នាំ១៩៧៦ សភានិងថ្នាក់ដឹកនាំវីអូអេ បានកំណត់ថា ស្ថាប័នសារព័ត៌មាននេះ ចាំបាច់ត្រូវមានការសម្រេចចិត្តខាងការផ្សាយឲ្យបានច្បាស់លាស់ជាងមុន ដើម្បីធានាថាស្ថាប័ននេះ អាចរក្សាភាពគួរឲ្យជឿជាក់ចិត្តបាន សម្រាប់ទស្សនិកជន អ្នកអាននិងអ្នកស្តាប់របស់ខ្លួននៅក្រៅសហរដ្ឋអាមេរិក។ សភាក៏បានព្រាងធម្មនុញ្ញមួយដែលចែងថា វីអូអេត្រូវតែផ្សាយព័ត៌មានពិត ផលិតខ្លឹមសារដែលតំណាងឲ្យសង្គមអាមេរិកាំងទាំងមូល និងផ្តល់ការពន្យល់និងការពិភាក្សាយ៉ាងច្បាស់អំពីគោលនយោបាយរបស់សហរដ្ឋអាមេរិក។
ធម្មនុញ្ញ វីអូអេ១. វីអូអេ នឹងជាប្រភពព័ត៌មានដែលទុកចិត្តបាន និងផ្លូវការជានិច្ចកាល។ ព័ត៌មាន វីអូអេ នឹងត្រឹមត្រូវ មិនលំអៀង និងគ្រប់ជ្រុងជ្រោយ។២. វីអូអេ នឹងតំណាងឲ្យសហរដ្ឋអាមេរិក មិនមែនតំណាងឲ្យតែផ្នែកណាមួយនៃសង្គមអាមេរិកាំងទេ។ ហេតុដូច្នេះ វីអូអេ នឹងឆ្លុះបញ្ចាំងផ្នត់គំនិត និងស្ថាប័នអាមេរិកាំងសំខាន់ៗ ដោយមានតុល្យភាព និងគ្រប់ជ្រុងជ្រោយ។៣. វីអូអេ នឹងបង្ហាញគោលនយោបាយសហរដ្ឋអាមេរិក យ៉ាងច្បាស់លាស់ ប្រកបដោយប្រសិទ្ធភាព ហើយថែមទាំងនឹងមានការពិភាក្សា និងការបញ្ចេញមតិដោយមានការទទួលខុសត្រូវ លើគោលនយោបាយទាំងនេះ។
|
ការអនុវត្តសេចក្តីសម្រេចក្នុងការផ្សាយរបស់ស្ថាប័នសារព័ត៌មាននេះ ត្រូវបានកំណត់បន្ថែមទៀតនៅក្នុងច្បាប់ឆ្នាំ ១៩៩៤ និងឆ្នាំ ២០១៦ ដែលបានចែងជាក់លាក់អំពីវិធានការការពារអ្នកកាសែត កុំឲ្យរងឥទ្ធិពលនយោបាយ និងឲ្យស្ថាប័ននេះ គោរព «បទដ្ឋានវិជ្ជាជីវៈខ្ពស់បំផុតនៃវិជ្ជាជីវៈសារព័ត៌មានផ្សព្វផ្សាយតាមរលកអាកាស» ខណៈដែលត្រូវរក្សាឲ្យខ្ជាប់ខ្ជួនស្របតាម «គោលបំណងនៃគោលនយោបាយការបរទេសទូលំទូលាយរបស់សហរដ្ឋអាមេរិក»។
លោក Richard Stengel អតីតនិពន្ធនាយកម្នាក់នៃទស្សនាវដ្តី Time និងជាអតីតរដ្ឋលេខាធិការម្នាក់ទទួលបន្ទុកកិច្ចការការទូតសាធារណៈក្នុងអាណត្តិលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាននិយាយថា អ្វីដែលធ្វើឲ្យវីអូអេខុសពីគូប្រជែងរបស់ខ្លួនខ្លះទៀតនោះ គឺឯករាជ្យភាពនេះឯង។
លោក Stengel និយាយថា៖ «វីអូអេ មិនមែនជាស្ថាប័នផ្សាយព័ត៌មានរដ្ឋរបស់សហរដ្ឋអាមេរិក ដូចស្ថាប័នទូរទស្សន៍រដ្ឋនៅក្នុងប្រទេសផ្តាច់ការនានាមាន ដើម្បីឆ្លុះបញ្ចាំងពីគោលបំណងនៃគោលនយោបាយការបរទេស ឬគោលការណ៍របស់ប្រទេសនោះទេ។ វីអូអេ មិនមែនដូចអ្វីដែលកូរ៉េខាងជើងមាន ឬចិនមាន ឬគុយបាមាន ឬប្រទេសផ្សេងៗទៀតបែបហ្នឹងមាននោះទេ។ វីអូអេ ជាស្ថាប័នផ្សាយព័ត៌មានឯករាជ្យ ហើយនេះគឺជាមូលហេតុមួយដែលវីអូអេ មានអ្នកគាំទ្រនិងស្ងើចសរសើររាប់លាននាក់នៅជុំវិញពិភពលោក»។
ស្ថាប័នផ្សាយព័ត៌មានសហរដ្ឋអាមេរិក និងថ្នាក់ដឹកនាំដែលមានការយល់ព្រមពីសេតវិមាន
ទោះបីជាអ្នកកាសែតវីអូអេ ត្រូវផលិតព័ត៌មានប្រកបដោយសន្យានុម័តក៏ដោយ ក៏ស្ថាប័នសារព័ត៌មាននេះ ស្ថិតក្រោមការគ្រប់គ្រងរបស់នីតិប្រតិបត្តិ ដែលមានសិទ្ធិអំណាចតែងតាំងនាយកប្រតិបត្តិមួយរូបឲ្យដឹកនាំស្ថាប័នមេរបស់វីអូអេ គឺទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការផ្សាយព័ត៌មានសកល (the U.S. Agency for Global Media) ឬហៅកាត់ថា USAGM។
ទីភ្នាក់ងារ USAGM មើលពីលើបណ្តាញផ្សព្វផ្សាយសាធារណៈចំនួន ៥ ដែលឧបត្ថម្ភដោយថវិកាជាតិ។ បណ្តាញទាំងនេះ ផ្សាយព័ត៌មានទៅកាន់ប្រទេសនានាដែលមានការរឹតត្បិតសារព័ត៌មាន។ នាយកប្រតិបត្តិនៃទីភ្នាក់ងារ USAGM រួមជាមួយក្រុមប្រឹក្សាភិបាលនៃអ្នកដឹកនាំប្រព័ន្ធផ្សព្វផ្សាយ និងអ្នកជំនាញខាងកិច្ចការអន្តរជាតិ ដែលទទួលបានការគាំទ្រពីគណបក្សនយោបាយធំៗទាំងពីររបស់សហរដ្ឋអាមេរិក ជាអ្នកតែងតាំងនាយក ឬនាយិកានៃបណ្តាញទាំង ៥ របស់ USAGM រួមទាំងវីអូអេដែរ។
លោក ត្រាំ បានតែងតាំងលោក Michael Pack ដែលជាអ្នកដឹកនាំប្រព័ន្ធផ្សព្វផ្សាយនិងជាផលិតករភាពយន្តឯកសារ ដែលមាននិន្នាការនយោបាយអភិរក្សនិយម ឲ្យធ្វើជានាយកប្រតិបត្តិនៃទីភ្នាក់ងារ USAGM កាលពីខែមិថុនា ឆ្នាំ២០១៨។
សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យ លោក Bob Menendez មកពីរដ្ឋ New Jersey ថ្មីៗនេះ បានសរសេរលិខិតទៅកាន់សេតវិមាន ដោយរៀបរាប់ថា លោក Pack មិនទាន់បានឆ្លើយសំណួររបស់គណៈកម្មាធិការព្រឹទ្ធសភា អំពីការចោទប្រកាន់ទាក់ទងនឹងការធ្វើជំនួញផ្ទាល់ខ្លួនរបស់លោក និងរបាយការណ៍បង់ពន្ធលើប្រាក់ចំណូលរបស់លោកក្នុងពេលកន្លងមក ព្រមទាំងការចោទប្រកាន់អំពី «កាលៈទេសៈអវិជ្ជមាន» ជុំវិញការចាកចេញពីការងារចាស់របស់លោក ពីការងារមុនមួយ។
ស្ត្រីអ្នកនាំពាក្យម្នាក់របស់លោក Pack បានប្រាប់វីអូអេថា លោក Pack បដិសេធ មិនធ្វើអត្ថាធិប្បាយចំពោះរឿងនេះទេ ដោយសាររូបលោក កំពុងស្ថិតក្នុងដំណាក់កាលសួរដេញដោលរបស់ព្រឹទ្ធសភាក្នុងដំណើរការតែងតាំងដែលនៅមានជាបន្តនៅឡើយ។
លោក Clifford May នាយកស្ថាប័នស្រាជ្រាវគោលនយោបាយអភិរក្សនិយមមួយឈ្មោះថា មូលនិធិការពារប្រជាធិបតេយ្យ (Foundation for Defense of Democracies) បាននិយាយថាការរិះគន់របស់លោក ត្រាំ ទៅលើវីអូអេ គឺសមហេតុផល ដោយសារតែការមិនសប្បាយចិត្តរបស់លោកប្រធានាធិបតីចំពោះការដែលលោកមិនអាចឲ្យព្រឹទ្ធសភាអនុម័តយល់ព្រមលើបេក្ខជនដែលលោកបានស្នើតែងតាំង។
លោក May បានចាត់ទុកនាយិកា VOA គឺអ្នកស្រី Bennett ថា ជាមន្ត្រីសល់ពីរដ្ឋបាលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ខាងគណបក្សប្រជាធិបតី ដែលបានបរាជ័យក្នុងការពន្យល់ឲ្យបានគ្រប់គ្រាន់នូវគោលនយោបាយរបស់រដ្ឋបាលលោកត្រាំ ទៅកាន់ពិភពលោក។
លោក May និយាយថា៖ «គោលនយោបាយនោះគួរតែត្រូវបានពន្យល់តាមវីអូអេ។ បើមិនតាមរយៈវីអូអេ ពន្យល់តាមណាទៀត? នេះមិនមែនមានន័យថា មិនអាចមានបទវិចារណកថា ឬការរិះគន់ទៅលើលោកប្រធានាធិបតីនោះទេ។ អ្វីៗទាំងអស់អាចឲ្យមាននៅជាមួយគ្នា ឲ្យមានតុល្យភាព។ ការធ្វើបែបនេះបាន ត្រូវការអ្នកកាសែតល្អ។ វាច្បាស់ណាស់ថារដ្ឋបាលបច្ចុប្បន្ន គិតថាអ្នកគ្រប់គ្រងស្ថាប័ននេះសព្វថ្ងៃ ធ្វើការមិនបានសមស្របទេ»។
អ្នកស្រី Bennett អតីតអ្នកដឹកនាំស្ថាប័នសារព័ត៌មាន Bloomberg News និងជានិពន្ធនាយក កាសែត Philadelphia Inquirer ត្រូវបានតែងតាំងជានាយិកាវីអូអេនៅខែមីនា ឆ្នាំ២០១៦ ហើយបានបន្តមើលការខុសត្រូវទីភ្នាក់ងារសារព័ត៌មាននេះ រហូតចូលដល់អាណត្តិលោក ត្រាំ។
ក្នុងពេលមានជម្លោះកាលពីឆ្នាំ ២០០១ ពាក់ព័ន្ធនឹងបទសម្ភាសន៍ជាមួយ Mullah Omar នោះ អ្នកកាសែតវីអូអេជាង ១០០ នាក់ បានតវ៉ា ដោយនាំគ្នាដាក់ញត្តិ ជំរុញឲ្យស្ថាប័នសារព័ត៌មាននេះ តតាំងនឹងសម្ពាធនយោបាយ។ ទីបំផុត វីអូអេ ក៏បានចាក់ផ្សាយផ្នែកខ្លះនៃបទសម្ភាសន៍នោះ ហើយបានចេញសេចក្តីថ្លែងការណ៍មួយ ទៅកាន់ក្រុមអ្នករិះគន់ ដើម្បីការពារសេចក្តីរាយការណ៍របស់ខ្លួន។
ផ្នែកមួយនៃសេចក្តីថ្លែងការណ៍នោះ សរសេរថា៖
«ពលរដ្ឋក្នុងប្រទេសអាហ្វ្រហ្គានីស្ថាន កំពុងចាំស្តាប់យើង ដោយសារពួកគេទុកចិត្តពួកយើង ហើយយើងប្រាប់រឿងទាំងមូល»។
លោក Boucher ដែលបច្ចុប្បន្ន គឺជាសាស្ត្រាចារ្យខាងគោលនយោបាយការបរទេសនៅសាកលវិទ្យាល័យ Brown University បាននិយាយថា ក្រោយមក ភាគីទាំងសងខាង «ក៏បានបំភ្លេច»រឿងទាស់គ្នានោះ។ ប៉ុន្តែ មិនដល់២សប្តាហ៍ផង ក្រោយពីការចាក់ផ្សាយបទសម្ភាសន៍នោះ អ្នកស្រី Whitworth ត្រូវបានដកចេញពីតំណែងជានាយិកាស្តីទី ហើយជំនួសមកវិញដោយលោក Robert R. Reilly ដែលសេតវិមានជាអ្នកតែងតាំង។
អ្នកស្រី Whitworth ដែលជាអ្នកកាសែតអាជីពនៅស្ថាប័នសារព័ត៌មាននេះ និងដែលមិនមែនជាបេក្ខនារីទទួលបានការតែងតាំងតាមបន្ទាត់នយោបាយនោះ បាននិយាយថា៖ «សម្ពាធនោះ មិនច្បាស់ក្រឡែតទេ ប៉ុន្តែពួកគេបានបង្ហាញច្បាស់លាស់ថា ខ្ញុំនឹងគ្មានតួនាទីអ្វីទៀតក្នុងការសម្រេចខាងការផ្សាយទៀតទេ»។
អ្នកស្រី ក៏បានសម្រេចចិត្តចូលនិវត្តន៍មុនកាលកំណត់។
ស្ថាប័នផ្សព្វផ្សាយរដ្ឋាភិបាលដែលបត់បែនតាមស្ថានភាពតានតឹងនយោបាយ
អ្នកស្រី Lata Nott នៃវេទិកាសេរីភាព (Freedom Forum) បាននិយាយថា រយៈកាលដែលមានការចែងចែកខាងនយោបាយក្នុងសហរដ្ឋអាមេរិក ដូចជាពេលមានសង្គ្រាម ឬការចោទប្រកាន់ដកតំណែងប្រធានាធិបតីជាដើម អាចធ្វើឲ្យវីអូអេ ឈរនៅទីតាំងដ៏ពិបាកមួយ។ ប៉ុន្តែ អ្នកស្រី និយាយទៀតថា គ្រាទាំងនោះ ក៏ជាពេលដែលស្ថាប័នផ្សាយព័ត៌មាននេះ កសាងភាពគួរឲ្យជឿជាក់បាន ជាមួយទស្សនិកជន អ្នកអាននិងអ្នកស្តាប់របស់ខ្លួនបានដែរ។
អ្នកស្រី Nott និយាយថា៖ «ការណ៍ដែលស្ថាប័នប្រព័ន្ធផ្សព្វផ្សាយដែលឧបត្ថម្ភដោយថវិកាជាតិរបស់យើង មិនមែនជាប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រង់ដោយរដ្ឋ តែជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ គឺពិតជាមានសារៈសំខាន់ក្រៃលែង»។
លោក Cull ដែលជាប្រវត្តិវិទូនៃសាកលវិទ្យាល័យ University of Southern California បាននិយាយថា៖ «វាជារឿងធម្មតាទេដែលរដ្ឋាភិបាលមួយអាចនិយាយថា យើងជាអ្នកចំណាយលុយទៅលើស្ថាប័ននេះ ដូច្នេះយើងចង់ឲ្យស្ថាប័ននេះផ្សាយរឿងល្អបំផុតរបស់យើង»។
លោក Cull បន្តទៀតថា៖ «ប៉ុន្តែវាក៏ជារឿងធម្មតាដែរសម្រាប់អ្នកកាសែតដែលត្រូវតបតវិញ ហើយនិយាយថាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានទាក់ទងនឹងការប្រាប់រឿងពីគ្រប់ភាគី ហើយដើម្បីឲ្យមានប្រសិទ្ធភាព យើងត្រូវតែធ្វើឲ្យគេជឿជាក់បាន»៕
ចាប់ពីកកើតឡើងតាំងពីឆ្នាំ ១៩៤១ មក ដើម្បីតទល់នឹងយុទ្ធនាការឃោសនារបស់គណបក្ស Nazi អាល្លឺម៉ង់ និងទោះបីជាមានច្បាប់ជាហូរហែដែលការពារឯករាជ្យភាពក្នុងការសម្រេចចិត្តផ្សាយរបស់វីអូអេក៏ដោយ ក៏ស្ថាប័នសារព័ត៌មាននេះ បានប្រឹងប្រែងប្រយុទ្ធ ដើម្បីរក្សាឯករាជ្យភាពរបស់ខ្លួនដែរ។ ខាងក្រោមនេះគឺជាឧទរហណ៍មួយចំនួន៖ នៅដើមទសវត្សរ៍៦០ វីអូអេ មិនអាចផ្សាយព័ត៌មានអំពីវិបត្តិមីស៊ីលគុយបា ដោយគ្មានការយល់ព្រមពីទីភ្នាក់ងារព័ត៌មានសហរដ្ឋអាមេរិក (USIA) ដែលជាស្ថាប័នមេមើលពីលើវីអូអេនៅគ្រានោះបានទេ។ ពេលធ្វើសេចក្តីរាយការណ៍ព័ត៌មានអំពីរឿងអាស្រូវ Watergate ដែលបាននាំឲ្យមានការលាលែងពីតំណែងរបស់លោកប្រធានាធិបតី Richard Nixon នៅឆ្នាំ ១៩៧៤ វីអូអេ បានប៉ះទង្គិចគ្នាជាមួយមន្ត្រី USIA ដែលចង់ឲ្យវីអូអេ ផ្សាយទិដ្ឋភាពវិជ្ជមានអំពីរឿងអាស្រូវនោះ។ មានការសម្រុះសម្រួលគ្នាមួយថាពេលណាដែលមានការផ្សាយរឿងអវិជ្ជមានអំពីលោក Nixon នោះត្រូវតែមានការផ្សាយរឿងវិជ្ជមានដែរ។ ក្នុងអាណត្តិប្រធានាធិបតី George H.W. Bush ទីភ្នាក់ងារ USIA បានព្យាយាមរារាំងមិនឲ្យវីអូអេចាក់ផ្សាយបទសម្ភាសន៍ជាមួយលោក Fang Lizhi បន្ទាប់ពីអ្នកប្រឆាំងចិនរូបនេះ បានមកដល់សហរដ្ឋអាមេរិកនៅឆ្នាំ ១៩៩០។ លោក Fang បានយកស្ថានទូតអាមេរិកប្រចាំទីក្រុងប៉េកាំងជាកន្លែងលាក់ខ្លួន ហើយផ្នែកមួយនៃកិច្ចព្រមព្រៀងគ្នាក្នុងការអនុញ្ញាតឲ្យលោកចាកចេញពីប្រទេសចិនបាន គឺថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងមិន«ទាញប្រយោជន៍»ពីរឿងរបស់លោកទេ។ ហេតុការណ៍ស្រដៀងគ្នានេះ បានកើតឡើងនៅឆ្នាំ ១៩៩៧ ពេលដែលរដ្ឋបាលលោក ប៊ីល គ្លីនតុន បានជួយធានាឲ្យមានការដោះលែងលោក Wei Jingsheng ហើយបានព្យាយាមរារាំងវីអូអេ កុំឲ្យចាក់ផ្សាយបទសម្ភាសន៍ជាមួយលោក Wei ដោយបារម្ភថា ការផ្សាយនោះ អាចធ្វើឲ្យអន្តរាយដល់ការដោះលែងអ្នកប្រឆាំងក្រោយៗទៀតនៅពេលអនាគត។ ប៉ុន្មានសប្តាហ៍ក្រោយពីមានការវាយប្រហារថ្ងៃទី១១ ខែវិច្ឆិកា ក្រសួងការបរទេស ក្នុងអាណត្តិលោក George W. Bush បានព្យាយាមរារាំងវីអូអេ មិនឲ្យផ្សាយបទសម្ភាសន៍ផ្តាច់មុខមួយជាមួយមេដឹកនាំតាលីបង់ Mullah Omar ដែលបានអនុញ្ញាតឲ្យ Osama bin Laden រស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ការពិភាក្សាអំពី «តួនាទីរបស់វីអូអេ ក្រោយថ្ងៃ១១ ខែវិច្ឆិកា» បានបន្ត ក្រោយពីស្ថាប័នសារព័ត៌មាននេះ បានផ្សាយផ្នែកមួយនៃបទសម្ភាសន៍នោះ។ មន្ត្រីខ្លះក្នុងអាណត្តិលោកបារ៉ាក់ អូបាម៉ា បានសម្តែងការព្រួយបារម្ភថាសេចក្តីរាយការណ៍ព័ត៌មានរបស់វីអូអេ មិនបានឆ្លុះបញ្ចាំងពីអាទិភាពនៃគោលនយោបាយការបរទេសសហរដ្ឋអាមេរិក ប្រឆាំងនឹងអំពើហិង្សាជ្រុលនិយម។ |
ប្រែសម្រួលដោយ សាយ មុន្នី