ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាធិបតេយ្យ​នៃ​ព្រឹទ្ធសភា​អាមេរិក ប្រកាស​បោះឆ្នោត​លើ​សំណើ​ច្បាប់​សំណាញ់​សុវត្ថិភាព​សង្គម​របស់​លោក Biden នៅ​ដើម​ឆ្នាំក្រោយ


រូបឯកសារ៖ មេដឹកនាំគណបក្សប្រជាធិបតេយ្យនៃព្រឹទ្ធសភា​អាមេរិក​ដែលជា​គណបក្សសំឡេង​ភាគច្រើនលោក Chuck Schumer និយាយជាមួយអ្នកសារព័ត៌មាន​អំពី​កិច្ចខិតខំ​ប្រឹងប្រែងរបស់​លោកក្នុងការជំរុញសំណើច្បាប់សុវត្ថិភាពសង្គមនិងបរិស្ថាន នៅ​វិមាន​សភា​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។
រូបឯកសារ៖ មេដឹកនាំគណបក្សប្រជាធិបតេយ្យនៃព្រឹទ្ធសភា​អាមេរិក​ដែលជា​គណបក្សសំឡេង​ភាគច្រើនលោក Chuck Schumer និយាយជាមួយអ្នកសារព័ត៌មាន​អំពី​កិច្ចខិតខំ​ប្រឹងប្រែងរបស់​លោកក្នុងការជំរុញសំណើច្បាប់សុវត្ថិភាពសង្គមនិងបរិស្ថាន នៅ​វិមាន​សភា​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។

លោក Chuck Schumer មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​នៃ​ព្រឹទ្ធសភា​អាមេរិក ដែល​ជា​គណបក្ស​សំឡេង​ភាគច្រើន បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ព្រឹទ្ធសភា ​នឹង​បោះឆ្នោត​នៅ​«ដើម​ឆ្នាំ​ក្រោយ» លើ​គម្រោង​ចំណាយ​សំណាញ់​សុវត្ថិភាព​សង្គម​របស់​លោក​ប្រធានាធិបតី Joe Biden។

លោក Schumer បាន​បញ្ជាក់​ដូច្នេះ បន្ទាប់ពី​សមាជិក​ព្រឹទ្ធសភា​ដ៏​សំខាន់​មួយ​រូប​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា លោក​មិន​អាច​គាំទ្រ​សំណើ​ច្បាប់​នេះ។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅកាន់​សហការី​របស់​លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក Schumer បាន​លើកឡើង​អំពី​ការ​មិន​សប្បាយ​ចិត្ត​ និង​ការ​ខកចិត្ត​ក្នុង​ចំណោម​សមាជិក​ព្រឹទ្ធសភា​នៃ​ក្រុម​របស់​លោក នៅពេល​ដែល​សមាជិក​ព្រឹទ្ធសភា​លោក Joe Manchin បាន​ជំទាស់​ទៅ​នឹង​សំណើច្បាប់​ដែល​មាន​កញ្ចប់​ថវិកា​ប្រមាណ ២ លាន ​លាន​ដុល្លារ​នេះ ដែល​ការ​ជំទាស់​នេះ​ បាន​បង្អាក់​ដល់​ក្តី​សង្ឃឹម​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ ដែល​ចង់​ឲ្យ​ច្បាប់​នេះ​ ត្រូវ​បាន​អនុម័ត​មុន​ថ្ងៃ​ទី ២៥ ខែ​ធ្នូ​ខាង​មុខ ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ណូអែល។

លោក Schumer បញ្ជាក់​ដូច្នេះ​ថា៖ «ទោះបីជា​មាន​ការ​ពន្យារពេល​បែប​នេះ ឬ​ក៏​ការ​ប្រកាស​ផ្សេងៗ​កាលពី​ពេល​ថ្មីៗ​នេះ​ក៏ដោយ ក៏​វា​មិន​អាច​រារាំង​យើង​ក្នុង​ការ​បន្ត​ស្វែររក​ច្រក​ចេញ​នោះ​ដែរ។ យើង​មិន​អាច​លះបង់​ចោល​ការ​ព្យាយាម​នោះទេ។ យើង​ត្រូវតែ ​ហើយ​នឹង​បន្ត​ប្រយុទ្ធ​តស៊ូ​ដើម្បី​ឲ្យ​ច្បាប់​នេះ​ចេញ​ជា​រូបរាង​ឡើង​ដើម្បី​ជា​ប្រយោជន៍​ដល់​ក្រុម​គ្រួសារ​ពលរដ្ឋ​អាមេរិកាំង​ដែល​ធ្វើការ»។

ដោយ​រដ្ឋសភា​អាមេរិក​បាន​បោះឆ្នោត​អនុម័ត​រួច​ហើយ​លើ​សំណើ​ច្បាប់​នេះ លោក Schumer បាន​ថ្លែង​ថា ព្រឹទ្ធសភា​អាមេរិក​ នឹង​បោះឆ្នោត​លើ​«ទម្រង់​កែលម្អ​ថ្មី»​មួយ​នៃ​សំណើ​ច្បាប់​នេះ ហើយ​ព្រឹទ្ធសភា «នឹង​នៅតែ​បន្ត​បោះឆ្នោត​គាំទ្រ​រហូត​ទាល់តែ​សំណើ​ច្បាប់​នេះ​ ត្រូវ​បាន​អនុម័ត»។

កន្លង​មក សមាជិក​ព្រឹទ្ធសភា​លោក Manchin បាន​សម្តែង​ក្តី​បារម្ភ​អំពី​ទំហំ​នៃ​កញ្ចប់​ថវិកា​ចំណាយ​នេះ។ សំឡេង​ឆ្នោត​គាំទ្រ​របស់​លោក​ គឺ​មាន​សារៈសំខាន់​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ នៅ​ពេល​ដែល​សមាជិក​គណបក្ស​នេះព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​សំណើ​ច្បាប់​នេះ​ អាច​អនុម័ត​បាន៕

ព័ត៌មាន​ខ្លះ​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ​ ត្រូវបាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

XS
SM
MD
LG