ក្រុមធុរជនចិនតាមរយៈសភាពាណិជ្ជកម្មចិនកម្ពុជា បានសរសេរលិខិតចំហរួមដ៏កម្រមួយផ្ញើជូនអាជ្ញាធរចិន និងកម្ពុជា ឱ្យបង្ក្រាបអ្វីដែលពួកគេចាត់ទុកថា ជាឧក្រិដ្ឋកម្ម«ខុសច្បាប់ដ៏កាចសាហាវ» ពាក់ព័ន្ធនឹងពលរដ្ឋចិននៅកម្ពុជា។
ក្នុងលិខិតខាងលើដែលចែកចាយកាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅនេះ ក្រុមអ្នកជំនួញចិននៅកម្ពុជា បានរៀបរាប់អំពីកំណើននៃករណីបាញ់ប្រហារ ចាប់ជំរិត ការគំរាមកំហែងយកប្រាក់ និងការកំណត់«តំបន់ទឹកដី»វ៉ាងទីកាងគ្រប់គ្រងដោយក្រុមឧក្រិដ្ឋជននៅក្នុងប្រទេសកម្ពុជាផងដែរ។
លិខិតដដែលដែលសរសេរបីភាសា (ខ្មែរ-អង់គ្លេស-ចិន) មានអត្ថន័យដើមទាំងស្រុងថា៖
«វិធីសាស្ត្រនៃឧក្រិដ្ឋជនមួយចំនួនរបស់គេពិតជាឃោរឃៅបំផុត និងទង្វើព្រៃផ្សៃវាបានធ្វើឲ្យផ្ទុះកំហឹង ហើយបានជំរុញឲ្យជនរួមជាតិចិននៅកម្ពុជា និងប្រជាជនចិននៅប្រទេសចិន មានកំហឹងយ៉ាងខ្លាំង»។
ក្រុមអ្នកជំនួញចិនបានបន្តទៀតថា៖ «ករណីគ្រោះថា្នក់ទាំងនេះ សុទ្ធតែពាក់ព័ន្ធនឹងល្បែងស៊ីសងតាមអ៊ីនធឺណិត និងក្រុមបោកប្រាស់ទូរគមនាគមន៍នៅកម្ពុជា ដែលបានបង្កការខូចខាតយ៉ាងខ្លាំង ដល់អាជីវកម្មរបស់កម្ពុជា និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តរបស់ជនជាតិចិន ដែលមានគំនិតមកធ្វើការវិនិយោគ និង ធ្វើអាជីវកម្មនៅកម្ពុជា»។
ពួកគេស្នើរដ្ឋអំណាចកម្ពុជានិងចិន ចាត់ការបង្ក្រាបក្រុមឧក្រិដ្ឋជនទាំងនេះឱ្យបាន«ធ្ងន់ធ្ងរបំផុត»។
«ប្រសិនបើ ក្រុមល្បែងស៊ីសងតាមអ៊ីនធឺណិត ត្រូវបានអនុញ្ញាតខុសច្បាប់ ហើយគេធ្វើអ្វីដែលខ្លួនចង់បានមិនត្រឹមតែសហគ្រាសចិន ដែលមានបំណងអភិវឌ្ឍនៅកម្ពុជា នឹងត្រូវបាក់ទឹកចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទស្សនវិស័យអាជីវកម្ម និងទំនុកចិត្តរបស់ក្រុមហ៊ុនចិន ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា»។
ប៉ុន្មានខែកន្លងមកចុងក្រោយនេះ មានសេចក្ដីរាយការណ៍ជាហូរហែអំពីករណីបោកប្រាស់ជនបរទេសពីប្រទេសចិន ថៃ និងវៀតណាមជាដើម មកបង្ខាំងឱ្យធ្វើការបោកបញ្ឆោតអ្នកប្រើអ៊ីនធឺណិតនៅក្រៅប្រទេស។ ករណីដ៏គួរឱ្យកត់សម្គាល់ចុងក្រោយ គឺសេចក្ដីរាយការណ៍ដែលលាតត្រដាងថា មានជនរងគ្រោះជាពលរដ្ឋចិនមួយរូបត្រូវបានគេបូមឈាមលក់ថែមទៀតផង។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានឱ្យដឹងថា អាជ្ញាធរចិន និងកម្ពុជា បានសហការគ្នាដើម្បីបង្ក្រាបករណីបទល្មើសឆ្លងដែនពាក់ព័ន្ធនឹងពលរដ្ឋចិននៅកម្ពុជា តាមរយៈការផ្ដល់និងចែករំលែកព័ត៌មាន និងតម្រុយ។ លោកស្នើឱ្យជនរងគ្រោះដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចកម្ពុជា។ លោកប្រាប់វីអូអេនៅថ្ងៃសុក្រថា៖
«វាមិនមែនជាក្រុមចាត់តាំងមួយក្រុម។ ជាក្រុមដោយដាច់ដោយដុំ។ មិនមែនចងក្រងជាក្រុមម៉ាហ្វីយ៉ាគ្មានទេ។ អត់មានទេ។ ឬមានបញ្ជាពីម្នាក់ណា គឺអត់មានទេ។ ជាក្រុមដោយដាច់ដោយដុំចោរអំបុកចោរអំបែង មិនមែនជាក្រុមចាប់ជំរិតធំមានមេមានកើយបញ្ជាអត់មានទេ»។
នាយឧត្តមនីយ៍ ខៀវ សុភ័គ ក៏បានបដិសេធរបាយការណ៍ដែលថា មានអ្នកសមគំនិតនៅក្នុងស្រុកដើម្បីជួយទំនុកបម្រុងសហការជាមួយឧក្រិដ្ឋជនបរទេសទាំងនោះ។ លោកថា ចំពោះបញ្ហាអាវុធដែលឧក្រិដ្ឋជនទាំងនោះកាន់កាប់ប្រព្រឹត្តិបទល្មើស បានមកពីប្រភពជួញដូរអាវុធខុសច្បាប់។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះបន្តថា ចំពោះសភាពការណ៍គ្រប់គ្រងបទល្មើស អាជ្ញាធរកម្ពុជា កំពុងមានម្ចាស់ការចាត់ការបានទាន់ពេលវេលា។
នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ ស្នើអាជ្ញាធរឱ្យបង្កើនការត្រួតពិនិត្យលើការចូលមកប្រទេសកម្ពុជាពីសំណាក់ពលរដ្ឋចិនឱ្យបានល្អិតល្អន់ជាងមុន មុននឹងផ្ដល់ទិដ្ឋាការឱ្យចូលមកកម្សាន្តទស្សនា ឬមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
«វាដល់ពេលហើយដែលថា សូម្បីតែជនជាតិចិនដែលល្អត្រឹមត្រូវរបស់គ្នាគេហ្នឹងក៏គេលើកឡើងការបារម្ភបែបនេះដែរ»។
ទោះបីមានការបញ្ជាក់ពីលោក ខៀវ សុភ័គ ក៏ដោយ លោក សន ជ័យ ក៏ស្នើដែរឱ្យមានការតាមវែកមុខ ក្រែងលោមានអ្នកសមគំនិតមានអំណាចនៅក្នុងស្រុកណាមួយ សហការធ្វើការជាមួយឧក្រិដ្ឋជនបរទេសទាំងនោះ។
បើយោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅចន្លោះពីឆ្នាំ១៩៩៤ មកទល់នឹងឆ្នាំ ២០១៩ មុនវិបត្តិកូវីដមកដល់ ប្រទេសចិនជាប្រភពបណ្ដាក់ទុនវិនិយោគពីបរទេសធំជាងគេនៅកម្ពុជាជាមួយនឹងអត្រាប្រមាណ២១ភាគរយនៃទុនវិនិយោគសរុបក្នុងរយៈពេល២៥ឆ្នាំខាងលើ៕