ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក សម រង្ស៊ី ពន្យល់​មន្ត្រី​អាមេរិក និង​អ្នកគាំទ្រ​អំពី​វប្បធម៌​សន្ទនា​រវាង​លោក​និង​លោកហ៊ុន សែន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​សម រង្ស៊ី​ពន្យល់​​មន្ត្រី​អាមេរិក​និង​អ្នក​គាំទ្រ​អំពី​វប្បធម៌​សន្ទនា

មេដឹកនាំ​គណបក្ស​ជំទាស់​ គឺ​លោក សម រង្ស៉ី បាន​ព្យាយាម​ពន្យល់​មន្ត្រី​អាមេរិកកាំង​ អំពី​គោល​ជំហរ​ដែល​លោក​និង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​បង្កើតវប្បធម៌​សន្ទនា​ក្នុង​ការ​រួមគ្នា​ធ្វើការ​កែទម្រង់​ប្រទេស​ជាតិ។​

ក្នុង​ដំណើរ​ទស្សនកិច្ចនៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ លោក​សម រង្ស៉ី ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បានបង្ហាញ​ពីការ​ព្យាយាម​ពន្យល់​មន្ត្រី​អាមេរិកកាំង​ទាំង​ក្នុង​រដ្ឋាភិបាល​ និង​សភា​ ឲ្យបាន​យល់​ពីការ​ធ្វើ​កិច្ចការរួមគ្នា​របស់លោក​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​គ្រប់គ្រង​រដ្ឋាភិបាល​កម្ពុជា​ជាង​៣០​ឆ្នាំ​ ហើយ​ដែល​មាន​ប្រវត្តិ​មិន​ល្អ​ផ្នែក​សិទ្ធិ​មនុស្ស​នោះ។​

ថ្លែង​ប្រាប់​ក្រុម​ប្រជា​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​កាលពី​ថ្ងៃព្រហស្បតិ៍​ក្នុងទីក្រុង​ Gaithersburg ​រដ្ឋ ​Maryland​ ក្នុង​ពិធី​ទទួលទាន​អាហារ​ពេលល្ងាច​ បន្ទាប់ពី​ជំនួប​ជាមួយ​មន្ត្រី​អាមេរិកាំង​ដាច់​ដោយ​ឡែកៗ​ពីគ្នា​នោះ​ លោក ​សម រង្ស៉ី​ បាន​អះអាង​ថា​ ពេល​នេះ​លោក​ត្រូវ​ព្យាយាម​ជម្រាប​មន្ត្រី​អាមេរិកាំង​ឲ្យ​យល់​ពីការ​វិវត្ត​នយោបាយចុងក្រោយ​ក្នុងប្រទេស​កម្ពុជា។​

«ដូច្នេះ​ដំណាក់​កាល​នេះ​គឺ​បាន​ពន្យល់​ ហើយ​គេ​ដូច​ជា​យល់​ ហាក់​ដូចជា​គេ​យល់​ ហើយ​បើ​គេ​យល់​ ហើយខ្ញុំ​មាន​ទំនុកទុកចិត្ត​ថា ​គេច្បាស់​ជាគាំទ្រ​ផ្លូវ​ចិត្ត ​គាំទ្រ​ផ្លូវ​នយោបាយ»។

លោក​សម​រង្ស៊ី​ជឿជាក់​លើ​វប្បធម៌​សន្ទនា​និង​គ.ជ.ប.​ថ្មី
សូម​រង់ចាំ

No media source currently available

0:00 0:17:50 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

មេ​ដឹកនាំ​គណបក្ស​ជំទាស់​រូប​នេះ​ បាន​ជួប​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការ​បរទេស​ស.រ.អា.ជា​ច្រើន​រូបរួម​ទាំង​លោក​ឧបការី​រដ្ឋមន្ត្រី Daniel Russel​ ហើយនឹង​លោក​ឧបការី​រង​រដ្ឋមន្ត្រី​ការ​បរទេស​ Scot Marciel ​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាង​កើត​ និង​តំបន់​បាស៊ីហ្វិក។​ ក្រៅ​ពីនោះ​ លោក​បាន​ជួប​ជាមួយ​លោក​ Ed Royce​ ប្រធាន​គណៈកម្មាការកិច្ច​ការ​បរទេស​សភា​អាមេរិកកាំង​ដ៏​មាន​ឥទ្ធិពល​ម្នាក់ ​ដែល​ធ្លាប់​រិះគន់​លោក ​ហ៊ុន សែន​ ឲ្យ​ចុះ​ចេញ​ពីមុខ​តំណែង​ដោយសារ​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស ​រំលោភ​បំពាន​ដីធ្លី ​និងអំពើ​ហិង្សាយ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​កម្ពុជា។​

ទោះជា​យ៉ាងណា​ក៏ដោយ​ នៅ​ក្នុង​ការ​បញ្ចុះ​បញ្ចូល​ក្រុម​មន្ត្រី​អាមេរិកាំង​ក្នុង​បេសក​កម្ម​របស់​លោក​ក្នុង​ប្រទេស​អាមេរិក​នេះ​ លោក​សម រង្ស៉ី​បាន​ថ្លែង​ថា​ ​ការ​រួបរួម​គ្នា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក្នុង​វប្បធម៌​សន្ទនា​គឺ​មាន​គុណ​តម្លៃ​នៃ​ការ​ការពារ​សិទ្ធិ​មនុស្ស ​ការពារ​គោល​ការណ៍​ច្បាប់ ​ការពារ​គោល​ការណ៍​លទ្ធិ​ប្រជា​ធិបតេយ្យគឺ​គ្មានអ្វី​ប្រែប្រួល​ចំពោះ​គោល​ការណ៍​ដែល​ត្រូវ​លើក​តម្កើង​ទេ។​

«តែ​ការ​បត់​បែន​ផ្លូវ​នយោបាយ​នេះ​គឺ​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​ ព្រោះ​បើ​យើង​នៅតែ​ប្រឈមមុខ​ដាក់​គ្នា​ យើង​មិន​បាន​សម្រេច។​ យើង​មិន​អាច​សម្រេច​អ្វី​ជា​វិជ្ជមាន​ទេ​ នៅតែ​ប្រឈម​មុខ ​នៅតែ​ចាប់​ដាក់​គុក ​នៅតែ​បាញ់​សម្លាប់។ ​វាអត់​មាន​ធ្វើឲ្យ​ប្រទេស​យើង​ឈាន​ទៅមុខ ​ការ​បោះឆ្នោត​ក៏​មិន​អាច​ធ្វើ​ទៅ​បាន​ត្រឹមត្រូវ​ មនុស្ស​នៅតែ​ភ័យខ្លាច​ ហើយ​យើង​ក៏​អត់មាន​មធ្យោបាយ​ផ្សព្វផ្សាយ​គំនិត ​ហើយ​នឹង​ព័ត៌មាន ​ដែល​មាន​ប្រយោជន៍​ជូន​ដល់​សាធារណ​ជនទេ»។​

សមាជិក​សភា​ស.រ.អា.ធ្លាប់​បាន​ថ្កោលទោស​និង​គំរាម​កាត់​ជំនួយ​ដល់​កម្ពុជា​ បន្តបន្ទាប់​ដោយសារ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ ការ​រិតត្បិត​សេរីភាព​នយោបាយ​ក្រុម​ជំទាស់ ​ការ​គៃ​បន្លំ​សន្លឹកឆ្នោត​ដែល​ប៉ះពាល់​ដល់​ប្រជា​ធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ​នោះ។​

គណបក្ស​សង្គ្រោះជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​បន្ត​វប្បធម៌​សន្ទនា​ក្នុង​បំណង​ដោះស្រាយ​បញ្ហា​ជាតិ​ធំៗ​ជាមួយ​គ្នា ​ដូចជា​បញ្ហា​បូរណភាព​ទឹកដី​ បញ្ហា​អន្តោប្រវេសន៍​ បញ្ហា​បោះឆ្នោត​ដោយ​សេរី ​បញ្ហា​ដីធ្លី បញ្ហា​ភាពក្រីក្រ​ បញ្ហា​ព្រៃឈើ ​បញ្ហា​ការ​ដំឡើងប្រាក់​ឈ្នួល​កម្មករ​ បញ្ហា​ពង្រឹង​ប្រជា​ធិបតេយ្យ ​និង​នីតិ​រដ្ឋ​ជាដើម។ អត្ថាធិប្បាយ​របស់​លោក​សម រង្ស៉ី​ទទួល​បាន​ការ​គាំទ្រ​ខ្លះ​ពី​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​ចូលរួម​ស្តាប់​ការ​ពន្យល់​របស់​លោក។​

លោក​ Thomas Mey ​ ជា​ពាណិជ្ជករ​ម្នាក់​រស់នៅ​ក្នុង​រដ្ឋ​ម៉ារីឡែន​ ដែល​បាន​ចូលរួម​ស្តាប់​ការ​បកស្រាយ​របស់​លោក​សម រង្ស៉ី​បាន​ថ្លែង​ថា ​លោក​គាំទ្រ​ឲ្យ​ភាគី​ខ្មែរត្រូវ​តែរួមគ្នា​និង​និយាយ​គ្នា។​

«ខ្ញុំ​សប្បាយ​ចិត្ត​ដែល​គាត់​បាន​មក​នេះ ​ហើយ​គាត់​ប្រាប់​ពី​ការ​និយាយ​គ្នា។​ ពី​ដើម​មក​ឮ​ថា​ ខ្មែរ​យើង​វ៉ៃ​គ្នា​ សម្លាប់​គ្នា​ច្រើន ​តែ​ឥឡូវ​ដូច​ថា យើង​និយាយ​គ្នា​វិញ។​ ដូចតែ​ស្រុក​អាមេរិកកាំង​អញ្ចឹង​ ទោះបី​តែ​គេ​នៅ​ក្រុម​ខុស​គ្នា ​គេ​ត្រូវតែ​និយាយ​គ្នា។ ​អញ្ចឹង​ទៅ​ខ្ញុំ​សប្បាយ​ចិត្ត»។​

ថ្លែង​ចំពោះ​ជំហរ​អាមេរិកកាំង​វិញ​ ដែល​ទំនង​ជា​គេ​គាំទ្រ​វប្បធម៌​សន្ទនា​គ្នា​ដែរ​នោះ​ លោក​បាន​បន្ថែម​ថា៖​

«ខ្ញុំ​ថា ​អាមេរិកាំង​អាច​គាំទ្រ​បាន​ ព្រោះ​ដូចថា​ យើង​និយាយ​គ្នា​ យើង​ឈប់​វ៉ៃ​គ្នា​ យើង​ឈប់​ប្រកួត​គ្នា។​ ខ្ញុំ​និយាយ​អញ្ចឹងតែ​ម្តង»។​

លោក​ ប៉ាង ហ៊ាច​ រស់​នៅ​ក្នុង​ក្រុង​ Philadelphia ​រដ្ឋ Pennsylvania ​ដែល​បាន​ចូលរួម​ស្តាប់​លោក ​សម រង្ស៉ី ​ផងដែរនោះ ​បាន​ថ្លែង​ថា ​ការ​ជួប​ជាមួយ​មន្ត្រី​អាមេរិកកាំង​ ទាំង​រដ្ឋាភិបាល​និង​សភា​ជា​រឿង​ល្អ។​

«ខ្ញុំ​សង្ឃឹម​ថា ​អាមេរិកាំង​កាលណា​គេ​និយាយ​ហើយ​គេ​ជួយ​ហើយ​ ឲ្យ​តែ​ខ្មែរ​យើង​ចេះ​រួបរួម​គ្នា​ដូច​សព្វ​ថ្ងៃ​ហ្នឹង ​អញ្ចឹង»។​

វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំងពីរ​ដែល​មាន​អាសនៈ​ក្នុង​សភា​នេះ​កើត​ឡើង​ក្រោយ​ពេល​ដែល​មាន​ការ​តស៊ូ​មតិ ​ហើយ​បាន​បង្ក​ជា​អំពើ​ហិង្សា ​ម្តង​ជាពីរ​ដង​ ក្រោយ​ពេល​ដែល​គណបក្ស​ទាំង​ពីរ​មិន​ចុះ​សម្រុង​គ្នា​រឿង​លទ្ធផល​បោះឆ្នោត​ កាលពី​ខែ​កក្កដាឆ្នាំ ​២០១៣ ​ដោយសារ​មាន​ការ​ចោទ​ប្រកាន់​ថា​ មាន​ភាព​មិន​ប្រកក្រតី ​មាន​ការ​គែ​បន្លំ​សន្លឹកឆ្នោត​យ៉ាង​ធ្ងន់ធ្ងរ។​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​អាសនៈ​ចំនួន​៦៨ ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​អាសនៈ​ចំនួន​៥៥ ​ក្នុង​រដ្ឋសភា​ដែល​មាន​ចំនួន​តំណាងរាស្ត្រ​សរុប ​១២៣រូប ។​

លោក ​សម រង្ស៊ី​ បាន​ថ្លែង​ដែរ​ថា ប្រទេស​កម្ពុជា​ស្ថិត​នៅ​លើ​ផ្លូវ​បត់​ហើយ​ ​ដែល​តម្រូវ​ឲ្យ​អ្នក​នយោបាយ​ទាំងអស់​ត្រៀម​រៀបចំ​ប្រទេស​ជាតិ​ ជាពិសេស​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី ​ហើយ​បញ្ឈប់​គំនិត​ចង់​ចាញ់​ឈ្នះ​តាម​រយៈ​ការ​កាប់​សម្លាប់ ​បង្ហូរឈាម​ ហើយ​ងាក​បែរ​មក​ពិភាក្សា​គ្នា​ រួបរួម​គ្នា​ដើម្បី​ភាព​រុងរឿង​របស់​ប្រទេស​ ដូចសម័យ​អង្គរនោះ៕

XS
SM
MD
LG