ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​អះអាង​ជ័យ​ជំនះ​លើ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី


រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិដែល​ត្រូវបាន​​តុលាការ​រំលាយ ​​ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន Reuters នៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុងគូឡាឡំពួរ នៃ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៩។ (REUTERS/Lim Huey Teng)
រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិដែល​ត្រូវបាន​​តុលាការ​រំលាយ ​​ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន Reuters នៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុងគូឡាឡំពួរ នៃ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៩។ (REUTERS/Lim Huey Teng)

រដ្ឋាភិបាល​កម្ពុជា​ប្រកាសជោគជ័យ​ដែលលោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​មិន​អាច​ចូល​មក​កម្ពុជា​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ ប៉ុន្តែ​មិន​អាច​ទប់​ស្កាត់​មិន​ឲ្យ​លោក​សម ​រង្ស៊ី និង​សហការី​ធ្វើ​សកម្មភាព ​និង​យុទ្ធនាការ​ការ​ទូត​នៅ​ប្រទេស​អាស៊ាន​មួយ​ចំនួន ដូចតាម​ការ​ស្នើសុំ​របស់​រដ្ឋាភិបាល​ខ្មែរ​កន្លង​មក។

លោក កុយ គួង (ស្តាំ) អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​សហ​ប្រតិបតិ្តការ​អន្តរជាតិ ឈរ​ថតរូប​ជាមួយ​លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​កម្ពុជា។ (រូបថត​ពី​ទំព័រ​ហ្វេស​ប៊ុក Koug Koy)
លោក កុយ គួង (ស្តាំ) អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​សហ​ប្រតិបតិ្តការ​អន្តរជាតិ ឈរ​ថតរូប​ជាមួយ​លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​កម្ពុជា។ (រូបថត​ពី​ទំព័រ​ហ្វេស​ប៊ុក Koug Koy)

​លោក កុយ គួង អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ប្រាប់ VOA នៅ​ថ្ងៃ​ពុធ​នេះ​ថា គម្រោង​ដែល​លោក សម រង្ស៊ី និង​ក្រុម​របស់​លោក​ប្រកាស​ថា​ចូល​មក​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​កម្ពុជា​ពី​អំណាច​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ត្រូវ​បាន​បរាជ័យ​ទាំង​ស្រុង។

លោក​ កុយ គួង​ បាន​ថ្លែង​ថា៖

«តាម​ផែនការ​ដូចគេ​តែង​តែ​លើក​ឡើង​ គេ​ប្តេជ្ញា​មក​ផ្តួល​រំលំ​រដ្ឋាភិបាល ដោយ​គេ​មក​ធ្វើ​ចលនា​បះបោរ​ដោយ​កម្លាំង​ប្រជាពលរដ្ឋ​អី​នៅ​ថ្ងៃ​ទី​៩​នោះ ទីបំផុត​គឺ​ថា​សកម្មភាព​គម្រោង​ទាំង​ប៉ុន្មាន គឺ​បាន​បរាជ័យ​ទាំង​ស្រុង។ ដូច្នេះ​សកម្មភាព​គេ​លេង​សើច​កម្រិត​ណា​មួយ​នៅ​លើបណ្តា​ប្រទេស​ណាមួយ​នោះ គឺថា​យើង​មិន​យក​ចិត្ត​ទុក​ដាក់ មិន​ខ្វល់ខ្វាយ​ពី​រឿង​ហ្នឹង​ទេ»។

នៅ​ប្រទេសម៉ាឡេស៊ី លោក​ និង​សហការី​ ​ធ្វើ​សកម្មភាព​ជួបជាមួយថ្នាក់​ដឹកនាំគណបក្ស​កាន់​អំណាច​ម៉ាឡេស៊ី ​តំណាង​រាស្រ្ត​ប្រទេស​នោះ និង​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ជាដើម តាំង​ពី​ថ្ងៃទី​៩ វិច្ឆិកា មក។

ម៉ាឡេស៊ី​ និង​ឥណ្ឌូណេស៊ី​ គឺ​ជា​ប្រទេស​អាស៊ាន​ពីរ​ ដែល​បាន​បង្ហាញ​ជំហរ​មិន​សហការ​តាម​ការ​ស្នើ​សុំ​របស់​អាជ្ញាធរ​កម្ពុជា​ឱ្យ​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង ​ក្រោម​ហេតុផល​សិទ្ធិម​នុស្ស ​និង​គោល​ការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​សមាជិក

លោក កុយ គួង ​បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ញើ​លិខិត​ទៅ​ប្រទេស​ថៃ ឡាវ និង​វៀត​ណាម ដែល​ប្រទេស​ទាំង​បី​នេះ​មាន​សន្ធិសញ្ញាបត្យាប័ន​ជាមួយ​កម្ពុជា ឲ្យ​ចាប់​បញ្ជូន​ក្រុម​របស់​លោក សម រង្ស៊ី មក​កម្ពុជា​វិញ។ ប៉ុន្តែ​លោក​ថា ក្រៅ​ពី​ប្រទេស​អាស៊ាន​ទាំង​បី​នេះ កម្ពុជា​បាន​ស្នើ​ឲ្យ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ផ្សេង​ទៀតឲ្យ​មាន​កិច្ច​សហការ​ជា​មួយ​កម្ពុជា​ប៉ុណ្ណោះ ដូច្នេះ​លោក​ថា ​កម្ពុជា​គោរព​លើ​ការសម្រេច​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ ដោយ​បន្ត​រក្សា​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​ទាំង​នោះ​ដដែល។

នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា​នេះ ទីស្តីការ​គណៈរដ្ឋមន្រ្តីក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជា​សាធារណៈមួយដោយ​ប្រកាស​ថា ផែនការ​របស់​លោក សម រង្ស៊ី ដែល​កំណត់​យក​ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ​២០១៩ ដើម្បី​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​និង​របប​រាជា​និយម​នៅ​កម្ពុជា ត្រូវ​បរាជ័យ​ទាំង​ស្រុង ហើយ​ថា សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ ត្រូវ​បាន​ធានា​យ៉ាង​រឹងមាំ​ជា​ប្រក្រតី​នៅ​ទូទាំង​ប្រទេស។

លោក សម រង្ស៊ី ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​អស់​រយៈពេល​ជាង​៤​ឆ្នាំ​ តែង​ប្រកាស​ថា លោក​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ដែល​ត្រូវ​ជាថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ ដើម្បី​ទម្លាក់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ចេញ​ពី​អំណាច និង​ដើម្បី​ស្តារ​លទ្ធិ​ប្រជា​ធិបតយ្យ​ឡើង​វិញ។ លោក​ក៏​បាន​អំពាវនាវ​ដល់​ក្រុមកម្មករ​ចំណាក​ស្រុក​ខ្មែរ​នៅ​ក្នុង​ប្រទេស​ថៃ ​ឲ្យ​ចូលរួម​ជាមួយ​លោក​ក្នុង​អំឡុង​នៃ​ការ​ឆ្លង​កាត់​ព្រំ​ដែនពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា។

រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី​ និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ថា ​ជា​អំពើ​ក្បត់​ជាតិ និង​ជា​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល។ រដ្ឋាភិបាលក៏​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​អាកាស​ចរណ៍​ទាំងអស់​កុំ​ដឹក​លោក​សម រង្ស៊ី និង​បក្ខពួក​ចូល​មក​កម្ពុជា ព្រមទាំងប្រកាស​ផ្ញើ​លិខិត​ទៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំងអស់​ ឲ្យ​ជួយ​សហការ​ជាមួយ​កម្ពុជា​ទប់​ស្កាត់​កុំ​ឲ្យ​លោក សម រង្ស៊ី និង​សហការី ឆ្លង​កាត់​ប្រទេស​ទាំង​នោះ ដើម្បី​ចូល​មក​កម្ពុជា​បាន។

ជាមួយ​គ្នា​នោះ រដ្ឋាភិបាល​កម្ពុជា​ក៏​បានដាក់​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​បន្ថែម​នៅ​ទូទាំង​ប្រទេស​និង​ការ​រឹត​បន្តឹង​ច្រក​ព្រំ​ដែន​ប៉ោយប៉ែត​មួយ​រយៈ ​មិន​ឲ្យ​ប្រជាជន​ខ្មែរ​ចេញ​ចូល។

ក្រោយ​មាន​ការ​ទប់ស្កាត់​ពី​រដ្ឋាភិបាល​កម្ពុជា ​លោក សម រង្ស៊ី ​បាន​ខកខាន​គម្រោង​នៃ​ការ​ហោះ​ចូល​ប្រទេស​ថៃ ​កាលពីថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ​ប៉ុន្តែ​លោក​បានចូល​ទៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​វិញ​ជាមួយ​សហការី​របស់​លោក​នៅ​ថ្ងៃ​៩​ ខែ​វិច្ឆិកា ហើយ​បានជួប​អ្នក​តំណាងរាស្ត្រ​ម៉ាឡេស៊ី​ដើម្បី​ពិភាក្សា​ពី​ការ​ស្ដារ​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅប្រទេស​កម្ពុជា។

នៅ​ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ អ្នកស្រី មូរ សុខហួរ អនុប្រធាន​មួយ​រូប​ទៀត​របស់​គណបក្ស​ប្រឆាំង បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ទីក្រុង​ហ្សាកាតា​ដោយ​និយាយ​ពី​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ពេល​នោះ​ លោក ហោ ណាំបូរ៉ា​ ឯក​អគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី បាន​ចូល​រំខាន​សន្និសីទ​សារព័ត៌មាន​នោះ​និង​បាន​ទាមទារ​ឱ្យ​ប្រទេស​ឥណ្ឌូណេស៊ី​ចាប់​ខ្លួន​អ្នកស្រី មូរ សុខហួរ។ ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន​បរាជ័យ។

រូបឯកសារ៖ លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សប្រឆាំង និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ថ្លែងប្រាប់អ្នកសារព័ត៌មាននៅវិមានរដ្ឋសភា ក្រោយបញ្ចប់ការបំភ្លឺរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សប្រឆាំង និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ថ្លែងប្រាប់អ្នកសារព័ត៌មាននៅវិមានរដ្ឋសភា ក្រោយបញ្ចប់ការបំភ្លឺរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

លោក អេង ឆៃអ៊ាង​ លើក​ឡើង​ថា ​លោក សម រង្ស៊ី និង​សហការី បាន​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ចូល​មក​កាន់​កម្ពុជា ប៉ុន្តែ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​រារាំង។ លោក​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ គឺ​រដ្ឋាភិបាល​កម្ពុជា​ជា​អ្នក​បរាជ័យ​នយោបាយ​ការទូត ​ដោយសារ​លោក សម រង្ស៊ី និង​សហការី​កំពុង​ធ្វើ​ដំណើរ​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ាន។

«ពួកយើង​មិន​បាន​ចូល​ហ្នឹង ដោយ​សារ​របប​លោក​ ហ៊ុន សែន រារាំង​តើ ​មិន​ឲ្យ​យើង​ចូល។ អញ្ចឹង​យើង​ចូល​យ៉ាង​ម៉េច​បាន បើ​គេ​រារាំង គេ​បិទ​ជើងយន្តហោះ​អស់​រលីង​ គេ​បិទ​ច្រក​ព្រំ​ដែន​អស់​ទៅ​ហើយ អញ្ចឹង​យើង​ចូល​ម៉េច​បាន? យើង​ចូល​ដៃ​ទទេ​សោះ​ហ្នឹង។ អញ្ចឹង​មាន​តែ​របប​លោក ហ៊ុន សែន ទេ ដែល​បរាជ័យ​យ៉ាង​ធំធេង​នៅ​លើ​នយោបាយ​ការទូត ដែល​ឃើញចេញ​ក្រលា​យ៉ាង​ច្បាស់​ក្រឡែត ដែល​ឃើញ​ថា​ របប​លោក ហ៊ុន សែន គឺ​ជា​របប​មួយ​ដែល​ខ្លាច​ការពិត»។

លោក អេង ឆៃអ៊ាង បន្ថែម​ថា លោក សម រង្ស៊ី​និង​សហការី​នឹង​បន្ត​ជួប​ជា​មួយ​បណ្តា​ថ្នាក់​ដឹកនាំ​ក្នុង​ប្រទេស​អាស៊ាន​មួយ​ចំនួន​ទៀត​ដើម្បី​ជជែក​អំពី​បញ្ហា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​និង​ដើម្បី​កំណត់​ពី​ពេល​វេលា​ចូល​មក​កម្ពុជា​វិញ​ក្នុង​ពេល​ឆាប់ៗ។

រូបឯកសារ៖ លោក Phil ​Robertson ​ជា​អនុ​ប្រធាន​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch។
រូបឯកសារ៖ លោក Phil ​Robertson ​ជា​អនុ​ប្រធាន​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch។

ក្រោយ​លោក សម រង្ស៊ី និង​សហការី អាច​ចូល​ក្នុង​ប្រទេស​ម៉ាឡេស៊ី​បាន​ដោយ​សុវត្ថិភាព ​លោក Phil ​Robertson ​អនុ​ប្រធាន​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកានោះ ដោយអំពាវនាវ​ដល់​ប្រទេស​ផ្សេងៗ​ទៀត​នៅ​តំបន់​អាស៊ាន​ ឲ្យ​ធ្វើ​តាម​គំរូ​ដឹកនាំ​របស់​ម៉ាឡេស៊ី និង​រិះ​គន់ការ​សម្រេច​ចិត្តរបស់​ប្រទេស​ថៃ។​

លោក​ Robertson​ បញ្ជាក់​ថា៖ «ម៉ាឡេស៊ី​សក្តិសម​ទទួល​បាន​ការ​សរសើរ​មក​ពី​ជុំ​វិញ​ពិភព​លោក​ចំពោះ​ការ​អនុញ្ញាត​ឲ្យ​លោក ​សម ​រង្ស៊ី ​ចូល​ក្នុង​ប្រទេស​ ហើយ​បាន​ជួប​ជាមួយ​សហការី​របស់​លោក។ ប្រទេស​ច្រើន​ទៀត​ក្នុង​សមាគម​អាស៊ាន​ចាំ​បាច់​ធ្វើ​តាម​ម៉ាឡេស៊ី ​ប្រសិន​បើ​សមាគម​នេះ ប្រាកដ​ជា​មិន​ចង់​ចូល​ក្នុង​ក្រុម​ប្រទេស​ផ្តាច់​ការ»៕

XS
SM
MD
LG