សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យប្រកាន់នយោបាយផ្លូវកណ្តាលសហរដ្ឋអាមេរិកម្នាក់គឺសមាជិកព្រឹទ្ធសភាលោក Joe Manchin នៃរដ្ឋ West Virginia បាននិយាយកាលពីថ្ងៃអាទិត្យថា លោកជំទាស់យ៉ាងដាច់អហង្ការចំពោះផែនការចំណាយសុវត្ថិភាពសង្គមដែលមានទឹកប្រាក់ ២លាន លានដុល្លាររបស់លោកប្រធានាធិបតី Joe Biden។
សន្លឹកឆ្នោតរបស់លោក Manchin មានសារៈសំខាន់នៅក្នុងការអនុម័តរបៀបវារៈសេចក្តីព្រាងច្បាប់របស់ប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភាដែលមានការបែកបាក់ខាងនយោបាយ។ មិនមានសមាជិកណាម្នាក់នៃសមាជិកព្រឹទ្ធសភាទាំង៥០រូបពីខាងគណបក្សសាធារណរដ្ឋ នៅក្នុងព្រឹទ្ធសភាអាមេរិកដែលមានសមាជិក១០០រូបនោះ បានគាំទ្រផែនការដើម្បីពង្រីកការថែទាំសុខភាពសម្រាប់ពលរដ្ឋអាមេរិកាំងចាស់ៗ ការផ្តល់ថ្នាក់រៀនមុនមតេ្តយ្យសាលា ការអនុញ្ញាតឲ្យផ្តល់ថវិកាថ្មីដើម្បីប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ និងផ្តល់ការគាំទ្រខាងហិរញ្ញវត្ថុកាន់តែច្រើនឡើងថែមទៀតដល់ពលរដ្ឋអាមេរិកាំងដែលមានប្រាប់ចំណូលទាប។
ក្រុមគណបក្សប្រជាធិបតេយ្យសង្ឃឹមថា នឹងអាចអនុម័តសេចក្តីព្រាងច្បាប់នេះតាមរយៈការបោះឆ្នោត៥០ ទល់នឹង៥១សំឡេង មុនពេលបុណ្យណូអែល ដោយមានលោកស្រីអនុប្រធានាធិបតី Kamala Harris ផ្តល់សន្លឹកឆ្នោតដើម្បីបំបែកភាពស្មើគ្នាខាងសំឡេងបក្សទាំងពីរនេះ។ រដ្ឋសភា បានអនុម័តរួចហើយនូវសេចក្តីព្រាងច្បាប់នោះ។
ក៏ប៉ុន្តែ លោក Manchin ដែលបានពិភាក្សាសេចក្តីព្រាងច្បាប់នេះយ៉ាងយូរកាលពីសប្តាហ៍មុនជាមួយលោកប្រធានាធិបតី Biden បានប្រាប់កម្មវិធី «Fox News Sunday» ថា «ប្រសិនបើខ្ញុំមិនអាចទៅផ្ទះវិញ ហើយពន្យល់ច្បាប់នោះទៅកាន់ប្រជាពលរដ្ឋនៅរដ្ឋ West Virginia បានទេ ខ្ញុំមិនអាចបោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់នោះទេ។ ហើយខ្ញុំ មិនអាចបោះឆ្នោតបន្តសេចក្តីព្រាងច្បាប់នេះទេ»។
ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា អ្នកនាំពាក្យសេតវិមានអ្នកស្រី Jen Psaki បានធ្វើការឆ្លើយតបខ្លាំងៗដ៏កម្រ ចំពោះសមាជិកសភារូបនេះដែលលោកប្រធានាធិបតីបានព្យាយាមទាក់ទាញ ហើយដែលសំឡេងឆ្នោតគាំទ្ររបស់លោកចាំបាច់។
អ្នកស្រី Psaki បានមានប្រសាសន៍ថា៖ «យើងនឹងបន្តដាក់គំនាបលើរូបលោកដើម្បីមើលថា តើលោកនឹងប្រែក្រឡាស់គោលជំហររបស់លោកម្តងទៀតឬទេ ដើម្បីគោរពការសន្យាកាលពីពេលមុនរបស់លោក ហើយគោរពតាមពាក្យសម្តីរបស់លោកផ្ទាល់»៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះ ត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP។