គណៈកម្មការព្រឹទ្ធសភាមួយរបស់អាមេរិកនឹងចាប់ផ្តើមបើកសវនាការតែងតាំងនៅថ្ងៃទីអង្គារ ទៅលើការតែងតាំងចៅក្រមតុលាការសហព័ន្ធ លោក Brett Kavanaugh សម្រាប់តំណែងជាចៅក្រមតុលាការកំពូលអាមេរិក ដែលជាតំណែងមួយមិនមានអាជ្ញាយុកាលនោះទេ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ សង្ឃឹមថា ការតែងតាំងលោក Kavanaugh ជាចៅក្រមតុលាការកំពូលនឹងធ្វើឲ្យមានអ្នកអភិរក្សនិយមភាគច្រើននៅក្នុងតុលាការកំពូលនេះជាច្រើនឆ្នាំតទៅមុខទៀត។
លោក Kavanaugh នឹងប្រឈមនឹងសំណួរពិបាកៗជាច្រើនពីសំណាក់សមាជិកសភានៅក្នុងគណៈកម្មការអង្គចៅក្រមព្រឹទ្ធសភា អំពីទស្សនៈរបស់លោកទៅលើបញ្ហាជាច្រើន រួមទាំងការរំលូតកូន អំណាចរបស់រដ្ឋអាជ្ញាពិសេសក្នុងការស៊ើបអង្កេតលើករណីលោក ត្រាំ និងការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតអាមេរិកកាលពីឆ្នាំ២០១៦ ជម្លោះរវាងអ្នកជឿលើសាសនាផ្សេងគ្នា សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ការត្រួតត្រាលើបរិស្ថាន និងបញ្ហានានាជាច្រើនទៀត។
សេតវិមានកំពុងតែសង្ឃឹមថា ព្រឹទ្ធសភាទាំងមូលនឹងសម្រេចតែងតាំងលោក Kavanaugh វ័យ៥៣ឆ្នាំ ឲ្យធ្វើជាចៅក្រមទី៩នៃតុលាការកំពូល នៅក្នុងខែ កញ្ញា នេះ ដែលជាពេលសមស្របមួយសម្រាប់លោកក្នុងការជំនួសតំណែងលោកចៅក្រម Anthony Kennedy ដែលបានចូលនិវត្តន៍ ហើយតុលាការកំពូលអាមេរិកនឹងចាប់ផ្តើមអាណត្តិថ្មីនៅថ្ងៃទី ១ ខែ តុលា ខាងមុខនេះ។
លោកចៅក្រម Kennedy ជារឿយៗ ស្របតាមក្រុមចៅក្រមតុលាការកំពូលអភិរក្សនិយមដែលមានគ្នា៤នាក់ ប៉ុន្តែលោកតែងតែបោះឆ្នោតគាំទ្រដល់ចៅក្រមសេរីនិយមក្នុងការបដិសេធកិច្ចខិតខំប្រឹងប្រែងក្នុងការហាមឃាត់ការរំលូតកូន ហាមឃាត់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ឬដាក់កម្រិតទៅលើសាកលវិទ្យាល័យនានាក្នុងការចាត់វិធានការតឹងរ៉ឹងទទួលយកសិស្សជាជនជាតិភាគតិចឲ្យចូលរៀននៅសាកលវិទ្យាល័យរបស់ខ្លួន។
ផ្អែកលើការសម្រេចរាប់រយដែលលោក Kavanaugh បានសរសេរនៅតុលាការសហព័ន្ធ អ្នកវិភាគឯករាជ្យលើតុលាការកំពូលភាគច្រើនកំពុងតែទស្សន៍ទាយថា ប្រសិនបើសម្រេចតែងតាំង លោក Kavanaugh ជារឿយៗ នឹងត្រូវយល់ស្របជាមួយនឹងចៅក្រមអភិរក្សនិយម ជាជាងបោះឆ្នោតបដិសេធទៅលើបញ្ហាសំខាន់ៗនានាដូចកាលពីពេលដែលលោក Kennedy កាន់តំណែង៕