អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Oxford កំពុងប្រឹងប្រែងដើម្បីបង្កើតវ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានមុនពេលកំណត់ជាស្ដង់ដារបែបវេជ្ជសាស្ត្រ។
អ្នកវិទ្យាសាស្ត្រទាំងនោះបានបង្ហាញភាពជឿជាក់នៅក្នុងសមត្ថភាពរបស់ពួកគេ ក្នុងការបង្កើតវ៉ាក់សាំងឲ្យបានឆាប់ ដោយធ្វើឲ្យពិភពលោកមានក្ដីសង្ឃឹមថា វ៉ាក់សាំងការពារជំងឺនេះអាចនឹងបង្កើតបាននៅក្នុងឆ្នាំនេះ។
ការសាកល្បងលើកដំបូងនៃវ៉ាក់សាំងដែលកំពុងបង្កើតដោយវិទ្យាស្ថាន Jenner នៃសាកលវិទ្យាល័យ Oxford ក្នុងចក្រភពអង់គ្លេស បានធ្វើឡើងកាលពីសប្ដាហ៍មុន។ អ្នកវិទ្យាសាស្ត្រគ្រោងនឹងបង្កើនការសាកល្បងឲ្យបានច្រើនសម្រាប់រយៈពេលជាងមួយខែ ដែលជារយៈពេលដែលលឿនជាងកិច្ចប្រឹងប្រែងផ្សេងទៀត ក្នុងការបង្កើតវ៉ាក់សាំងការពារជំងឺកូវីដ១៩ នេះ។
កាសែត New York Times បានរាយការណ៍កាលពីថ្ងៃច័ន្ទថា អ្នកវិទ្យាសាស្ត្រគ្រោងនឹងសាកល្បងវ៉ាក់សាំងនេះលើមនុស្សជាង ៦ ពាន់នាក់ ឲ្យបាននៅត្រឹមចុងខែឧសភាខាងមុខ។
ក្រុមអ្នកវិទ្យាសាស្ត្រទាំងនេះបានបញ្ជាក់ថា ប្រសិនបើការសាកល្បងនេះឃើញថាមានប្រសិទ្ធិភាព នោះពួកគេមានបំណងផលិតវ៉ាក់សាំងនេះឲ្យបាន ១ លានដូស នៅត្រឹមខែកញ្ញាខាងមុខ គឺមុនពេលវេលាកំណត់ជាស្ដង់ដារបែបវេជ្ជសាស្ត្រដែលមានរយៈពេលពី ១២ ទៅ ១៨ ខែ ដែលជារយៈពេលលើកឡើងដោយអ្នកជំនាញខាងសុខាភិបាលនានានៅទូទាំងពិភពលោក។
អ្នកស្រីសាស្ត្រាចារ្យ Sarah Gilbert ដែលជាប្រធានក្រុមអ្នកវិទ្យាសាស្ត្រទាំងនេះ បានបញ្ជាក់ថា អ្នកស្រីមាន «ការជឿជាក់ចំនួន ៨០%» ថា វ៉ាក់សាំងនេះនឹងមានប្រសិទ្ធភាព៕