ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden នឹង​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ទឹកប្រាក់​១លានលាន​ដុល្លារ


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និយាយ​អំពី​ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ និង​របៀបវារៈ​ក្នុងស្រុក​របស់​លោក ក្នុង​អំឡុងពេល​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង Scranton រដ្ឋ Pennsylvania កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២១។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និយាយ​អំពី​ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ និង​របៀបវារៈ​ក្នុងស្រុក​របស់​លោក ក្នុង​អំឡុងពេល​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង Scranton រដ្ឋ Pennsylvania កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២១។

ប្រធានាធិបតី​អាមេរិក​លោក​ Joe Biden ​នឹង​រៀបចំ​ពិធី​មួយ​នៅ​ថ្ងៃ​ចន្ទ​ នៅ​ឯ​សេតវិមាន​ ហើយ​លោក​នឹង​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាងច្បាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​មាន​ទឹក​ប្រាក់​១​លាន​ លាន​ដុល្លារ​ដែល​គណបក្ស​ទាំង២​ បាន​ព្រមព្រៀង​គ្នា​អនុម័ត​ជាចុង​ក្រោយ​នៅ​ក្នុង​សភា​ បន្ទាប់ពី​ការ​ចរចា​ជា​ច្រើន​ខែ។​

សេចក្តី​ព្រាងច្បាប់​នោះ​ អនុម័ត​ការ​ចំណាយ​ដ៏​ច្រើន​នៅ​ទូទាំង​ប្រទេស​ដើម្បី​ជួសជុល​ផ្លូវ និង​ស្ពាន ​ដែល​ទ្រុឌទ្រោម ​ស្តារ​សេវា​កម្ម​រទេះ​ភ្លើង​ និង​ពង្រីក​ការ​ដឹក​ជញ្ជូន​សាធារណៈ។​

សេតវិមាន​បាន​បញ្ជាក់​ថា​ ​ពិធី​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ចន្ទ​នេះ ​រួម​មាន​អភិបាល​រដ្ឋ​ និង​អភិបាល​ក្រុង​មកពី​គណបក្ស​ប្រជា​ធិបតេយ្យ​ និងគណបក្សសាធារណរដ្ឋ​ និង​មេដឹក​នាំ​សហជីព​ និង​ពាណិជ្ជ​កម្ម។​

សេចក្តី​ព្រាង​ច្បាប់​នោះ ​រួម​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ដើម្បី​ពង្រីក​ប្រព័ន្ធ​អ៊ីនធឺណិត​លឿន​ ជា​ពិសេស​សម្រាប់​ក្រុម​គ្រួសារ​មាន​ប្រាក់​ចំណូល​ទាប ​សម្រាប់​តំបន់​ជនបទ ​និង​សម្រាប់​សហគមន៍​ជន​ជាតិភាគ​តិច។​

ក្រៅ​ពីនេះ​ ក៏​មាន​កម្មវិធី​ជួយ​បណ្តាញ​អគ្គិសនី​ជាតិ​ និង​ប្រព័ន្ធ​ទឹក​ប្រើប្រាស់​ និង​ប្រព័ន្ធ​លូ។ ​ចំណត​អាកាស​យានដ្ឋាន​ ក៏​នឹង​ត្រូវ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង។​ ប្រាក់​នេះ ​ក៏ត្រូវ​ប្រើ​សម្រាប់​បង្កើត​កន្លែង​បញ្ចូល​ភ្លើង​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​ ហើយ​នឹង​ទិញ​រថយន្តប្រើ​ថាមពល​អគ្គិសនីដឹក​សិស្ស​សាលា​ផងដែរ។​

សេតវិមាន​ កាលពី​ថ្ងៃ​អាទិត្យ​ បាន​ប្រកាស​ជ្រើសរើស​ឱ្យ​លោក​ Mitch Landrieu​ អតីត​អភិបាល​ក្រុង ​New Orleans ​ត្រួត​ពិនិត្យ​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នេះ។​

លោក​ប្រធានាធិបតី ​Biden ​និង​សមាជិក​គណៈ​រដ្ឋមន្ត្រី​ខ្លះ​របស់​លោក​ បាន​រៀបចំ​ពិធី​មួយ​ចំនួន​ហើយ​ដើម្បី​បញ្ជាក់​ពី​អត្ថ​ប្រយោជន៍​កញ្ចប់​ថវិកា​ចំណាយ​នេះ។ ​ បន្ទាប់ពី​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ចន្ទ​នេះ ​លោក​ប្រធានាធិបតី​គ្រោង​ធ្វើ​ដំណើរ​ទៅ​រដ្ឋ ​New Hampshire ​នៅ​ថ្ងៃ​អង្គារ​ ដើម្បី​ពិនិត្យ​មើល​ស្ពាន​មួយ​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ថា​ ​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង​ដែល​ត្រូវ​ការជួស​ជុល។ ​ហើយ​នៅ​ថ្ងៃ​ពុធ​ លោក​មាន​ពិធី​មួយ​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​រោងចក្រ​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​នៅ​ក្នុង​រដ្ឋ ​Michigan៕

ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន ​The Associated Press និង Reuters។

XS
SM
MD
LG