ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​មីក្រុប​ដែល​ការពារ​សត្វ​មូស​មិន​ឲ្យ​ឆ្លង​ជំងឺ​គ្រុនចាញ់


រូបឯកសារ៖ មន្រ្តីសុខាភិបាលម្នាក់យកសំណាកឈាមពីបុគ្គលម្នាក់មកពិនិត្យមើលជំងឺគ្រុនចាញ់ នៅរដ្ឋ Kayin ប្រទេសមីយ៉ាន់ម៉ា។
រូបឯកសារ៖ មន្រ្តីសុខាភិបាលម្នាក់យកសំណាកឈាមពីបុគ្គលម្នាក់មកពិនិត្យមើលជំងឺគ្រុនចាញ់ នៅរដ្ឋ Kayin ប្រទេសមីយ៉ាន់ម៉ា។

អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស និង​កេនយ៉ា បាន​រក​ឃើញ​មីក្រុប​មួយ​ដែល​ពួកគេ​និយាយ​ថា​មាន «សក្តានុពល​ខ្លាំងក្លា» ចំពោះ​លទ្ធភាព​នៅ​ក្នុង​ការ​លុប​បំបាត់​ជំងឺ​គ្រុនចាញ់ ដែល​ជា​ជំងឺ​ដ៏​សាហាវ​បំផុត​មួយ​នៅ​លើ​ពិភពលោក។

ការ​សិក្សា​មួយ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី Nature Communications បាន​បញ្ជាក់​ថា មីក្រុប​នេះ​ការពារ​សត្វ​មូស​បាន​ទាំង​ស្រុង​មិន​ឲ្យ​ឆ្លង​ជំងឺ​គ្រុនចាញ់។

មីក្រុប​នេះ​មាន​ឈ្មោះ​ថា Microsporidia MB ហើយ​អ្នក​វិទ្យាសាស្ត្រ​នានា​បាន​រក​ឃើញ​វា​នៅ​ក្នុង​ពោះវៀន និង​ប្រដាប់​បន្តពូជ​របស់​សត្វ​មូស ដែល​រស់នៅ​ជុំវិញ​បឹង Victoria នៅ​ក្នុង​ប្រទេស​កេនយ៉ា។

អ្នក​វិទ្យាសាស្ត្រ​ទាំង​នោះ​បាន​រាយការណ៍​ថា ពួកគេ​រក​ឃើញ​ថា គ្មាន​សត្វ​មូល​ណា​មួយ​ដែល​មាន​មីក្រុប​នេះ​នៅ​ក្នុង​ពោះវៀន​មាន​វីរុស​គ្រុនចាញ់​នោះ​ទេ។

អ្នក​ជំនាញ​ខាង​សត្វ​ល្អិត លោក​វេជ្ជបណ្ឌិត Jeremy Herren បាន​ប្រាប់​ទូរទស្សន៍ BBC ថា៖ «ទិន្នន័យ ដែល​យើង​មាន​កន្លង​មក បាន​បង្ហាញ​ថា មីក្រុប​នេះ​អាច​រារាំង​ជំងឺ​គ្រុន​ចាញ់​បាន ១០០%។ វា​គឺ​ជា​ការ​ភ្ញាក់ផ្អើល​មួយ។ ខ្ញុំ​គិត​ថា មនុស្ស​នឹង​យល់​ថា​នេះ​គឺ​ជា​ការ​រក​ឃើញ​មួយ​ដ៏​អស្ចារ្យ»។

អ្នក​ជំនាញ​នានា​បាន​និយាយ​ថា ពួកគេ​មិន​ដឹង​ឲ្យ​បាន​ពិត​ប្រាកដ​ទេ​ថា​តើ​មីក្រុប​នេះ​ដំណើរការ​យ៉ាង​ម៉េច ប៉ុន្តែ​គ្រាន់តែ​មាន​ការ​សង្ស័យ​ថា មីក្រុប​នេះ​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​សត្វ​មូល​តាម​វិធី​មួយ​ដែល​អនុញ្ញាត​ឲ្យ​សត្វ​មូល​អាច​យក​ឈ្នះ​លើ​ប៉ារ៉ាស៊ីត​វីរុស​គ្រុនចាញ់​បាន។

អ្នក​វិទ្យាសាស្ត្រ​បាន​ប៉ាន់​ប្រមាណ​ថា សត្វ​មូល​ប្រហែល ៥% មាន​មីក្រុប​នេះ​ជា​ធម្មជាតិ។ ជំហាន​បន្ទាប់​របស់​អ្នក​ជំនាញ​គឺ​សិក្សា​ស្រាវជ្រាវ​អំពី​វិធី​នៅ​ក្នុង​ការ​ព្រលែង​សត្វ​មូល​ដែល​មាន​មីក្រុប​នេះ​នៅ​ក្នុង​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ។

ជំងឺ​គ្រុនចាញ់​ឆ្លង​រាលដាល​ដល់​មនុស្ស​តាម​រយៈ​ការ​ខាំ​របស់​សត្វ​មូស ហើយ​ជំងឺ​នេះ​បាន​សម្លាប់​មនុស្ស​ប្រហែល ៤ សែន​នាក់​ជា​រៀងរាល​ឆ្នាំ។ អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់​ថា ជន​រងគ្រោះ​ភាគ​ច្រើន​គឺ​ជា​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ។

ទោះបីជា​ការ​ប្រើ​វិធានការ​មួយ​ចំនួន ដូចជា​មុង​ការពារ​សត្វ​មូល និង​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ជា​ដើម បាន​ផ្ដល់​លទ្ធផល​ល្អ​ប្រសើរ​នៅ​ក្នុង​ការ​កម្ចាត់​ជំងឺ​គ្រុនចាញ់ ជា​ពិសេស​នៅ​តំបន់​ភាគ​ខាង​ត្បូង​វាល​ខ្សាច់​សាហារ៉ា​នៃ​ទ្វីប​អាហ្វ្រិក នៅ​ក្នុង​រយៈពេល ២០ ឆ្នាំ​កន្លង​មក​នេះ​ក៏​ដោយ ក៏​យុទ្ធសាស្ត្រ​ដែល​មាន​ស្រាប់​ទាំង​នេះ​នៅតែ​មិន​គ្រប់គ្រាន់ ដោយសារតែ​ខ្លួន​សត្វ​មូល​បាន​បង្កើត​ប្រព័ន្ធ​ប្រឆាំង​ទៅ​នឹង​ថ្នាំ សម្លាប់​សត្វ​ល្អិត​មួយ​ចំនួន។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus បាន​ព្រមាន​កាល​ពី​ខែ​មុន​ថា ទោះបីជា​សហគមន៍​សុខាភិបាល​សកលលោក​កំពុង​ផ្ដោត​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ក៏​ដោយ ក៏​ជំងឺ​មួយ​ចំនួន​ផ្សេង​ទៀត​ដូចជា​ជំងឺ​គ្រុនចាញ់​នេះ​ជា​ដើម «នឹង​កាន់តែ​មាន​កើនឡើង​ថែម​ទៀត» ប្រសិនបើ​មាន​មនុស្ស​តិចតួច​ទទួល​បាន​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ ដោយសារតែ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​នោះ។

អង្គការ​សុខភាព​ពិភពលោក​បាន​ព្យាករណ៍​ថា ចំនួន​នៃ​ការ​ស្លាប់​ដោយសារ​ជំងឺ​គ្រុនចាញ់​អាច​កើន​ឡើង​លើស ៧ សែន ៦ ម៉ឺន ៩ ពាន់​នាក់​នៅ​ក្នុង​ឆ្នាំ​នេះ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG