ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកដែលផ្តាច់ដង្ហើមអាហារូបករណ៍និស្សិតយោធាកម្ពុជាប្រាំមួយរូបផ្តើមឲ្យមានការពិភាក្សាលើការបង្កើតកម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាលខ្មែរសម្រាប់ការបញ្ជូននិស្សិតរបស់ខ្លួនទៅសិក្សានៅក្រៅប្រទេស។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានផ្តាច់អាហារូបករណ៍ដោយសារតែកម្ពុជាបាត់បង់ភាពស្របច្បាប់ក្នុងការទទួលជំនួយពីសហរដ្ឋអាមេរិកបន្ទាប់ពីកម្ពុជាកាត់បន្ថយកិច្ចសហប្រតិបត្តិការលើផ្នែកជាច្រើននៃទំនាក់ទំនងទ្វេភាគីជាប្រពៃណីក្នុងវិស័យកងទ័ព។
ប៉ុន្តែសហរដ្ឋអាមេរិកនៅតែអនុញ្ញាតឲ្យនិស្សិតទាំងនោះបន្តការសិក្សាបានបើសិនជាពួកគេអាចរកថវិកាបង់ថ្លៃសិក្សាបានឬរដ្ឋាភិបាលកម្ពុជាបង់ថ្លៃសិក្សាដោយសារតែពួកគេបានខិតខំសិក្សានិងមានលទ្ធផលល្អ។
និស្សិតនិងគ្រូបង្រៀនមួយចំនួននៅកម្ពុជានិយាយថាពួកគេចង់ឃើញរដ្ឋាភិបាលខ្មែររៀបចំបង្កើតឲ្យមានកញ្ចប់ថវិកាជាតិដើម្បីបង្កើតកម្មវិធីអាហារូបករណ៍ដែលបើកផ្លូវដល់និស្សិតឲ្យបានចេញទៅរៀនជំនាញចាំបាច់ដែលពួកគេជ្រើសរើសនៅក្រៅប្រទសកម្ពុជាជំនួសឲ្យអាហារូបករណ៍ដែលផ្តល់ដោយរដ្ឋាភិបាលឬអង្គការបរទេស។ ការណ៍នេះដោយសារតែពួកគេមើលឃើញថារដ្ឋាភិបាលអាចធ្វើការងារនេះដោយខ្លួនឯងបានដើម្បីការបណ្តុះបណ្តាលធនធានមនុស្សនិងបំពេញតាមតម្រូវការទីផ្សារការងារ។
កញ្ញា ម៉ៅ ដាណែត អាយុ២១ ឆ្នាំជានិស្សិតឆ្នាំទី៤ផ្នែកច្បាប់នៃសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញបាននិយាយថា៖«ខ្ញុំគិតថាបើសិនជាយើងអាចរៀបចំថវិកាខ្លះដើម្បីគាំទ្រគាត់អាចធ្វើបានព្រោះអីទៅរៀននៅស្រុកគេហ្នឹងមិនមែនបានន័យថាយើងទាល់តែបញ្ជូនសិស្សមួយរយមួយពាន់នាក់ទៅទេបើសិនយើងមានសិស្សដែលមានសមត្ថភាពពិតប្រាកដបើសិនជាគាត់ចង់បណ្តុះបណ្តាលឲ្យគាត់អាចរៀបចំបាន។ខ្ញុំគិតថាអីចឹង»។
កញ្ញាដាណែតធា្លប់បានអាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិកតាមកម្មវិធីផ្លាស់ប្តូរការសិក្សា Fulbright ក្នុងឆ្នាំ២០២០។ កញ្ញាដាណែតលើកឡើងថាការកាត់ផ្តាច់ភ្លាមៗនៃអាហារូបករណ៍សហរដ្ឋអាមេរិកសម្រាប់និសិ្សតយោធាកម្ពុជាកាលពីខែមិថុនាកន្លងមកបង្កឲ្យមានការបារម្ភថាវិធានការស្រដៀងគ្នានេះអាចកើតឡើងលើកម្មវិធីជំនួយអប់រំរបស់សហរដ្ឋអាមេរិកដូចជាកម្មវិធី Fulbrightនោះដែរ ដោយសារបញ្ហានយោបាយរបស់រដ្ឋាភិបាលដែលរកាំរកូសជាមួយនឹងរដ្ឋាភិបាលអាមេរិក។
និស្សិតកម្ពុជាដែលសិក្សានៅសាកលវិទ្យាល័យនានាក្នុងសហរដ្ឋអាមេរិកមានចំនួន៧៤២នាក់ក្នុងឆ្នាំសិក្សា២០១៩-២០២០ដែលជាការកើនឡើងចំនួន៨,៣%ធៀបនឹងឆ្នាំសិក្សា២០១៨-២០១៩ដែលមានចំនួន៦៨៥នាក់។ នេះបើតាមស្ថិតិរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។
ស្ថានទូតសហរដ្ឋអាមេរិកបានឲ្យដឹងទៀតថាគិតចាប់តាំងពីឆ្នាំ១៩៩៣មកមាននិស្សិតកម្ពុជាចំនួនជាង៩០០នាក់ទទួលអាហារូបករណ៍ដែលមានប្រភពចេញពីសហរដ្ឋអាមេរិកដើម្បីទៅសិក្សាក្នុងកម្មវិធីមានសញ្ញាបត្រនិងគ្មានសញ្ញាបត្រ។
អាហារូបករណ៍ទាំងនោះបានមកពីប្រភពជាច្រើនក្នុងនោះក៏បានដោយផ្ទាល់ពីសាកលវិទ្យាល័យសហរដ្ឋអាមេរិកនិងពីអង្គការក្រៅរដ្ឋាភិបាលតួយ៉ាងមានស្ត្រីវ័យក្មេងកម្ពុជា៣៥នាក់បានអាហារូបករណ៍ពីអង្គការ SHE-CAN។ ចំណែកកម្មវិធី Fulbright របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់មូលនិធិដល់និស្សិតកម្ពុជាចំនួនបួននាក់ហើយកំពុងសិក្សានៅសាកលវិទ្យាល័យសហរដ្ឋអាមេរិកនិង៩នាក់ទៀតនឹងត្រូវចេញទៅសិក្សាសម្រាប់ឆ្នាំសិក្សា២០២១-២០២២។ នេះបើតាមការបញ្ជាក់របស់ស្ថានទូតសហរដ្ឋអាមេរិក។
លោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាមិនផ្តល់ការអធិប្បាយលើសំណួរថាតើសហរដ្ឋអាមេរិកអាចនឹងមានវិធានការលើកម្មវិធី Fulbright ដូចដែលអាមេរិកបានធ្វើទៅលើនិស្សិតយោធាកម្ពុជានោះទេបើសិនជាកម្ពុជាខកខានមិនបានដើរតាមគន្លងប្រជាធិបតេយ្យ។
ប៉ុន្តែលោកថ្លែងក្នុងអ៊ីម៉េលមួយថា៖ «យើងទន្ទឹងស្វាគមន៍ទទួលនិសិ្សតកម្ពុជាឲ្យបានច្រើនទៅថ្ងៃអនាគត»។
ក្រៅពីកម្មវិធីអាហារូបករណ៍ Fulbright របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនិស្សិតកម្ពុជាបានប្រកួតប្រជែងគ្នាយកអាហារូបករណ៍ពីប្រទេសជាច្រើនទៀតក្នុងនោះមានអាហារូបករណ៍ Cheveningរបស់ចក្រភពអង់គ្លេស Civil Society Award របស់អង្គការក្រៅរដ្ឋាភិបាល Open Society នៅសហរដ្ឋអាមេរិកនិង Australia Award របស់ប្រទេសអូស្ត្រាលី។
យោងតាមស្ថិតិរបស់ក្រសួងអប់រំដែលវីអូអេទទួលបានកាលពីដើមខែកក្កដានេះនិស្សិតកម្ពុជាចំនួន១៩.៥៤៦នាក់ក្នុងនោះមានស្ត្រី៤.២២៨នាក់បានទៅបន្តការសិក្សានៅប្រទេសចំនួន៣២នៅតំបន់អាស៊ីអឺរ៉ុបនិងអាមេរិកគិតចាប់តាំងពីឆ្នាំ១៩៨០មកក្រោមក្របខណ្ឌក្រសួងអប់រំយុវជន និងកីឡាដែលបានសហការសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានា។ ពួកគេបានសិក្សាជំនាញតាំងពីកម្មករជំនាញជាងអគ្គិសនី សំណង់សុខាភិបាលរហូតដល់ជំនាញហិរញ្ញវត្ថុវិទ្យាសាស្ត្រនយោបាយយោធានិងគ្រប់គ្រងជាដើម។
ប៉ុន្តែរដ្ឋាភិបាលហាក់ដូចជាមិនទាន់រៀបចំឲ្យមានកញ្ចប់អាហារូបករណ៍ជាក់លាក់សម្រាប់បញ្ជូននិស្សិតទៅសិក្សានៅក្រៅប្រទេសដូចអ្វីដែលកម្ពុជាធ្លាប់បានធ្វើកាលពីសម័យសង្គមរាស្ត្រនិយមឬសម័យរដ្ឋកម្ពុជានោះឡើយដោយទុកលទ្ធភាពឲ្យគ្រួសារដែលមានធនធានធូរធាប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញការសិក្សាអប់រំ។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅកម្ពុជាបានថ្លែងថា៖ «ខ្ញុំគិតថាជា ផលលំបាកមួយដែរនៅពេលដែលរដ្ឋបើកវិស័យឯកជនហើយឲ្យពលរដ្ឋទទួលខុសត្រូវខ្លួនឯងសម្រាប់ពលរដ្ឋដែលមានលទ្ធភាពគេអាចបញ្ជូនកូនទៅសិក្សានៅក្រៅប្រទេសបានតែពលរដ្ឋមានលទ្ធភាពមានភាគរយតិចណាស់ពលរដ្ឋភាគច្រើនពុំមានលទ្ធភាពបញ្ជូនកូនទៅសិក្សានៅក្រៅប្រទេសបានទេ»។
លោកសង្កេតឃើញថាប្រទេសជិតខាងកម្ពុជាមួយចំនួនដែលមានថៃនិងវៀតណាមបានរៀបចំឲ្យមានអាហារូបករណ៍រដ្ឋដើម្បីផ្តល់ការគាំទ្រខាងហិរញ្ញវត្ថុឲ្យមន្ត្រីឬនិស្សិតអាចចេញក្រៅប្រទេសដើម្បីទទួលបានការបំប៉នជំនាញនិងបន្តយកមុខវិជ្ជាសិក្សាដែលជាសេចក្តីត្រូវការរបស់និស្សិតនិងមន្ត្រីទាំងនោះ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពបានប្រាប់វីអូអេកាលពីដើមខែកក្កដានេះថា ផ្តើមចេញពីស្ថានភាពល្អក់កករនៃការកាត់ផ្តាច់អាហារូបករណ៍របស់សហរដ្ឋអាមេរិកសម្រាប់និស្សិតកម្ពុជារដ្ឋាភិបាលខ្មែរគួរពិចារណាលើការបង្កើតកញ្ចប់ថវិកាជាតិសម្រាប់បញ្ជូននិស្សិតឬមន្ត្រីរាជការខ្មែរទៅសិក្សាជំនាញជាក់លាក់មួយនៅក្រៅប្រទេស។
លោក យង់ គិមអេង បានបន្ថែមថា៖ «ជាធម្មតាគឺបើយើងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ហ្នឹងគឺពេលដែលមានការអភិវឌ្ឍតិចជាដើមហ្នឹងគឺត្រូវតែមានការរៀបចំតម្រែតម្រង់ធនធានមនុស្សហើយដើម្បើឲ្យយើងរុញការអភិវឌ្ឍជាតិរបស់យើងរុញសេដ្ឋកិច្ចរបស់យើងឲ្យវាដើរលឿនមុនគេហ្នឹងគឺចាំបាច់ណាស់ត្រូវតែត្រូវតែយើងបណ្តុះបណ្តាលធនធានមនុស្សរបស់យើងហើយត្រូវមានកញ្ចប់ថវិការបស់យើងផ្ទាល់ដែរបាទ»។
និស្សិតខ្មែរទាំង៦រូបដែលបាត់បង់អាហារូបករណ៍របស់សហរដ្ឋអាមេរិកនោះកំពុងសិក្សានៅបណ្ឌិតសភាយោធាជើងគោក West Point ចំនួន២រូបបណ្ឌិតសភាទ័ពអាកាសចំនួន២រូបកងទ័ពជើងទឹកចំនួន១រូបនិងឆ្មាំសមុទ្រចំនួន១រូប។ នេះបើតាមការបញ្ជាក់របស់និស្សិតនិងមន្ត្រីស្ថានទូតសហរដ្ឋអាមេរិកប្រាប់វីអូអេខេមរភាសាក្នុងពេលកន្លងមក។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានប្រកាសទទួលចេញថ្លៃការសិក្សារបស់ពួកគេរហូតដល់ចប់។
លោកបណ្ឌិត អ៊ា សុផល សាស្ត្រាចារ្យផ្នែកការទូតនិងកិច្ចការអន្តរជាតិនៅមហាវិទ្យាល័យOccidental ទីក្រុង Los Angeles នៅសហរដ្ឋអាមេរិកប្រាប់វីអូអេ តាមសារអ៊ីមែលមួយថា៖ «វាអាចជាលើកដំបូងហើយដែលរដ្ឋាភិបាលកម្ពុជាដែលមិនចង់ចេញលុយច្រើននោះបានចំណាយលើថ្លៃសិក្សានៅសាលាយោធាសហរដ្ឋអាមរិក»។
លោក អ៊ា សុផល យល់ស្របថាដល់ពេលដែលរដ្ឋាភិបាលត្រូវចេញថ្លៃអាហារូបករណ៍សម្រាប់និស្សិតកម្ពុជាប៉ុន្តែលោកបានបន្ថែមថា៖«អ្វីដែលខ្ញុំភ័យព្រួយនោះគឺ អាហារូបករណ៍នោះអាចត្រូវគេគៃបន្លំដើម្បីគាំទ្រកូនចៅនៃអ្នកមានអំណាច និងលុយកាក់ដើម្បីជាការបញ្ជាក់បន្ថែមនៃគុណសម្បត្តិរបស់ពួកគេ»។
នៅដើមសម័យសង្គមរាស្ត្រនិយមរបស់អតីតព្រះមហាក្សត្រខ្មែរសម្តេចព្រះបាទនរោត្តម សីហនុក្នុងទសវត្សរ៍១៩៥០និង១៩៦០រដ្ឋាភិបាលខ្មែរមានកញ្ចប់អាហារូបករណ៍ដើម្បីបញ្ជូននិស្សិតខ្មែរឲ្យទៅសិក្សានៅប្រទេសបារាំងនិងប្រទេសផ្សេងទៀតដូចជាសហរដ្ឋអាមេរិកដោយផ្តោតលើជំនាញដែលកម្ពុជាត្រូវការចាំបាច់។ ព្រះបាទនរោត្តម សីហនុបានសាងសង់និវេសនដ្ឋានសម្រាប់និស្សិតកម្ពុជានៅទីក្រុងប៉ារីសប្រទេសបារាំងផងដែរ។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយកម្ពុជាបានបញ្ជាក់ថាបច្ចុប្បន្នស្ថានភាពខុសពីមុន៖ «ខ្ញុំលើកឡើងអំពីការចាំបាច់បញ្ជូននិស្សិតទៅរៀនបរទេសជាមួយរដ្ឋលេខធិការក្រសួងអប់រំមួយរូបសុំឲ្យរដ្ឋាភិបាលខ្ចីលុយអត់ការប្រាក់ពីធនាគារពិភពលោក១០០លានដុល្លារដើម្បីបញ្ជូននិសិ្សតចំណានៗឲ្យទៅរៀនមុខវិជ្ជាវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជាព្រោះបរទេសគេមិន[សូវ]ឲ្យអាហារូបករណ៍ឲ្យទៅរៀនមុខវិជ្ជាទាំងពីរនេះទេ។ ចម្លើយគាត់អត់ចាប់អារម្មណ៍»។
គណបក្សកាន់អំណាចថ្លែងថារដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នបានបញ្ជូននិសិ្សតទៅសិក្សាក្រៅប្រទេសក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូប្រទេសជាមិត្តហើយពេលខ្លះរដ្ឋាភិបាលត្រូវសម្រេចបញ្ជូននិស្សិតជាឯកតោភាគីប្រសិនបើប្រទេសសាមីព្រមទទួល។
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបញ្ជាក់ប្រាប់វីអូអេថា៖«រាជរដ្ឋាភិបាលលោកគិតហើយប៉ុន្តែយើងដឹងថាយើងវាមានការខ្វះខាតថវិកាអីចឹងទេ បានថា ចំនួនណាអាហ្នឹងយើងបញ្ជូនទៅដោយឯកតោភាគីរបស់យើងឲ្យតែភាគីមិត្តហ្នឹងគេទទួល។ហើយមួយចំនួនទៀតគឺយើងសុំអាហារូបករណ៍ពីប្រទេសជាដៃគូជាមិត្ត ដែលជាអ្នកទទួលខុសត្រូវហើយវាស្របទៅតាមកិច្ចព្រមព្រៀងប៉ារីសដែលបណ្តាប្រទេសហត្ថលេខីទាំង១៨ហ្នឹងគេយល់ព្រមស្របទៅតាមកិច្ចព្រមព្រៀងហ្នឹង»។
និស្សិតដែលបានសិក្សានៅសហរដ្ឋអាមេរិកបានធ្វើការងារខ្ពង់ខ្ពស់ជាច្រើននៅពេលវិលត្រឡប់មកកម្ពុជាវិញ។ ក្នុងនោះមានដូចជាលោក ហ៊ុន ម៉ាណែតកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ លោកហ៊ុន ម៉ាណែតមានតួនាទីជាអគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។អ្នកស្រីឱ វណ្ណឌីនជារដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនិងលោកកែវ រតនៈប្រធានអគ្គិសនីកម្ពុជាជាដើម។
ក៏មានអ្នកខ្លះបន្តស្នាក់នៅសហរដ្ឋអាមេរិកហើយបានចូលរួមចំណែកយ៉ាងខ្លាំងដល់ប្រទេសទី២របស់ពួកគេ។ ក្នុងនោះមានលោក អ៊ុង ជិនណារី ជាអ្នកនិពន្ធតន្ត្រីខ្មែរអាមេរិកាំងល្បីល្បាញជាអន្តរជាតិម្នាក់ដែលទទួលពានរង្វាន់កិត្តិយសខ្ពស់បំផុតមួយនៅសហរដ្ឋអាមេរិក គឺសមាជិកភាពពេញមួយជីវិតនៅបណ្ឌិត្យសភាអាមេរិកាំងសម្រាប់សិល្បៈនិងអក្សរ (American Academy of Arts and Letters)។
លោក អ៊ុង ជិនណារី ធ្លាប់ទទួលបានអាហារូបករណ៍ពីមូលនិធិ Asia Foundation និងអាហារូបករណ៍ពីរដ្ឋាភិបាលខ្មែរក្នុងសម័យសង្គមរាស្ត្រនិយមដើម្បីបន្តការសិក្សាផ្នែកសិល្បៈតន្ត្រីនៅទីក្រុងញូវយ៉ក។ លោកយល់ថារដ្ឋាភិបាលខ្មែរគួរតែពិចារណាបន្តឲ្យមានអាហារូបករណ៍របស់រដ្ឋសម្រាប់បញ្ជូននិស្សិតទៅសិក្សាក្រៅប្រទេស។
លោក ជិនណារី បញ្ជាក់ប្រាប់វីអូអេថា៖ «ខ្ញុំថា គួរដែរ... ខ្ញុំអត់ហ៊ាននិយាយចំទេព្រោះខ្ញុំមិនដឹង ខាងក្នុងធ្វើរបៀបម៉េចក៏ប៉ុន្តែបើ បើមិនទាន់មានទេគួរដែរ គួររៀបចំដែរឲ្យមានទៅតាមសាខាគ្រប់អីចឹងទៅណ៎ា! ដើម្បីដូចថាស្រុកយើងខ្វះអី ខ្វះអីយើងចង់ développer [អភិវឌ្ឍ]ទៅថ្ងៃក្រោយត្រូវមានស្អីៗ។ រួចមួយទៀតខ្មែរយើងមកបង្រៀនទៅរៀនស្រុកគេហើយចូលមកស្រុកខ្មែរយើងប្រហែលជាមានរបៀបបច្ចេកទេសផ្សេង...ខ្ញុំថាល្អដែរ ពីព្រោះថាស្រុកឥឡូវយើងមិនមែនរស់តែម្នាក់ឯងណ៎ា!យើងត្រូវមានការfriendship[មិត្តភាព] មានexchange [ការផ្លាស់ប្តូរគ្នាទៅវិញទៅមក] គ្រប់សាខាទាំងអស់បាទ»។
គណបក្សសង្គ្រោះជាតិបង្ហាញការបារម្ភពីការកាត់ផ្តាច់ជំនួយអាហារូបករណ៍បន្ថែមពីសំណាក់រដ្ឋាភិបាលសហអាមេរិកតាមកម្មវិធី Fulbright ឬកម្មវិធីជំនួយអប់រំផ្សេងទៀតប្រសិនបើស្ថាន ភាពគោរពសិទ្ធិមនុស្សនិងការអនុវត្តន៍ប្រព័ន្ធប្រជាធិបតេយ្យមិនមានភាពប្រសើរឡើងនោះ។ អតីតគណបក្សប្រឆាំងដ៏ធំនៅកម្ពុជាថ្លែងថាប្រទេសនៅលោកសេរីផ្សេងទៀតអាចនឹងយកលំនាំតាមសហរដ្ឋអាមេរិកក្នុងវិស័យអប់រំនេះដែលការណ៍នេះនឹងធ្វើឲ្យនិស្សិតកម្ពុជាដែលខ្សត់ធនធានបាត់បង់ស្ពានឈានទៅសិក្សានៅក្រៅប្រទេស។
អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិយល់ថាការរៀបចំឲ្យមានកម្មវិធីអាហារូបករណ៍សម្រាប់និស្សិតខ្មែរបានទៅសិក្សាជាការចាំបាច់និងត្រូវធានាតម្លាភាពនិងការប្រកួតប្រជែង។
អ្នកស្រីមូរ សុខហួរបានបញ្ជាក់ប្រាប់វីអូអេថា៖ «ខ្ញុំយល់ឃើញថាថវិកាជាកញ្ចប់នេះហើយក៏ប៉ុន្តែត្រូវតែកម្មវិធីអាហារូបករណ៍នេះឲ្យមានតម្លាភាពពិតប្រាកដអត់មានអំពើពុករលួយអត់មានបក្ខពួកហើយមិនមែនសម្រាប់តែឲ្យកូនអ្នកដែលមានមធ្យោបាយទៅហើយទេ»។
អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា ថ្លែងតាមប្រព័ន្ធទំនាក់ទំនងសង្គមមួយថាជាទូទៅ ក្រសួងអប់រំ យុវជននិងកីឡា បានផ្សព្វផ្សាយជាសាធារណៈនិងលើកទឹកចិត្តសិស្សនិស្សិតស្តីពីឱកាសអាហារូបករណ៍ជាតិតំបន់ និងអន្តរជាតិតាមយន្តការដែលមានស្រាប់ របស់ក្រសួងអប់រំយុវជន និងកីឡាទន្ទឹមនឹងកិច្ចសហការជាមួយក្រសួងស្ថាប័នគ្រិះស្ថានសិក្សាពាក់ព័ន្ធជាពិសេសគ្រឹះស្ថានឧត្តមសិក្សាក្នុងប្រទេសកម្ពុជានិងប្រទេសជាមិត្ត។
លោកបានអធិប្បាយតាមន័យដើមថា៖ «ឱកាសអាហារូបករណ៍ទាំងអស់ដែលសិស្ស និស្សិតកម្ពុជាទទួលបានមានតួនាទីសំខាន់មួយក្នុងការចូលរួមលើកកម្ពស់គុណភាពមូលធនមនុស្សដែលចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យនាពេលបច្ចុប្បន្ន និងអនាគត»។
យ៉ាងណាក៏ដោយក្នុងរយៈពេលជាង២ទសវត្សរ៍មកនេះរដ្ឋាភិបាលចិនបានបង្កើនអាហារូបករណ៍ដល់និស្សិតនិងមន្ត្រីរាជការកម្ពុជាឲ្យទៅសិក្សាថ្នាក់បរិញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់និងបណ្ឌិតជាដើម។ ក្នុងឆ្នាំសិក្សា២០១៩-២០២០ចិនបានផ្តល់អាហារូបករណ៍ចំនួន១៨៥នាក់។ រហូតមកដល់ពេលនេះចិនបានផ្តល់អាហារូបករណ៍ជាង៣.០០០នាក់។ នេះបើតាមការផ្សាយរបស់សារព័ត៌មានចិនស៊ីនហួរ។
ប៉ុន្តែនិស្សិតកម្ពុជាដូចជាកញ្ញា ម៉ៅ ដាណែត មើលឃើញថាឱកាសសិក្សានៅបស្ចិមប្រទេសអាចជួយបើកចំហគំនិតនិងឱកាសច្រើនជាង។ កញ្ញាកំពុងសំឡឹងរកមើលអាហារូបករណ៍ទៅសិក្សាថ្នាក់បញ្ញាបត្រជាន់ខ្ពស់នៅសហរដ្ឋអាមេរិកឬប្រទេសអង់គ្លេស៕