ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ជំរុញ​ឲ្យ​គណ​បក្សសង្គ្រោះ​ជាតិ​បន្ទន់​ឥរិយាបទ


លោក​​ស ខេង ​រដ្ឋ​មន្ត្រី​​ក្រសួង​​មហា​​ផ្ទៃ​​ប្រកាស​​អំពី​​ការ​ដកខ្លួន​​របស់​គណ​បក្ស​​សង្គ្រោះជាតិ ចេញ​ពី​គណ​កម្មការ​​បីភាគី គ.ជ.ប. គណ​បក្ស​កាន់អំណាច និង​គណបក្ស​​ប្រឆាំង។​​
លោក​​ស ខេង ​រដ្ឋ​មន្ត្រី​​ក្រសួង​​មហា​​ផ្ទៃ​​ប្រកាស​​អំពី​​ការ​ដកខ្លួន​​របស់​គណ​បក្ស​​សង្គ្រោះជាតិ ចេញ​ពី​គណ​កម្មការ​​បីភាគី គ.ជ.ប. គណ​បក្ស​កាន់អំណាច និង​គណបក្ស​​ប្រឆាំង។​​
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ ​ថ្ងៃច័ន្ទ​នេះ​ បាន​ជំរុញ​ឲ្យគណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ការ​បន្ទន់​ឥរិយាបទ​ចូល​រួម​តុចរចា​ឡើង​វិញ ​ដើម្បី​ដោះស្រាយ​ភាព​ជាប់​គាំង​វិបត្តិ​នយោបាយ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ បើ​មិន​ដូច្នេះ​ទេ​ កម្ពុជា​នឹង​មាន​វិបត្តិ​យ៉ាង​ធ្ងន់​ធ្ងរ។​

ការ​ជំរុញរបស់​មន្ត្រី​រដ្ឋាភិបាល​នេះ​បាន​កើត​មាន​ឡើង​ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទាត់​ចោល​យន្តការ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ដែល​បង្កើត​គណៈ​កម្មការ​មួយ​ដោយ​មាន​ការ​ចូលរួម​ពីត្រី​ភាគី​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​សង្គ្រោះជាតិ​ និង​គ.ជ.ប.​ដើម្បី​ដោះ​ស្រាយ​ភាព​ជាប់​គាំង​ក្រោយ​ពី​ការ​បោះឆ្នោត។​

លោក​ឧបនាយក​រដ្ឋមន្ត្រី​ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ឯ​ក្រសួង​មហា​ផ្ទៃ​ថា ​ការដែលគណបក្សសង្គ្រោះ​ជាតិ​ទាត់​ចោល​យន្តការ​របស់​គ.ជ.ប.គឺ​មិន​អាច​ទៅ​រួច​ទេ។​ លោក​បាន​និយាយ​ដោយ​ជំរុញមិន​ចំ​ថា ​ការ​ស្នើ​សុំ​ឲ្យបង្កើត​គណៈ​កម្មការ​អ្វី​ ​ខុស​ច្បាប់​ដែល​មាន​ចែង​ជា​ធរមាន​ក្រែង​លោ​ថា​ មាន​បញ្ហា​ផ្សេង​ទៀត​កាន់​តែ​ជ្រាល​ជ្រៅ។​

លោក​បាន​បញ្ជាក់​ថា៖​ «ខ្ញុំ​ជជែក​ជាមួយ​ឯក​ឧត្តម​សម រង្ស៊ី​តាម​ទូរស័ព្ទ​ដែរ​ថា​ ប្រសិន​ណា​ បើ​យើង​ទាត់​ចោល​នូវ​យន្តការ​ NEC ​ដែល​មាន​ស្រាប់​នេះ​ ហើយ​ទៅ​បង្កើត​យន្តការ​ផ្សេង​ទៀត​នោះ ​វា​កាន់​តែ​ធ្វើឲ្យច្របូល​ច្របល់​ហើយ។ ប្រហែល​ជា​ធ្វើ​ឲ្យរាំង​ស្ទះ​ដល់​ដំណើរ​ការជាតិ​កម្ពុជា​របស់​យើង​ អនាគត​កម្ពុជា​របស់​យើង​ផង»។​

គណបក្ស​សង្គ្រោះជាតិ ​គណបក្ស​ប្រជាជន​កម្ពុជា និង​គ.ជ.ប.​បាន​បើក​កិច្ច​ពិភាក្សា​គ្នា​កាល​ពីថ្ងៃ​សៅរ៍​ដើម្បី​ស្វាត់​ស្វែង​ទម្លុះ​ទម្លាយភាព​ទាល់​ច្រក​អំពី​ភាព​មិន​ប្រក្រតី ​ក្រោយ​ពី​បោះ​ឆ្នោត។​ ​ក៏​ប៉ុន្តែ​គណបក្ស​ប្រឆាំង​បាន​ទាត់​ចោល​នូវ​យន្ត​ការ​គ.ជ.ប.​ ដើម្បី​បង្កើត​គណៈកម្មការ​មួយ​ថ្មី​ដើម្បី​ដោះ​ស្រាយ​វិបត្តិ។​

គណបក្ស​ប្រឆាំង​មិន​ចង់​ឲ្យបង្កើត​យន្ត​ការ​ NEC ​នេះ​ទេ ​ដោយ​ទាម​ទារ​ឲ្យបង្កើត​គណៈ​កម្មការ​ចម្រុះមួយ​ដោយ​មាន​ការ​ចូល​រួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ គណបក្ស​ប្រជាជន​កម្ពុជា​ គ.ជ.ប.​ អ្នក​សង្កេត​ការណ៍ជាតិ​ និង​អន្តរ​ជាតិ​ ព្រម​ទាំង​មាន​ការ​ចូលរួម​ពី​អង្គការ​សហ​ប្រជាជាតិ។​

លោក​ស ខេង​បាន​និយាយ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​អនុញ្ញាត​ឲ្យមាន​ការ​ចូល​រួម ​តែ​តាម​ការ​ប្រកាស​របស់​គ.ជ.ប.​គឺ​ចូល​រួម​ជា​អ្នក​អង្កេត​ការណ៍គ្រប់​បញ្ហា​ទាំង​អស់​ គ្មាន​អ្វី​លាក់​បាំង​ទេ។​

លោក​គួយ ប៊ុនរឿន​ មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​និយាយ​ថា​ បើមិន​អនុញ្ញាត​ឲ្យមាន​ការ​ចូលរួម​ពី​អង្គការ​សង្គម​ស៊ី​វិល​ជាតិ​ និង​អន្តរជាតិ​ និង​ពី​អង្គការ​សហ​ប្រជាជាតិ​ទេ​ នោះ​គណបក្ស​របស់​លោក​នឹង​មិន​ចូល​រួម​ដោះស្រាយ​ទេ។​

លោក​បាន​និយាយ​ថា​ មូល​ហេតុ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូលរួម​បង្កើត​គណៈ​កម្មការ​ដែលជា​យន្តការ ​NEC​ គឺ​យើង​មិន​ក្បត់​ឧត្តម​គតិ​រាស្ត្រ​ដែល​បាន​បោះ​ឆ្នោត​ឲ្យគណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​គ.ជ.ប.​ធ្វើ​ការ​មិន​ឯករាជ្យ។​

លោក​បញ្ជាក់ថា៖​ «ដោយ​សារ​យើង​យល់​ថា​ គ.ជ.ប.​ជា​ផ្នែក​មួយ​ដែល​អនុវត្ត​មិន​បាន​ត្រឹម​ត្រូវ​ដែល​មិន​បាន​ធានា​ឲ្យមាន​ការ​រៀប​ចំការ​បោះឆ្នោត​បាន​ត្រឹម​ត្រូវ​ និង​យុត្តិធម៌ ​ហើយ​ជាពិសេស​ធ្វើ​ឲ្យប្រជា​ពលរដ្ឋ​ជា​ច្រើន​បាត់បង់​សិទ្ធិបោះឆ្នោត»។​

លោកទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​បាន​និយាយ​ថា ​គ.ជ.ប.​មិន​អាច​រង់​ចាំ​ការ​ទាម​ទារ​របស់​គណបក្ស​សង្គ្រោះជាតិ​បាន​ទេ ​ហើយគ.ជ.ប.នឹង​ដំណើរការ​អ្វីៗ​ទៅ​តាម​ច្បាប់។​

លោក​បញ្ជាក់​ថា ​បើ​គ.ជ.ប.រង់​ចាំ​អ្វី​ដែល​មិន​អាច​បង្កើត​ឡើង​បាន​ និង​ធ្វើឲ្យការ​អនុវត្ត​របស់​យើង​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​ និង​ប្រតិទិន​ការងារ​ដែល​បាន​កំណត់។​

លោក​មាន​ប្រសាសន៍​ថា៖ ​«នេះ​ជាការ​ទាម​ទារ​របស់​គាត់​តាំង​ពី​មុន​មក។ ក៏ប៉ុន្តែ​បើ​និយាយតាម​ផ្លូវ​ច្បាប់​ គ.ជ.ប.​មិន​អាច​ធ្វើ​អញ្ចឹង​បាន​ទេ។ ច្បាប់មិន​អាច​ឲ្យគ.ជ.ប.​ទៅ​បង្កើត​គណៈ​កម្មការ​ដែល​មាន​អង្គការ​សហ​ប្រជាជាតិ ​ឬក៏​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ​ និង​អន្តរជាតិ​បាន​ទេ»។​

គណបក្ស​សង្គ្រោះជាតិ​បាន​ចោទ​ប្រកាន់​ថា គ.ជ.ប.​បានរៀបចំ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​សភា​អាណត្តិ​ទី​៥នេះ​ ដោយ​មាន​ភាព​មិន​ប្រក្រតី​យ៉ាង​ធ្ងន់​ធ្ងរ។​ហើយ​គណបក្ស​ប្រឆាំង​កំពុង​ធ្វើ​យុទ្ធនាការ​ប្រមូល​ភស្តុតាង​អំពី​ភាព​មិន​ប្រក្រតី​ទាំង​នេះ​ប្តឹង​គ.ជ.ប.​និង​សហគមន៍​អន្តរជាតិ៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG