ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក សម រង្ស៊ី​ត្រូវ​ទទួល​ស្វាគមន៍​ដោយ​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់


លោក​​សម រង្ស៊ី​បាន​​​ថ្លែង​អំណរគុណ​​អ្នក​​ទទួល​​ស្វាគមន៍​​លោក​​នៅ​​អាកាស​យានដ្ឋាន​ភ្នំពេញ។​​
លោក​​សម រង្ស៊ី​បាន​​​ថ្លែង​អំណរគុណ​​អ្នក​​ទទួល​​ស្វាគមន៍​​លោក​​នៅ​​អាកាស​យានដ្ឋាន​ភ្នំពេញ។​​
ប្រធាន​គណបក្ស​សង្គ្រោះជាតិ​គឺ​លោក​សម រង្ស៊ី​បាន​មកដល់​ទីក្រុង​ភ្នំពេញ​ហើយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៩​ខែ​កក្កដា​នេះ ​ក្រោយ​ពី​បាន​រស់​នៅ​ក្រៅ​ប្រទេស​អស់​រយៈ​ពេល​ជិត​៤​ឆ្នាំ​កន្លងមក​នេះ​ ដើម្បី​គេច​ពី​ទោស​ជាប់​ពន្ធនាគារ​រយៈ​ពេល​ជាង​១០​ឆ្នាំ​ដោយសារ​ការកាត់​ទោស​មួយ​ដែល​លោក​ហៅ​ថា​ ជា​រឿង​នយោបាយ។​

មនុស្ស​ម្នារ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​បាន​មក​ទទួល​ស្វាគមន៍លោក​នៅ​ឯ​ព្រលាន​យន្តហោះ​ផ្ទាល់ ​ហើយ​ជា​ច្រើន​ទៀត​បាន​ឈរ​តាម​ដង​ផ្លូវ​ដោយ​លើក​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ទង់ជាតិ​ខ្មែរ​ ដើម្បី​ស្វាគម​ន៍​រូបលោក។​

លោក​ហ៊ុល ឡាត់​គឺ​ជា​កម្មករ​សំណង់​ម្នាក់​មក​ពី​ខេត្ត​កណ្តាល។​

លោក​និយាយថា៖ «ខ្ញុំ​ស្រឡាញ់​គាត់ ព្រោះគាត់​ជាវីរបុរស​ពិត​ប្រាកដ​ ដើម្បី​រក​យុត្តិធម៌​ឲ្យ​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស»។

កញ្ញា​អៀង រដ្ឋា​គឺ​ជា​កម្មការិនី​រោងចក្រ​កាត់​ដេរ​ម្នាក់​នៅ​ភ្នំពេញ។ ​នាង​និយាយ​ថា នាង​សុខចិត្ត​ដាក់​ច្បាប់​ឈប់​សម្រាក​ពី​ការងារ​១​ថ្ងៃ​ដើម្បី​មក​ទទួល​ស្វាគមន៍​ការ​វិល​ត្រឡប់​មក​មាតុប្រទេសវិញ​របស់​លោក​សម រង្ស៊ី។ ​នាង​និយាយ​ថា ​នាង​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​មេដឹកនាំ​ប្រទេស ​បន្ទាប់​ពីការ​បោះឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ខាង​មុខនេះ។​

នាងនិយាយថា៖ ​«ព្រោះអី​ខ្ញុំគិត​ថា ​អ្នក​ដឹកនាំ​រាល់​ថ្ងៃ​ដឹក​នាំ​អត់​ល្អ»។​

លោកសម រង្ស៊ី​ត្រូវបាន​តុលាការ​ក្នុង​ប្រទេស​កម្ពុជា​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១១ឆ្នាំ​ពីបទ​ដក​តម្រុយ​បង្គោល​ព្រំដែន​បណ្តោះ​អាសន្ន​ជាប់​ប្រទេស​វៀតណាម ​និង​ការ​ចោទ​ប្រកាន់​ពីបទ​បង្ហោះ​ផែនទី​ព្រំដែន​ក្លែងក្លាយ​នៅ​លើ​បណ្តាញ​អ៊ីនធើណិត។

«ខ្មែរឈ្នះ​ ខ្មែរឈ្នះ​ ខ្មែរឈ្នះ ​ខ្មែរឈ្នះ»។

កាល​ពី​សប្តាហ៍​មុន​ លោកសម រង្ស៊ី​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ខ្មែរ ​ព្រះបាទ​នរោត្តម​ សីហមុនី​ព្រះរាជ​លើកលែង​ទោស​ក្រោយ​ពី​មាន​ការ​ស្នើ​សុំ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ដើម្បី​បើក​ផ្លូវ​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​នេះ​អាច​វិល​ត្រឡប់​មក​ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​នីតិកាល​ទី៥​នេះ​ ដោយមិនចាំបាច់​ប្រឈម​នឹង​ការ​ចាប់​ខ្លួន។​

លោក​បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នកគាំទ្រ​របស់​លោក​នៅ​ឯ​ទីលាន​ប្រជា​ធិបតេយ្យ​ដែល​បាន​នៅ​រង់ចាំ​ជួប​មុខ​លោក​អស់​រយៈ​ពេល​ជាង​៥ម៉ោង។
ទាញ​យក​ពី​តំណភ្ជាប់​ដើម
​លោកសម រង្ស៊ីប្រកាសថា៖ «ល្មម​ហើយ​បងប្អូន ​ល្មម​ឈប់​គ្នា​ហើយ​ ល្មម​ចាប់ដៃ​គ្នា​ ហើយ​រកវិធី​សង្គ្រោះ​ជាតិ»។​

ការវិល​ត្រឡប់​របស់​លោក​សម រង្ស៊ីមក​ប្រទេស​កម្ពុជា​វិញ​ធ្វើឲ្យ​អ្នកវិភាគ​នយោបាយ​មួយ​ចំនួន​យល់​ថា ​លោក​នឹង​ដឹកនាំ​គណបក្ស​ប្រឆាំង​ឲ្យ​មាន​កម្លាំង​ប្រកួត​ប្រជែង​ដ៏​សក្តិសម​ប្រកួតជាមួយ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៅក្នុង​ការ​បោះឆ្នោត​ជាតិ​នៅថ្ងៃទី​២៨ខែ​កក្កដា​ខាងមុខ​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG