ចៅក្រមស៊ើបសួរតុលាការរាជធានីភ្នំពេញមិនអនុញ្ញាតឲ្យអ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិជួបជាមួយលោក កឹម សុខា ប្រធានក្រុមជំទាស់ដែលកំពុងស្ថិតក្នុងការឃុំខ្លួនក្នុងផ្ទះនៅរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។
លោក ម៉ាមូដ ហ្កាហ្កា (Mahmoud Gahga) អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាប្រាប់ VOA តាមរយៈសារអេឡិចត្រូនិច ឬអ៊ីមែលនាល្ងាចថ្ងៃអង្គារនេះ ដោយស្រង់យកសម្តីរបស់អ្នកស្រី រ៉ូណា ស្មីតថា៖
«សំណើរបស់ខ្ញុំសុំជួបជាមួយ លោក កឹម សុខា ត្រូវបានបដិសេធដោយចៅក្រមស៊ើបសួរ»។
យ៉ាងណាក្តី លោក Mahmoud Gahga មិនបានឆ្លើយតបនឹងសំណួរបន្ថែមរបស់ VOA ពាក់ព័ន្ធនឹងការបដិសេធនេះទេ។
បើតាមមន្រ្តីផ្នែកព័ត៌មាន របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ប្រាប់ VOA ដោយសុំមិនបញ្ចេញឈ្មោះ នាល្ងាចថ្ងៃអង្គារនេះថាក្នុងកាលវិភាគនៃដំណើរទស្សនស្សកិច្ចរបស់អ្នកស្រី រ៉ូណា ស្មីត អ្នកស្រីមានគម្រោងជួបលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ប៉ុន្តែលោកថាគម្រោងនេះត្រូវបានលុបចោល។
អ្នករាយការណ៍ពិសេសរបស់ អ.ស.ប. អ្នកស្រី រ៉ូណា ស្មីត បានចាប់ផ្ដើមដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី២៩ តុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ ក្នុងដំណើរទស្សនកិច្ចដែលបានចាប់ផ្តើមកាលពីថ្ងៃច័ន្ទ អ្នកស្រីបាននិងកំពុងជួបពិភាក្សាជាមួយមន្ត្រីរបស់រដ្ឋាភិបាល ក្រុមអង្គការមិនមែនរដ្ឋាភិបាល និងតំណាងអង្គទូតនានានៅកម្ពុជា។ អ្នកស្រីបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន នាពេលកន្លងមកថាដំណើរទស្សនកិច្ចក្នុងប្រទេសកម្ពុជានៅឆ្នាំ ២០១៨នេះ អ្នកស្រីនឹងផ្តោតលើការវិនិយោគនិងស្ថានភាពនៃការគោរពសិទ្ធិមនុស្ស។
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ប្រាប់ VOA តាមរយៈសារអេឡិចត្រូនិចតេឡេក្រាមថាចៅក្រមស៊ើបសួរបានទទួលនូវលិខិតស្នើសុំរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ដោយបានសម្រេចមិនអនុញ្ញាតលើការស្នើសុំនេះ ដោយអះអាងថា ចៅក្រមស៊ើបកំពុងស៊ើបសួរករណីលោក កឹម សុខា។
មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានថ្លែងស្រដៀងគ្នាប្រាប់ VOA នៅថ្ងៃអង្គារនេះថាការមិនអនុញ្ញាតឲ្យអ្នករាយការណ៍ពិសេសចូលជួបជាមួយលោក កឹម សុខា គឺជាអំណាចឆន្ទានុសិទ្ធិរបស់តុលាការ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីប្រាប់ VOA ថាការណ៍នេះដោយសារតែលោក កឹម សុខា នៅកំពុងត្រូវបានដាក់ឲ្យស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ ដូច្នេះលោកថា មិនមានជនណាអាចចូលជួបលោក កឹម សុខា ដោយមិនមានការអនុញ្ញាតពីតុលាការនោះទេ។
លោកមានប្រសាសន៍ថា៖
«ជនសង្ស័យស្ថិតក្រោមអាណត្តិ នៅក្រោមដែនសមត្ថកិច្ចរបស់តុលាការ គ្មាននរណាទៅជ្រៀតជ្រែកបានទេ លើកលែងតែដំណើរការយុត្តិធម៌ហួសពីដែនសមត្ថកិច្ចរបស់តុលាការត្រូវបានបញ្ចប់ភារកិច្ចហើយ ទើបបាននាយករដ្ឋមន្រ្តីអាចមានសិទ្ធិទៅតាមដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ»។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលជាគណបក្សត្រូវបានតុលាការកំពូលរំលាយ ត្រូវបានដោះលែងពីការឃុំក្នុងពន្ធនាគារកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីលោកជាប់ឃុំអស់រយៈពេលជាង១ឆ្នាំ ដោយតុលាការចោទលោកថា បានឃុបឃិតជាមួយបរទេសរៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកហ៊ុន សែន។
ប្រធានគណបក្សជំទាស់រូបនេះត្រូវបាននាំចេញពីពន្ធនាគារត្រពាំងផ្លុង បញ្ជូនទៅកាន់ផ្ទះរបស់លោកក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានការយាមកាម និងមិនត្រូវបានអនុញ្ញាតឲ្យលោកប្រាស្រ័យទាក់ទងនឹងអ្នកគាំទ្រ ឬមិនអាចចេញពីបរិវេណដែលកំណត់ជុំវិញផ្ទះរបស់លោកនោះទេ។
ក្រោយពីមានការដោះលែងលោក កឹម សុខា ឲ្យនៅក្រៅឃុំបណ្តោះអាសន្នពីពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ តែសម្រេចឃុំលោកក្នុងផ្ទះជំនួសវិញនោះ គេឃើញសហគមន៍អន្តរជាតិជាច្រើនបានរិះគន់ជាបន្តបន្ទាប់លើចំណាត់ការនេះ ព្រមទាំងទាមទារឲ្យមានការដោះលែងលោកកឹម សុខាឲ្យមានសេរីភាពពេញលេញ។ យ៉ាងណាក្តី ក្រុមមន្រ្តីរដ្ឋាភិបាលកម្ពុជាបានការពារការឃុំខ្លួនលោក កឹម សុខា ថាជាការអនុវត្តផ្លូវច្បាប់របស់កម្ពុជា ទៅតាមបែបបទនៃប្រទេសនីតិរដ្ឋប៉ុណ្ណោះ។
ក្រៅពីការបដិសេធការស្នើរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ រដ្ឋាភិបាលកម្ពុជាក៏បានបដិសេធមិនឲ្យប្រតិភូសហភាពអន្តរសភាជួបជាមួយលោក កឹម សុខា ជាបន្តបន្ទាប់ផងដែរ។
លោក អំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូប្រាប់ VOA ថា អាជ្ញាធរកម្ពុជាគួរតែអនុញ្ញាតឲ្យមានជំនួបរវាងអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ជាមួយលោក កឹម សុខា ដើម្បីធានាឲ្យមានតម្លាភាពនិងការវាយតម្លៃសិទ្ធិមនុស្សនៅកម្ពុជាមានភាពប្រសើរឡើង។
លោកបញ្ជាក់ថា៖
«យើងជាសង្គមស៊ីវិលយើងនៅតែព្រួយបារម្ភ ព្រោះខ្លាចលោមានការរិះគន់ជាបន្តទៀត ពីព្រោះគេថាវាអាចអត់មានតម្លាភាព ឬក៏អី នៅក្នុងការដែលអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សមកបំពេញបេសកកម្មនៅប្រទេសកកម្ពុជា ហើយនៅពេលដែលចេញរបាយការណ៍ចុងក្រោយអាចនឹងមានបញ្ហាចម្រូងចម្រាស ឬក៏មិនត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាល ដូចពេលមុនៗហ្នឹង»។
តាមព័ត៌មានដែល VOA ទទូលបាន ឱ្យដឹងថាក្នុងថ្ងៃទីពីរនៃទស្សនកិច្ចរយៈពេល១១របស់អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត ជួបមន្ត្រីសិទ្ធមនុស្សជាបន្តបន្ទាប់ហើយក៏គ្រោងណាត់ជួបជាមួយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលជាច្រើនរូប និងក្រុមជំទាស់។ អ្នកស្រីក៏គ្រោងធ្វើសន្និសីទសារព័ត៌មានមួយដើម្បីពិភាក្សាអំពីរបកគំហើញបឋមនៃដំណើរទស្សនកិច្ចរបស់អ្នកស្រីនៅថ្ងៃព្រហស្បតិ៍ ទី៨ខែវិច្ឆិកា ដែលជាថ្ងៃបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេល១១ថ្ងៃរបស់អ្នកស្រីក្នុងប្រទេសកម្ពុជា។ របាយការណ៍ស្តីពីការវិវឌ្ឍនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជាក៏គ្រោងនឹងរៀបរៀងឡើងហើយដាក់ជូនអង្គការសហប្រជាជាតិក្រោយដំណើរទស្សនកិច្ចនេះផងដែរ៕