សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យមួយរូប នៅក្នុងគណកម្មាធិការទទួលបន្ទុកទំនាក់ទំនងការបរទេស បានថ្លែងកាលពីថ្ងៃព្រហស្សតិ៍ថា អង្គការមិនរកប្រាក់ចំណេញដែលស្ថិតក្រោមការដឹកនាំរបស់បេក្ខជនដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ តែងតាំងឲ្យដឹកនាំទីភ្នាក់ងាររដ្ឋាភិបាលសហព័ន្ធដែលត្រួតពិនិត្យសំឡេងសហរដ្ឋអាមេរិកនោះ កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ការិយាល័យក្រសួងយុត្តិធ៌មរបស់រដ្ឋធានីវ៉ាស៊ីនតោន។
សមាជិកព្រឹទ្ធសភា Bob Menendez នៃរដ្ឋ New Jersey បានថ្លែងកាលពីយប់ថ្ងៃព្រហស្សតិ៍ថា ការិយាល័យក្រសួងយុត្តិធម៌របស់រដ្ឋធានីវ៉ាស៊ីនតោន កំពុងស៊ើបអង្កេតថាតើការប្រើប្រាស់មូលនិធិនៃអង្គការមិនរកចំណេញរបស់លោក Michael Pack ឈ្មោះ Public Media Lab ខុសច្បាប់ដែរឬទេ ហើយថាតើលោកមានបានប្រើប្រាស់មូលនិធិនោះ ដើម្បីផលប្រយោជន៍ខ្លួនលោកផ្ទាល់ឬទេនោះ។
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការផ្សាយព័ត៌មានសកលហៅកាត់ថា USAGM ជាទីភ្នាក់ងារដែលត្រួតពិនិត្យការផ្សាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលមានរួមទាំងសំឡេងសហរដ្ឋអាមេរិក និង អាស៊ីសេរីផងដែរ។
លោក Menendez ថ្លែងថាតាំងពីមានសវនាការស្តីពីការតែងតាំងលោក Pack កាលពីខែកញ្ញាមក លោក Pack បានបដិសេធមិនព្រមផ្តល់ជូនគណកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកទំនាក់ទំនងការបរទេស នូវឯកសារដែលគណកម្មាធិការនេះបានស្នើសុំ ដើម្បីពិនិត្យមើលសំណុំរឿងដែលក្រសួងយុត្តិធម៌នៃរដ្ឋធានីវ៉ាស៊ីនតោនកំពុងស៊ើបអង្កេតនោះ ឬដើម្បីកែតម្រូវឯកសារមិនពិតដែលលោក បានផ្ញើរទៅក្រសួងពន្ធដារសរអានោះ។
លោក Menendez ថ្លែងថាលោកកំពុងអំពាវនាវឲ្យប្រធានគណកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកទំនាក់ទំនងការបរទេស លោក Jim Risch នៃគណបក្សសាធារណរដ្ឋ ទុកការតែងតាំងលោក Pack មួយអន្លើសិន។ មកទល់នឹងពេលនេះ មិនទាន់មានការឆ្លើយតបពីលោក Pack ឬពីសេតវិមាន ចំពោះការថ្លែងរបស់លោក Menendez នៅឡើយទេ។ លោកប្រធានាធិបតីត្រាំ បានតែងតាំងលោក Pack ឲ្យកាន់តំណែងជានាយកប្រតិបត្តិនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការផ្សាយព័ត៌មានសកលដែលហៅកាត់ថា USAGMនេះ កាលពីជិត២ឆ្នាំមុន៕