ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វេជ្ជបណ្ឌិត​កំពូល​ជប៉ុន​ថា កីឡា​អូឡាំពិក​មិន​អាច​ធ្វើ​បាន ប្រសិនបើ​គ្មាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩


រូប​ឯកសារ៖ បុរស​ម្នាក់​ពាក់​ម៉ាស់​ដើរ​កាត់​ផ្ទាំង​បដា​មួយ​ដែល​មាន​ស្លាកសញ្ញា​នៃ​ការ​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ២០២០ ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០។
រូប​ឯកសារ៖ បុរស​ម្នាក់​ពាក់​ម៉ាស់​ដើរ​កាត់​ផ្ទាំង​បដា​មួយ​ដែល​មាន​ស្លាកសញ្ញា​នៃ​ការ​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ២០២០ ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០។

លោក Yoshitake Yokokura ប្រធាន​សមាគម​វេជ្ជសាស្ត្រ​ជប៉ុន បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រទេស​ជប៉ុន​នឹង​ពិបាក​ធ្វើ​ការ​រៀបចំ​ការ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ឆ្នាំ​ក្រោយ​តាម​កាល​បរិច្ឆេទ​ដែល​ខ្លួន​បាន​កែប្រែ​ណាស់ ប្រសិនបើ​គ្មាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ នោះ​ទេ។

លោក Yoshitake Yokokura លើក​ឡើង​ដូច្នេះ​ថា៖ «ខ្ញុំ​មិន​មែន​និយាយ​ថា ប្រទេស​ជប៉ុន​គួរ ឬ​មិន​គួរ​រៀបចំ​កីឡា​អូឡាំពិក​នោះ​ទេ ប៉ុន្តែ​ចង់​បញ្ជាក់​ថា វា​នឹង​មាន​ការ​ពិបាក​នៅ​ក្នុង​ការ​រៀបចំ ប្រសិនបើ​គ្មាន​វ៉ាក់សាំង​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​ការពារ​ជំងឺ​កូវីដ១៩ បង្កើត​ឡើង​ទាន់​ពេល​វេលា​នោះ​ទេ»។

ការ​ឆ្លង​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ នេះ បាន​បង្ខំ​ឲ្យ​អ្នក​រៀបចំ​កីឡា​អូឡាំពិក​ផ្អាក​គម្រោង​រៀបចំ​កីឡា​នេះ​នៅ​ខែ​កក្កដា ឆ្នាំ​នេះ ដោយ​ពន្យារពេល​ព្រឹត្តិការណ៍​ដែល​មាន​ការ​ចូលរួម​ពី​កីឡាករ​រាប់​ពាន់​នាក់​មក​ពី​ជុំវិញ​ពិភពលោក​នេះ​រហូត​ដល់​ឆ្នាំ​ក្រោយ។

នៅ​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​ជា​ច្រើន​កំពុង​ធ្វើ​ការ​ផលិត​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ ប៉ុន្តែ​អ្នក​ជំនាញ​នានា​បាន​ជំរុញ​ឲ្យ​មាន​ការ​ប្រយ័ត្នប្រយែង​ថា ដំណើរការ​សាកល្បង​ទាំង​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង រួម​ទាំង​បរិមាណ​នៃ​វ៉ាក់សាំង អាច​ត្រូវការ​ពេល​ពី ១២ ទៅ ១៨ ខែ។

ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នេះ​នៅ​លើ​ពិភពលោក​បាន​កើន​លើស ៣ លាន​នាក់ និង​ការ​ស្លាប់​ដោយសារ​ជំងឺ​នេះ​បាន​កើន​លើស ២ សែន ១ ម៉ឺន ១ ពាន់​នាក់។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សាកល​វិទ្យាល័យ Johns Hopkins៕

XS
SM
MD
LG