ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អារ៉ាប៊ីសាអូឌីត​ថា ​ខ្លួន​បាន​សាង​ «កំហុស​ដ៏​ធំ​មួយ‍» នៅ​ក្នុង​ករណី​ឃាតកម្ម​អ្នក​កាសែត

លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo ធ្វើ​ដំណើរ​ជាមួយ​នឹង​លោក​រដ្ឋមន្ត្រី​ការបរទេស​អារ៉ាប៊ី​សាអូឌីត Adel al-Jubeir នៅ​ក្នុង​ក្រុង Riyadh ប្រទេស​អារ៉ាប៊ី​សាអូឌីត កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។

ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​សាង​ «កំហុស​ដ៏​ធំ​មួយ‍» នៅ​ក្នុង​ករណី​ឃាតកម្ម​លោក Jamal Khashoggi នៅ​ក្នុង​ស្ថានកុងស៊ុល​របស់​ខ្លួន​ក្នុង​ទីក្រុង អ៊ីស្តង់ប៊ុល ប្រទេស តួកគី និង​បាន​ប្តេជ្ញា​ថា​អ្នក​ដែល​បាន​ធ្វើ​រឿង​នេះ​នឹង​ត្រូវ​ទទួល​ខុសត្រូវ។

រដ្ឋមន្ត្រី​ការបរទេស​អារ៉ាប់ប៊ីសាអូឌីត លោក Adel al-Jubeir ​បាន​ថ្លែង​ប្រាប់​បណ្តាញ​សារព័ត៌មាន Fox News កាល​ពី​ថ្ងៃ​អាទិត្យ​ថា ភ្នាក់ងារ​អារ៉ាប៊ីសាអូឌីត «បាន​ធ្វើ​រឿង​ដែល​លើស​ពី​សមត្ថកិច្ច​របស់​ពួកគេ» ដោយ​ហៅ​ប្រតិបត្តិការ​នេះ​ថា​ជា ​«ប្រតិបត្តិការ​ទុច្ចរិត‍»។ ​

មន្ត្រី​ការទូត​កំពូល​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត​រូប​នេះ​បាន​ចូល​រួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​របស់​លោក Khashoggi ប៉ុន្តែ​លោក​មិន​បាន​បញ្ចេញ​ព័ត៌មាន​អ្វី​ថ្មី​ទៀត​អំពី​ថា​តើ​លោក Khashoggi ត្រូវ​បាន​សម្លាប់​ដោយ​របៀប​ណា សាកសព​របស់​លោក​នៅ​ឯណា ឬ​ថា​តើ​ព្រះរាជបុត្រ Mohammed bin Salman ដែល​ឡើង​គ្រង​រាជសម្បត្តិ មាន​ជាប់​ពាក់ព័ន្ធ​ដែរ​ឬ​យ៉ាង​ណា​នោះ​ទេ។

លោក al-Jubeir បាន​មាន​ប្រសាសន៍​ថា «មាន​កំហុស​ដ៏​ធំ​មួយ​ដែល​បាន​ធ្វើ​ឡើង ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​កំហុស​នោះ​កាន់​តែ​ធំ​គឺ​ការ​ព្យាយាម​បិទបាំង​កំហុស​នោះ។ នេះ​គឺ​ជា​អ្វី​ដែល​មិន​អាច​ទទួល​យក​បាន​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ណាៗ​ទាំង​អស់‍»។

អ្នក​រិះគន់​កំពុង​តែ​ចោទ​ជា​សំណួរ​អំពី​ថា​តើ​ភ្នាក់ងារ​អារ៉ាប៊ីសាអូឌីត​ដែល​មាន​គ្នា​១៥​នាក់​អាច​ជិះ​យន្តហោះ​ទៅ​ទីក្រុង អ៊ីស្តង់ប៊ុល ដើម្បី​ជួប​លោក Khashoggi ហើយ​ក្រោយ​មក​បាន​សម្លាប់​លោក ដោយ​ព្រះរាជបុត្រ​គ្រង​រាជ​សម្បត្តិ​មិន​ដឹង​និង​ផ្តល់​ការ​អនុញ្ញាត​យ៉ាង​ដូចម្តេច។ ប៉ុន្តែ​លោក al-Jubeir បាន​និយាយ​ថា «ពួកគេ​ទាំង​នោះ​មិនមែន​ជា​អ្នក​ជំនិត​របស់​ព្រះអង្គ​នោះ​ទេ‍» បើ​ទោះ​បី​ជា​បណ្តាញ​សារព័ត៌មាន​មួយ​ចំនួន​និយាយ​ថា មន្ត្រី​សន្តិសុខ​អារ៉ាប៊ីសាអូឌីត​មួយ​ចំនួន​ដែល​ជិត​ស្និទ្ធ​នឹង​ព្រះរាជបុត្រ Mohammed ជាប់​ពាក់ព័ន្ធ​ក៏​ដោយ៕

XS
SM
MD
LG