នគរបាលកម្ពុជាចាប់ខ្លួនជនជាតិចិន និងបក្ខពួកចំនួន៣នាក់ផ្សេងទៀត ដោយចោទប្រកាន់ថា ពួកគេបានប្រឌិតរឿងចាប់បង្ខាំងធ្វើទាសករដើម្បីបូមឈាមលក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិចេញផ្សាយកាលពីថ្ងៃចន្ទ។
ចំណាត់ការរបស់អាជ្ញាធរកម្ពុជាកើតឡើងបន្ទាប់ពីសារព័ត៌មានក្នុងស្រុកបានផ្សព្វផ្សាយពីករណីចាប់បង្ខាំង វាយដំ និងបូមឈាមយកទៅលក់ក្នុងចំណោមជនជាតិចិន កាលពីពេលកន្លងមក។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រយៈពេលថ្មីៗកន្លងមកនេះ មានសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមមួយចំនួន បានផ្សព្វផ្សាយព័ត៌មានស្តីពីការចាប់បង្ខាំងជនជាតិចិនធ្វើជាទាសករលក់ឈាម នៅតំបន់ឆៃណាថោន ខេត្តព្រះសីហនុ ហើយវាបានប៉ះពាល់បរិយាកាស និងចិត្តសាស្រ្តសង្គម ព្រមទាំងធ្វើឲ្យមានការភ័ន្តច្រឡំពីសំណាក់សាធារណៈមតិជាតិ និងអន្តរជាតិ។ សេចក្តីប្រកាសបន្តថា ក្រោយទទួលបានព័ត៌មានដូចនេះ អគ្គស្នងការដ្ឋាននគរបាលជាតិបានស្រាវជ្រាវស៊ើបអង្កេតជាបន្ទាន់នៅទីតាំងច្រើនកន្លែង និងប្រមូលចម្លើយសាក្សីមួយចំនួន ហើយបានរកឃើញថា ព័ត៌មានខាងលើនេះជា«ព័ត៌មានប្រឌិត» ដែលត្រូវបានរៀបចំដោយជនជាតិចិនឈ្មោះ Li Ya Yuan Lun ភេទប្រុស អាយុ៣១ឆ្នាំ និងអ្នកពាក់ព័ន្ធចំនួន ៣នាក់ផ្សេងទៀត។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែល អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានអំពាវនាវឲ្យសារព័ត៌មាន និងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមទាំងអស់កែសម្រួលឡើងវិញចំពោះការផ្សព្វផ្សាយព័ត៌មានប្រឌិតខាងលើ ដើម្បីចៀសវាងការភ័ន្តច្រឡំពីសាធារណៈមតិជាតិ និងអន្តរជាតិ។
ចំណាត់ការរបស់នគរបាលកម្ពុជាកើតឡើងបន្ទាប់ពីសារព័ត៌មានសំឡេងប្រជាធិបតេយ្យ VODបានចុះផ្សាយអត្ថបទកាលពីពេលថ្មីៗនេះ ដោយបានសម្ភាសបុរសជាជនជាតិចិនខាងលើ ដែលអះអាងថា ខ្លួនជាជនរងគ្រោះពីការចាប់បង្ខាំងធ្វើទាសករ ដើម្បីបូមឈាមលក់។
យោងតាមសារព័ត៌មានVOD បុរសជនជាតិចិនមួយរូបបានបញ្ជាក់ពីការបូមឈាមរបស់ខ្លួនជាច្រើនដងតាំងពីខែសីហា ឆ្នាំ២០២១មក ហើយធ្វើឲ្យស្ថានភាពសុខភាពរបស់លោកទន់ខ្សោយ និងប្រឈមហានិភ័យខ្ពស់។
បុរសនោះបានបញ្ជាក់ថា នៅពេលមកដល់កម្ពុជាពីប្រទេសចិន ដែលលោកបាននិយាយថា លោកប្រហែលត្រូវបានដាក់ថ្នាំសណ្តំ ហើយបញ្ជូនមកដោយមិនដឹងខ្លួន លោកត្រូវបានគេឲ្យស្នាក់នៅអគារជិនស៊ី១០ (Jinshui Building 10) ក្នុងតំបន់ឆៃណាថោន (Chinatown) ក្រុងព្រះសីហនុចំនួនពីរសប្តាហ៍ មុនពេលបញ្ជូនមកទីតាំងមួយទៀតនៅខេត្តកោះកុង ដោយត្រូវរងការវាយដំអំឡុងពេលស្ថិតនៅទីនោះ។ ក្រោយពីស្នាក់នៅបានមួយខែកន្លះ លោកក៏ត្រូវគេបញ្ជូនតំបន់តំបន់ឆៃណាថោន ក្នុងខេត្តព្រះសីហនុវិញ។
បុរសជនជាតិចិនបន្តថា គេចាប់ផ្តើមបូមឈាមរបស់លោក ដោយសារតែលោកបានបដិសេធមិនព្រមធ្វើការតាមអ្វីដែលគេចង់បាន។ អំឡុងពេលប៉ុន្មានខែនោះ លោកត្រូវបានគេបូមឈាមចំនួន៧ ដង រហូតដល់មិនអាចបូមមានបន្តទៅទៀត ហើយលោកមិនដឹងឈាមរបស់គាត់ត្រូវបានគេយកទៅណានោះទេ។ នេះបើតាមសារព័ត៌មានVOD។
វីអូអេមិនទាន់អាចសុំការឆ្លើយតបពីស្ថានទូតចិនប្រចាំនៅកម្ពុជាបាននៅឡើយទេ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលនៃអង្គការលីកាដូ លោក អំ សំអាត និយាយថា បើទោះបីជាសមត្ថកិច្ចរកឃើញថា ករណីខាងលើជារឿងប្រឌិតមួយក៏ដោយ ប៉ុន្តែកន្លងមក អង្គការសង្គមស៊ីវិលសង្កេតឃើញថា មានការការកើនឡើងផងដែរនូវបទល្មើសបង្កឡើងដោយជនជាតិចិន ប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ការបាញ់បោះសេរី គ្រឿងញៀន និងឃាតកម្មជាដើម ដែលបញ្ហានេះជាការព្រួយបារម្ភមួយ ទោះបីមានការបង្រា្កបជាបន្តបន្ទាប់ពីអាជ្ញាធរក៏ដោយ។
លោកថ្លែងថា៖ «ទាំងអស់នេះហើយដែលមិនគួរឲ្យកើតមាននៅក្នុងទឹកដីកម្ពុជា។ ហើយសមត្ថកិច្ចត្រូវតែបង្កើនការខិតខំប្រឹងប្រែងទប់ស្កាត់រាល់បទល្មើសរបស់ជនបរទេសដែលចូលមកក្នុងប្រទេសកម្ពុជាយើង។ ជាពិសេស យើងឃើញថា នៅក្រុងព្រះសីហនុ បញ្ហាធំជាងគេគឺ ជនជាតិចិនដែលចូលមកក្នុងក្រុងព្រះសីហនុ ហើយបង្កនូវបទល្មើសច្រើនដែរ»។
លោកបន្តថា៖ «អ៊ីចឹងត្រូវតែមានការយកចិត្តទុកដាក់លើការគ្រប់គ្រងលើលំហូរចូលនៃជនបរទេស ជាពិសេសជនជាតិចិនដែលសម្បូរច្រើនជាងគេហ្នឹង ហើយនិងជនជាតិដទៃទៀត»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូអេនៅថ្ងៃអង្គារថា បទល្មើសតាមរូបភាពផ្សេងៗ បង្កឡើងដោយជនជាតិចិននៅកម្ពុជា គឺនៅតែបន្តមាន ប៉ុន្តែរឿងសំខាន់គឺ អាជ្ញាធរអាចចុះបង្រ្កាបបានទាន់ពេលវេលា។
លោកថ្លែងថា៖ «រឿងល្បែងស៊ីសងបទល្មើសអីហ្នឹង កម្រនឹងបង្រ្កាបឲ្យអស់ វា Perfect (ល្អប្រពៃ) ស្អាតស្អំ ដូចជំនាន់ខ្មែរក្រហម មិនអាចទេ មិនមានទេ។ ចង់និយាយអ៊ីចឹង។ ប្រទេសណាក៏វាមានបទល្មើសបង្កប់ ឬក៏បង្រ្កាបដែរ។ យើងទទួលស្គាល់ថា វាមាន។ ប៉ុន្តែសំខាន់បំផុត គឺយើងបង្រ្កាបបាន។ យើងអាចគ្រប់គ្រងបាន។ អាហ្នឹងវាជារឿងល្អប្រសើរត្រង់ហ្នឹង»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមធុរជនចិនតាមរយៈសភាពាណិជ្ជកម្មចិនកម្ពុជាបានសរសេរលិខិតចំហរួមដ៏កម្រមួយផ្ញើជូនអាជ្ញាធរចិន និងកម្ពុជា ឱ្យបង្ក្រាបអ្វីដែលពួកគេចាត់ទុកថា ជាឧក្រិដ្ឋកម្ម«ខុសច្បាប់ដ៏កាចសាហាវ» ពាក់ព័ន្ធនឹងពលរដ្ឋចិននៅកម្ពុជា។ នៅក្នុងលិខិតខាងលើ ក្រុមអ្នកជំនួញចិននៅកម្ពុជា បានរៀបរាប់អំពីកំណើននៃករណីបាញ់ប្រហារ ចាប់ជំរិត ការគំរាមកំហែងយកប្រាក់ និងការកំណត់ «តំបន់ទឹកដី» វ៉ាងទីកាងគ្រប់គ្រងដោយក្រុមឧក្រិដ្ឋជននៅក្នុងប្រទេសកម្ពុជាផងដែរ។ ពួកគេស្នើរដ្ឋអំណាចកម្ពុជានិងចិនចាត់ការបង្ក្រាបក្រុមឧក្រិដ្ឋជនទាំងនេះឱ្យបាន«ធ្ងន់ធ្ងរបំផុត»៕