លោកឧបនាយករដ្ឋមន្ត្រី ស ខេង ដាក់ចេញផែនការកម្ចាត់បទល្មើសទាក់ទងនឹងពលរដ្ឋចិននៅខេត្តព្រះសីហនុ«ឱ្យអស់ជាមូលដ្ឋាន»មុនការបោះឆ្នោតឃុំដើមខែមិថុនាខាងមុខ។
ថ្លែងកាលពីព្រឹកថ្ងៃពុធក្នុងសន្និបាតរដ្ឋបាលខេត្តព្រះសីហនុ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងអំពីរបាយការណ៍អំពីឧក្រិដ្ឋកម្មចាប់ជំរិត ជួញដូរ បង្ខាំង ធ្វើទារុណកម្មមនុស្សឱ្យធ្វើការ ករណីឃាតកម្ម និងបទល្មើសផ្សេងទៀតដែលទាក់ទងនឹងពលរដ្ឋចិនលើខេត្តព្រះសីហនុ។
«ខ្ញុំថាមុនបោះឆ្នោតនេះយើងខិតខំធ្វើម្ដេចមុនបោះឆ្នោតនេះក្រុមប្រឹក្សាឃុំហ្នឹងបញ្ចប់រឿងហ្នឹង បញ្ចប់ឱ្យបានជាមូលដ្ឋាន វាមិនបាន១០០%ទេ ប៉ុន្តែបញ្ចប់ឱ្យបានជាមូលដ្ឋានបានន័យថាភាគច្រើនបំផុតកុំឱ្យមានករណីទៀត ព្រោះយើងមើលទៅសាហាវណាស់ [ស្នងការនគរបាលខេត្តព្រះសីហនុ ជួន] ណារិន្ទ បញ្ជូនទៅម្ដងៗ ខ្ញុំមិនចង់មើលទេពេលខ្លះប៉ុន្តែវាចៀសមិនផុតត្រូវតែមើល រូបភាពហ្នឹងវាសាហាវពេក សាហាវទាល់តែមែនទែនហ្មង» ។
លោក ស ខេង ថាបើមិនចាត់ការនោះទេនឹងប៉ះពាល់ដល់ទំនុកចិត្តនិងកិត្យានុភាពផ្នែកវិនិយោគនិងពាណិជ្ជកម្មរបស់កម្ពុជា៕