គណបក្សនយោបាយដែលមានអាសនៈក្នុងរដ្ឋសភាកម្ពុជាចំនួនពីរបានសន្យាឈប់ប្រើពាក្យសំដីធ្ងន់ៗដើម្បីរិះគន់គ្នានិងប្តេជ្ញាលុបបំបាត់ចោលនូវនយោបាយប្រកាន់ពូជសាសន៍និងជ្រុលនិយម។
នៅក្នុងសេចក្តីថ្លែងការណ៍រួមរវាងគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចនិងគណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងដែលបានចេញផ្សាយនៅ ថ្ងៃសុក្រនេះឱ្យដឹងថាគណបក្សទាំងពីរប្តេជ្ញាជំរុញនូវអ្វីដែលគេហៅថា«វប្បធម៌សន្ទនា»ហើយសន្យាចៀសវាងការញុះញង់ ការលាបពណ៌គ្នា ការប្រើពាក្យអសុរោះ និងការជេរប្រមាថគ្នា។
ក្នុងចំណោមពាក្យទាំងនោះគឺការឈប់ប្រើពាក្យ«ពួកកុម្មុយនីស្តផ្តាច់ការ» «អាយ៉ងយួន» «អាក្បត់ជាតិ» «អាលក់ជាតិ» «អាមេចោរ»និង«អាកូនចោរ»ជាដើម។
កន្លងមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនតែងតែគំរាមថាបើលោកចាញ់ឆ្នោតកម្ពុជានឹងមានសង្គ្រាមហើយគណបក្សទាំងពីរនេះក៏សន្យាមិនឱ្យមានការបំភិតបំភ័យរបៀបនេះតទៅទៀតឬគំរាមចាប់អ្នករិះគន់ដាក់គុកទេ។
ក្រុមអ្នកតាមដាននិងវិភាគនយោបាយកម្ពុជាបានរិះគន់ថាវប្បធម៌សន្ទនានេះធ្វើឱ្យខូចដល់ការជំរុញលទ្ធិប្រជាធិបតេយ្យដោយសារតែគណបក្សកាន់អំណាចព្យាយាមបញ្ឈប់ការរិះគន់លើចំណុចអវិជ្ជមាននានា។
សេចក្តីថ្លែងការណ៍ដែលបានចុះ ហត្ថលេខាដោយថ្នាក់ដឹកនាំនៃគណបក្សទាំងពីរនិងត្រូវបានចែកផ្សាយជាសាធារណៈក៏បានលើកឡើងពីចំណុចនេះដែរ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖«ទន្ទឹមនឹងការអនុវត្តវប្បធម៌សន្ទនាគ្នាគណបក្សទាំងពីរនៅតែ រក្សាការប្រើប្រាស់យន្តការប្រជាធិបតេយ្យតាមតួរនាទីនិងភារកិច្ចរៀងៗខ្លួនដោយមានទាំងការរិះគន់តាមរបៀបថ្លៃថ្នូរ ចំពោះភាពអសកម្មនិងភាពអវិជ្ជមានក្នុងន័យនិងក្នុងបំណងស្ថាបនាធ្វើជាកញ្ចក់ដើម្បីកែលម្អស្ថាប័នរដ្ឋនិងនយោបាយរបស់រដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែប្រសើរឡើង»។
គណបក្សប្រជាជនកម្ពុជាបានណែនាំមន្ត្រីរបស់ខ្លួនឱ្យតាមដានរាល់ការឃោសនារបស់គណបក្សសង្គ្រោះជាតិក្រែងលោកមានមន្ត្រីណានៅប្រើប្រាស់ពាក្យរិះគន់ដែលលោកអាចនឹងយកមកធ្វើជាលេសដើម្បីបញ្ចប់ «វប្បធម៌សន្ទានា»នេះ៕