យន្តហោះឌ្រូនត្រូវបានគេប្រើជាអាវុធថ្មីមួយសម្រាប់ប្រឆាំងនឹងជំងឺគ្រុនចាញ់នៅលើកោះ Zanzibar។ នៅក្នុងភូមិ Cheju ឌ្រូនជាច្រើនត្រូវបានគេប្រើដើម្បីបាចសាចសារធាតុរាវទៅលើថ្លុកទឹកធំៗជាច្រើននៅតាមវាលស្រែ កន្លែងដែលមូសដែកគោលពង។
ឌ្រូនទាំងនេះកំពុងបាចសាចសារធាតុស៊ីលីកូន ទៅលើកន្លែងណាដែលមានទឹក ដែលបង្កើតជាស្រទាប់ស្ដើងមួយដែលររាំងពងមូសមិនឲ្យញាស់។
លោកវេជ្ជបណ្ឌិត Bart Knols ជាអ្នកសិក្សាស្រាវជ្រាវអំពីសត្វល្អិតតាមបែបវិទ្យាសាស្ត្រ និងជាអ្នកដឹកនាំក្រុមអ្នកស្រាវជ្រាវក្នុងកម្មវិធីកម្ចាត់ជំងឺគ្រុនចាញ់ ឬ Zanzibar Malaria Elimination Program។ លោកបាននិយាយថា វិធីនេះនឹងកាត់បន្ថយចំនួនមូសដែកគោលនៅក្នុងតំបន់។
លោកBart Knols បាននិយាយថា៖ «[ស្រទាប់]នេះ អាចមានអាយុកាលប្រហែលពីបីទៅបួនសប្ដាហ៍ បន្ទាប់មកសារធាតុជីវសាស្ត្រដែលជាស្រទាប់នេះនឹងរលាយខ្លួនឯង។ មួយខែក្រោយមក អ្នកអាចបាចសាចសារធាតុរាវនេះទៅលើផ្ទៃទឹកម្ដងទៀត ដើម្បីការពារមូសឲ្យបានខ្លាំងក្លាជាងមុន»។
បើសិនជាគ្មានស្រទាប់នេះ ដង្កូវទឹកនឹងក្លាយខ្លួនជាមូសពេញវ័យ ហើយមូសទាំងនោះនឹងចេញទៅរកចំណី [ឈាម]។ នៅពេលមូសទាំងនោះខាំមនុស្ស ពួកវានឹងចម្លងមេរោគគ្រុនចាញ់ដល់ពួកគេ ហើយមូសទាំងនោះក្លាយខ្លួនជាភ្នាក់ងារចម្លងមេរោគរហូតដល់ស្លាប់។
តាមបណ្ដាយឆ្នេរសមុទ្រឥណ្ឌានៃភាគខាងកើតទ្វីបអាហ្វ្រិក តំបន់ Zanzibar និងតំបន់ដីគោកក្នុងប្រទេសតង់ហ្សានី មានប្រវត្តិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ជាយូរណាស់មកហើយ។ លោក Abdula Ally មកពីកម្មវិធីលុបបំបាត់ជំងឺគ្រុនចាញ់ Zanzibar បានឲ្យដឹងថា ការប្រើប្រាស់ឌ្រូនគឺជាមធ្យោបាយដ៏ល្អបំផុតសម្រាប់ដោះស្រាយបញ្ហាជំងឺគ្រុនចាញ់។
លោក Abdula បាននិយាយថា៖ «ការប្រើវិធានការតាមបែបប្រពៃណី អ្នកមិនអាចគ្របដណ្ដប់ទំហំដីបានធំនោះទេ ប៉ុន្តែការប្រើឌ្រូនគឺខុសគ្នា»។
មន្ត្រីនិយាយថា ការបាចសាចថ្នាំដោយប្រើឌ្រូនគឺជាមធ្យោបាយដែលមានតម្លៃថោក ដើម្បីលុបបំបាត់ការបន្តពូជរបស់សត្វមូស។
Guido Welter ធ្វើការជាមួយគម្រោងឌ្រូនកម្ចាត់ជំងឺគ្រុនចាញ់បាននិយាយថា៖ «ឌ្រូនអាចហោះជាមួយល្បឿនដែលយើងកំណត់មួយហិតា ត្រូវការថ្នាំ១០លីត្រ និងចំណាយពេលបីនាទី។ យើងបានគណនារួចហើយថាមួយម៉ោងយើងអាចគ្របដណ្ដប់ ៨ ហិតា»។
លោក Eduardo Rodriguez អ្នកគ្របគ្រងផលិតផល DJI ប្រចាំទ្វីបអឺរ៉ុប បាននិយាយថា៖ «យើងក៏អាចបង្ហោះដោយប្រើមធ្យោបាយស្វ័យប្រវត្តិ ដែលអ្នកបញ្ជាប្រើ GPS និងស្គាល់ទីតាំងដែលត្រូវបាចសាចថ្នាំ និងអាចជ្រើសរើសរបៀបបាញ់ និងរបៀបហោះ ដោយធ្វើការចុចប៊ុតុងពីរ។
យោងតាមអង្គការសុខភាពពិភពលោក WHO ផលិតផលAquatain AMF ដែលគេប្រើដើម្បីបាញ់ គឺមានសុវត្ថិភាព និងមានប្រសិទ្ធភាពនៅពេលប្រើតាមការណែនាំភ្ជាប់ជាមួយថ្នាំ៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា