ប្រធានកងការពារសន្តិសុខប្រធានាធិបតី បាននិយាយនៅថ្ងៃអង្គារថា អ្នកស្រីចុះចេញពីតំណែង ក្រោយការប៉ុនប៉ងធ្វើឃាតលោកអតីតប្រធានាធិបតី Trump ដែលបាននាំឱ្យមានការរិះគន់យ៉ាងខ្លាំងអំពីបរាជ័យរបស់ទីភ្នាក់ងារដែលមានតួនាទីការពារប្រធានាធិបតី និង អតីតប្រធានាធិបតី។
អ្នកស្រី Kimberly Cheatle ដែលបានកាន់តំណែងជាប្រធានកងការពារសន្តិសុខប្រធានាធិបតី តាំងពីខែសីហាឆ្នាំ២០២២មក បានរងការអំពាវនាវឱ្យចុះចេញពីតំណែង នៅពេលដែលមានការស៊ើបអង្កេតមួយចំនួន ដើម្បីស្វែងយល់ថា តើហេតុដូចម្តេច បានជាខ្មាន់កាំភ្លើងម្នាក់ អាចចូលទៅជិតបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ ដល់ថ្នាក់ហ្នឹង នៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅកណ្តាលវាលមួយ ក្នុងរដ្ឋ Pennsylvania។
អ្នកស្រី Cheatle បាននិយាយនៅក្នុងសារអ៊ីម៉ែលមួយ ទៅកាន់បុគ្គលិកដែលទីភ្នាក់ងារសារព័ត៌មាន AP ទទួលបានថា៖ «ខ្ញុំទទួលខុសត្រូវទាំងស្រុង ចំពោះការថ្លោះធ្លោយផ្នែកសន្តិសុខ។ ហើយអ្នកស្រីបានថ្លែងថា អ្នកស្រីបានធ្វើការសម្រេចចិត្តយ៉ាងពិបាកមួយ ដើម្បីចុះចេញពីតំណែងជាប្រធានកងការពារសន្តិសុខ»។
ការចុះចេញពីតំណែងរបស់អ្នកស្រី Cheatle ប្រហែលជានឹងមិនបញ្ចប់ការត្រួតពិនិត្យទីភ្នាក់ងារ ដែលមានបញ្ហាជាយូរមកហើយនេះទេ។ ក្រុមសមាជិកសភានៃគណបក្សនយោបាយធំៗទាំងពីរបានសន្យាថានឹងធ្វើការស៊ើបអង្កេតជាបន្ត។ ក្រៅពីនោះនៅមានការស៊ើបអង្កេតផ្សេងៗទៀត ដែលរួមមានការស៊ើបអង្កេតឯករាជ្យមួយ របស់គណបក្សទាំងពីរ ដែលលោកប្រធានាធិបតី Joe Biden បានស្នើឡើង ដែលនឹងនាំឱ្យទីភ្នាក់ងារនេះ ស្ថិតនៅក្រោមការពិនិត្យមើលយ៉ាងដិតដល់។
ការចុះចេញពីតំណែងរបស់អ្នកស្រី Cheatle កើតឡើងមួយថ្ងៃក្រោយពីអ្នកស្រី បានបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិការសភាមួយ ហើយត្រូវបានសមាជិករដ្ឋសភាគណបក្សប្រជាធិបតេយ្យនិងសាធារណរដ្ឋរិះគន់យ៉ាងខ្លាំងអស់ពេលរាប់ម៉ោង ចំពោះបរាជ័យខាងផ្នែកសន្តិសុខ។ អ្នកស្រីបានហៅការប៉ុនប៉ងធ្វើឃាតលោក Trump ថាជា «ការបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុតនៅក្នុងប្រតិបត្តិការ» ក្នុងរយៈពេលរាប់សិបឆ្នាំ ហើយបាននិយាយថា អ្នកស្រីទទួលខុសត្រូវទាំងស្រុង ចំពោះការថ្លោះធ្លោយផ្នែកសន្តិសុខនេះ ក៏ប៉ុន្តែអ្នកស្រីបានធ្វើឱ្យសមាជិកសភាខឹង ដោយមិនបានឆ្លើយសំណួរមួយចំនួនអំពីការស៊ើបអង្កេត៕
វេទិកាបញ្ចេញមតិ