មេដឹកនាំកុម្មុយនីស្តហ្វីលីពីន លោក Jose Maria Sison បានស្លាប់កាលពីយប់ថ្ងៃសុក្រ ទី១៦ ខែធ្នូសប្តាហ៍មុន ក្នុងអាយុ៨៣ឆ្នាំ បន្ទាប់ពីការចូលព្យាបាលក្នុងមន្ទីរពេទ្យក្នុងប្រទេសហូឡង់អស់រយៈពេល២សប្តាហ៍កន្លងទៅ។ នេះបើតាមការបញ្ជាក់នៃគណបក្សរបស់លោកកាលពីថ្ងៃសៅរ៍ ហើយដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
លោកSison គឺជាស្ថាបនិកនៃគណបក្សកុម្មុយនីស្តហ្វីលីពីន ដែលមានក្រុមប្រដាប់អាវុធយោធាដែលគេស្គាល់ឈ្មោះថា កងទ័ពប្រជាជនថ្មី ឬ New People's Army (NPA) បានបន្តធ្វើការបះបោរដោយប្រដាប់អាវុធដ៏យូរជាងគេបំផុតមួយរបស់ពិភពលោក។ ជម្លោះរវាងកងទ័ព NPA និងរដ្ឋាភិបាលហ្វីលីពីន បានសម្លាប់មនុស្សអស់ប្រមាណជាង៤ម៉ឺននាក់។
គណបក្សកុម្មុយនីស្តហ្វីលីពីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ប្រជាជនក្នុងស្រទាប់វណ្ណៈអធនរបស់ហ្វីលីពីន សូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំ ដល់ការស្លាប់នៃគ្រូ និងជាមគ្គុទេសក៍ដឹកនាំបង្ហាញផ្លូវរបស់ពួកគេ»។
មេដឹកនាំកុម្មុយនីស្តរូបនេះ បានរស់នៅនិរទេសខ្លួនក្នុងទ្វីបអឺរ៉ុបចាប់តាំងពីចុងទសវត្សរ៍១៩៨០មក ក្រោយពីលោកត្រូវបានដោះលែងពីពន្ធនាគារ បន្ទាប់ពីការដួលរលំនៃអតីតមេដឹកនាំផ្តាច់ការហ្វីលីពីនលោក Ferdinand Marcos ហើយកូនប្រុសរបស់អតីតមេដឹកនាំរូបហ្វីលីពីនរូបនេះ ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីនកាលពីខែឧសភាកន្លងទៅ។
មេដឹកនាំគណបក្សកុម្មុយនីស្តលោកSison ត្រូវបានសហរដ្ឋអាមេរិកដាក់ក្នុងបញ្ជីភេរវជនរបស់ខ្លួនកាលពីឆ្នាំ២០០២ ដោយហាមមិនឱ្យគាត់ធ្វើដំណើរទៅណាឡើយ។
គណបក្សកុម្មុយនីស្តហ្វីលីពីននិយាយថា មេដឹកនាំរបស់ខ្លួន បានស្លាប់ដោយស្ងប់ស្ងាត់នៅវេលាម៉ោងប្រមាណ៨:៤០នាទីយប់ កាលពីថ្ងៃសុក្រទី១៦ ខែធ្នូ បន្ទាប់ពីត្រូវបានដាក់ឱ្យសម្រាកក្នុងបន្ទប់មន្ទីរពេទ្យក្នុងទីក្រុង Utrecht ប្រទេសហូឡង់។ គណបក្សនេះ មិនបានបញ្ជាក់ពីហេតុផលដែលគេត្រូវដាក់គាត់ក្នុងមន្ទីរពេទ្យនោះឡើយ។
នៅពេលមួយនោះ កងកម្លាំងក្រុមឧទ្ទាមនេះ មានសកម្មប្រយុទ្ធឡើងរហូតដល់ប្រមាណ២ម៉ឺន៥ពាន់នាក់ ប៉ុន្តែនៅពេលបច្ចុប្បន្ន ក្រុមនេះមានកម្លាំងនៅសល់តែប្រមាណ២ពាន់នាក់ប៉ុណ្ណោះ។
អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានព្យាយាមបញ្ចប់ជម្លោះជាមួយនឹងកងកម្លាំងនៃគណបក្សកុម្មុយនីស្ត NPA នេះ នៅពេលលោកឡើងកាន់អំណាចកាលពីឆ្នាំ២០១៦ ប៉ុន្តែបានបោះបង់កិច្ចប្រឹងប្រែងសន្តិភាពជាមួយក្រុមនេះវិញ ដោយខឹងនឹងការវាយប្រហារជាញឹកញាប់ដោយកងកម្លាំងឧទ្ទាមរបស់ក្រុមនេះ នៅក្នុងអំឡុងពេលនៃកិច្ចពិភាក្សារកសន្តិភាពកំពុងប្រព្រឹត្តឡើងនោះ។
ក្រោយការស្លាប់របស់មេដឹកនាំគណបក្សនេះ ក្រសួងការពារជាតិហ្វីលីពីន បានអំពាវនាវដល់អ្នកដើរតាមគណបក្សនេះដែលនៅសេសសល់ទាំងអស់ឱ្យបោះបង់ចោលនូវមនោគមន៍វិជ្ជាខុសឆ្គងនិងអំពើហិង្សារបស់គណបក្សកុម្មុយនីស្តមួយនេះ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិហ្វីលីពីននិយាយថា៖ «ឧបសគ្គដ៏ចម្បងដែលរារាំងដល់ការស្វែងរកសន្តិភាពសម្រាប់ប្រទេសហ្វីលីពីន បានរលាយបាត់ហើយ ដូចនេះយើងគួរផ្តល់ឱកាសដើម្បីស្វែងរកសន្តិភាពជាថ្មីឡើងវិញ»៕