ការបោះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យនៅរដ្ឋ New Hampshire ភាគឦសានសហរដ្ឋអាមេរិក ដើម្បីជ្រើសតាំងបេក្ខជនប្រធានាធិបតីរបស់ខ្លួនបានធ្វើឡើងកាលពីថ្ងៃអង្គារ។
ការបោះឆ្នោតទម្រង់ primary នេះ គឺជាការប្រកួតប្រជែងលើកទីពីរនៅក្នុងសហរដ្ឋអាមេរិកសម្រាប់ការតែងតាំងបេក្ខជនប្រធានាធិបតីរបស់គណបក្ស តាំងពីការបោះឆ្នោត caucus ដែលជាការបោះឆ្នោតដូចគ្នានេះដែរ ប៉ុន្តែក្នុងទម្រង់ផ្សេង បានធ្វើឡើងនៅក្នុងរដ្ឋ Iowa កាលពីសប្ដាហ៍មុន។
នៅមុនការបោះឆ្នោតនេះចូលមកដល់ អ្នកស្រី Diane Savoie ដែលជាអ្នកបោះឆ្នោតម្នាក់នៃរដ្ឋ New Hampshire នៅក្នុងការបោះឆ្នោតជ្រើសតាំងបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យនេះ កំពុងធ្វើការសម្រេចចិត្តថាតើគួរបោះឲ្យសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Minnesota អ្នកស្រី Amy Klobuchar ឬក៏បោះឲ្យអតីតអភិបាលក្រុង South Bend រដ្ឋ Indiana លោក Pete Buttigieg។
ការសម្រេចចិត្តរបស់អ្នកស្រី គឺអាស្រ័យលើកត្តាមួយ ដែលនោះគឺអ្នកដែលអាចផ្ដួលលោកប្រធានាធិបតី Donald Trump បាន។
ហាង Granite State Candy Shoppe គឺជាអាជីវកម្មរបស់ក្រុមគ្រួសារលោក Bart អស់រយៈពេលជិត ១០០ ឆ្នាំមកហើយ។ លោក Jeff Bart ដែលជាម្ចាស់អាជីវកម្មបាននិយាយថា លោកចង់បានបេក្ខជនណាដែលអាចដឹកនាំប្រទេសដូចលោកដឹកនាំអាជីវកម្មរបស់លោកដូច្នេះដែរ គឺអ្នកដែលអាចធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន។
លោក Bart ថ្លែងដូច្នេះថា៖ «ពួកយើងនៅភាគឦសានប្រទេសនេះគឺជាពលរដ្ឋអាមេរិកាំងដែលចេះសន្សំសំចៃ។ យើងមិនចង់ខ្ជះខ្ជាយថវិកានោះទេ»។
នៅទីនេះ អត្តចរិតបែបឯករាជ្យរបស់ពលរដ្ឋបង្ហាញឲ្យឃើញពីវិធីដែលពួកគេបោះឆ្នោត។ អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ និងអ្នកឯករាជ្យអាចចុះឈ្មោះបោះឆ្នោតនៅថ្ងៃបោះឆ្នោតជ្រើសតាំងបេក្ខជនប្រធានាធិបតីបាន ប៉ុន្តែនេះគឺជារដ្ឋ New Hampshire ដែលជារដ្ឋមួយដែលគេអាចព្យាករណ៍ធាតុអាកាសបាន ប៉ុន្តែមិនអាចព្យាករណ៍ច្រើនអំពីការសម្រេចចិត្តរបស់អ្នកបោះឆ្នោតបាន។
អ្នកស្រី Nicole Ruane ដែលជាអ្នកបោះឆ្នោតម្នាក់នៃរដ្ឋ New Hampshire និយាយថា៖ «ខ្ញុំនៅមិនទាន់សម្រេចចិត្តនៅឡើយ»។
ចំណែកឯលោក Alex Campbell ដែលជាអ្នកបោះឆ្នោតម្នាក់ទៀតនៃរដ្ឋ New Hampshire បាននិយាយថា៖ «ខ្ញុំគិតថា មានហានិភ័យខ្ពស់បន្តិច ដូច្នេះវាសំខាន់ណាស់ដែលយើងត្រូវសម្រេចចិត្តឲ្យបានត្រឹមត្រូវ»។
អ្នកបោះឆ្នោតឯករាជ្យមានចំនួន ៤៣ ភាគរយនៃអ្នកបោះឆ្នោតសរុបនៅក្នុងរដ្ឋ New Hampshire។
លោកវិស្វករ Andy Mertinooke ធ្វើការនៅក្រុមហ៊ុន Waypoint Robotics ដែលជាក្រុមហ៊ុនទើបបង្កើតថ្មីមួយនៅក្នុងរដ្ឋ New Hampshire។ លោកមិនខ្វល់នឹងការស្ទង់មតិកន្លងមក ដែលបង្ហាញថាបេក្ខជនរូបណាអាចផ្ដួលលោកប្រធានាធិបតី Donald Trump បាននោះទេ។
លោក Mertinooke និយាយដូច្នេះថា៖ «រឿងសំខាន់ខ្លាំងបំផុតដែលអ្នកអាចធ្វើបានគឺបោះឆ្នោតឲ្យបេក្ខជនណាម្នាក់ដែលមានគំនិតស្រដៀងអ្នក និងទុកឲ្យស្ថានការណ៍ដំណើរការទៅតាមដំណើរទៅចុះ»។
កាលពី ៤ ឆ្នាំមុន សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Vermont លោក Bernie Sanders បានឈ្នះការបោះឆ្នោត primary នៅក្នុងរដ្ឋ New Hampshire នេះ។ លោក Jesse និងលោក Alex Khoury ចង់ជ្រើសរើសលោក Sanders ម្ដងទៀត ដោយសារតែគោលនយោបាយរបស់លោក Sandersលើការប្រែប្រួលអាកាសធាតុ។
លោក Jesses Khoury នៃអង្គការ Brother Volunteer Team និយាយថា៖ «ខ្ញុំគិតថា នេះប្រហែលជាឱកាសតែម្ដងគត់នៅក្នុងជីវិត ដើម្បីជ្រើសរើសលោក Sanders ឲ្យឡើងកាន់តំណែងជាប្រធានាធិបតី»។
អ្នកវិភាគនានាគិតថា លោក Sanders នាំមុខគេ ឬក៏ស្ថិតក្នុងចំណាត់ថ្នាក់ប្រកៀកប្រកិតគ្នាជាមួយនឹងលោក Buttigieg។ បន្ទាប់មកគឺអតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងសមាជិកព្រឹទ្ធសភាអ្នកស្រី Elizabeth Warren និងចុងក្រោយគឺសមាជិកព្រឹទ្ធសភាអ្នកស្រី Klobuchar។
លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងបេក្ខជនប្រធានាធិបតីនៅរដ្ឋ New Hampshire នេះនឹងត្រូវប្រកាសនៅយប់ថ្ងៃអង្គារម៉ោងនៅក្នុងសហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយ ភី សុភាដា