លោកនាយករដ្ឋមន្ត្រី ដែលកាន់អំណាចជាង៣០ឆ្នាំ បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកក្នុងន័យដើមយ៉ាងដូច្នេះ៖
«នៅក្នុងជំនួបថ្ងៃម្សិលមិញរវាងខ្ញុំ និង John Kerry រដ្ឋមន្រ្តីការបរទេសអាមេរិក ដែលមានរយៈជាង១ម៉ោងនៅវិមានសន្តិភាពគឺបានទទួលលទ្ធផលវិជ្ជមានល្អជាច្រើនសម្រាប់កម្ពុជា។ ខ្ញុំបានស្នើឲ្យអាមេរិកបើកទីផ្សារសម្រាប់ផលិតផលកម្ពុជាឲ្យបានទូលំទូលាយដើម្បីប្រជាពលរដ្ឋ និងពាណិជ្ជករខ្មែរកាន់តែងាយស្រួលក្នុងការនាំចេញផលិតផលពីកម្ពុជាចេញទៅទីផ្សារអាមេរិក។ ក្រៅពីនោះគឺខ្ញុំបានបញ្ជាក់អំពីគោលជំហរកម្ពុជា ក្នុងការរួមដៃសហការជាមួយអាមេរិកដើម្បីទប់ស្កាត់អំពីភេរវកម្មក៏ដូចជាជំហរកម្ពុជាគាំទ្រដំណោះស្រាយបញ្ហាលើការចរចាពិភាក្សាដែលនាំមកនូវសន្តិភាពសម្រាប់តំបន់ទាំងមូល»។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីមិនបានបញ្ជាក់ពីចំណុចលម្អិតនៃការចំណេញសម្រាប់កម្ពុជា និងកិច្ចព្រមព្រៀងណាមួយនោះទេ។
ការលើកឡើងនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់លោកចន ឃែរី រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋមេរិក ដែលបានបញ្ចប់កាលពីថ្ងៃអង្គារនេះ។ ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃក្នុងប្រទេសកម្ពុជានោះ លោកចន ឃែរីនៃសហរដ្ឋអាមេរិក បានជួបលោកហ៊ុន សែន និង លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងបានជួបតំណាងអង្គការសង្គមស៊ីវិល និងតំណាងគណបក្សសង្គ្រោះជាតិ។
ថ្លែងក្នុងសន្និសីទព័ត៌មានដែលបូកសរុបអំពីដំណើរទស្សនកិច្ចរបស់លោកក្នុងប្រទេសកម្ពុជា លោកឃែរីថ្លែងថា៖
«ពាណិជ្ជកម្មទ្វេរភាគីរបស់យើងបានជំរុញទំនាក់ទំនងរបស់យើងទៅមុខ។ យើងបានយល់ស្របថា កម្ពុជាគួរតែមានទំនាក់ទំនងពាណិជ្ជកម្មចម្រុះគឺមិនត្រូវឲ្យជម្រើសណាមួយល្អជាងគេនោះទេ។ គ្រប់ៗគ្នាត្រូវមានឱកាសគឺឱកាសដើម្បីឱ្យមានសមត្ថភាពក្នុងការរីកចម្រើន។ ហើយខ្ញុំគិតថា គឺជាកត្តាគួរឲ្យកត់សម្គាល់ណាស់ថា សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតសម្រាប់ប្រទេសកម្ពុជា ថ្វីបើប្រទេសទាំងពីរស្ថិតនៅឆ្ងាយពីគ្នាមួយចំហៀងផែនដីក៏ដោយ»។
លោកក៏បានប្រាប់ឲ្យដឹងផងដែរថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក៏បានបញ្ជាក់ពីចំណាប់អារម្មណ៍របស់លោកក្នុងការចូលរួមប្រយុទ្ធប្រឆំាងភេវរកម្ម និងក្រុមហិង្សាជ្រុលនិយមផងដែរ។
«ថ្ងៃនេះខ្ញុំក៏បានពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី[ហ៊ុន សែន] ទាក់ទិននឹងការធ្វើការឆ្លើយតបភា្លមៗ ប្រយុទ្ធនឹងពួកហិង្សាជ្រុលនិយម។ ហើយយើងក៏យល់ស្របគ្នាផងដែរថា ការនេះជាចំណុចដ៏សំខាន់បំផុតសម្រាប់ចំណងទាក់ទងរវាងប្រទេសនានាក្នុងពេលបច្ចុប្បន្ន។ លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ពីការចាប់អារម្មណ៍ខ្លាំងរបស់កម្ពុជា ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងពួកឥស្លាមជ្រុលនិយមផងដែរ»។
ក៏ប៉ុន្តែលោកថា កិច្ចការទាំងនោះនឹងត្រូវពិភាក្សាបន្តទៀតនៅក្នុងកិច្ចប្រជុំនៃប្រជាជាតិអាស៊ីអាគ្នេយ៍និងសហរដ្ឋអាមេរិក នាខែកុម្ភៈខាងមុខ នៅទីក្រុងលំហែកាយ Sunnylands ក្នុងរដ្ឋកាលីហ្វ័រញ៉ាមុននឹងធ្វើការបញ្ជូនអ្នកជំនាញខាងភេវរកម្មមកជួយហ្វឹកហ្វឺនកងកម្លាំងមានសមត្ថកិច្ចររបស់កម្ពុជា។ មុននឹងចាកចេញពីប្រទេសកម្ពុជា នាល្ងាចថ្ងៃអង្គារកន្លងមកនេះ លោកឃែរី ក៏បានសង្កត់ធ្ងន់ថា ការពង្រឹងប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងអភិបាលកិច្ចល្អគឺជាក្តីបារម្ភសំខាន់បំផុតរបស់សហរដ្ឋអាមេរិក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ក្នុងទំព័រហ្វេសប៊ុករបស់លោកនាថ្ងៃពុធនេះថា ជំនួបរបស់លោកជាមួយលោកចន ឃែរីនាថ្ងៃអង្គារកន្លងទៅ គឺមិនត្រឹមតែបានផ្តល់ផលប្រយោជន៍យ៉ាងសំខាន់ដល់ទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ តែវាក៏ជាផលប្រយោជន៍យ៉ាងសំខាន់សម្រាប់ទំនាក់ទំនងរវាងអាស៊ាននិងសហរដ្ឋអាមេរិកផងដែរ៕