លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា មិនបាននិយាយលាក់លៀមអំពីការប្រែប្រួលអាកាសធាតុទេ ដោយបានហៅបញ្ហានេះថា ជាការគំរាមកំហែងដល់ផែនដីនៅក្នុងសន្ទុរកថាប្រចាំសប្តាហ៍នៅសប្តាហ៍នេះ ទៅកាន់ប្រជាពលរដ្ឋអាមេរិកាំង។ កាលពីថ្ងៃពុធ លោកប្រធានាធិបតីអូបាម៉ា បានធ្វើដំណើរទៅកាន់ឧទ្យានជាតិអេកូឡូហ្ស៊ី Everglades ក្នុងរដ្ឋ Florida ដើម្បីបញ្ជាក់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុពិតប្រាកដដែលកំពុងកើតមានឡើងលើបរិដ្ឋាន សុខភាពរបស់មនុស្ស ហើយនិងជីវភាពរស់នៅរបស់ពលរដ្ឋនិងសេដ្ឋកិច្ចមូលដ្ឋាន។
សេតវិមានបានប្រាប់ឲ្យដឹងថា ការឡើងកម្រិតទឹកសមុទ្រ បានបណ្តាលឲ្យសឹកដាច់ឆ្នេរសមុទ្រហើយបានបង្កើនទឹកជំនន់ដោយធ្វើឲ្យទឹកសមុទ្រប្រៃដែលកំពុងគំរាមកំហែងប្រព័ន្ធអេកូបរិដ្ឋានទឹកសាបរបស់ឧទ្យាន Everglades ដែលជាប្រភពទឹកបរិភោគដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋមួយភាគបីរបស់រដ្ឋ Florida។
លោក Christy Guldfuss នាយកចាត់ចែងនៃក្រុមប្រឹក្សាគុណភាពបរិដ្ឋានរបស់សេតវិមាន បានហៅឧទ្យាននោះថា តំបន់សូន្យ ហើយលោកនិយាយទៀតថា លោកប្រធានាធិបតី ចង់ឃើញពីភាពស្មុគ្រស្មាញនៃការប្រែប្រួលអាកាសធាតុជាមុនសិនហើយតើពលរដ្ឋក្នុងមូលដ្ឋាននឹងរងផលប៉ះពាល់យ៉ាងដូចម្តេច៕