មេដឹកនាំគណបក្សប្រឆាំងនិយាយថា នយោបាយប្រទេសកម្ពុជាបានដើរមកដល់ «របត់ថ្មីមួយ»ដែលទាមទារឱ្យមានការសន្ទនារវាងគណបក្សរបស់លោកជាមួយនឹងគណបក្សកាន់អំណាច។
នៅក្នុងបទសម្ភាសន៍ជាមួយនឹង VOA ខេមរភាសាក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃពុធ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបាននិយាយថាការសន្ទនាជាមួយនឹងគណបក្សប្រជាជនកម្ពុជានឹងធានាឱ្យមានសុវត្ថិភាព ភាពថ្លៃថ្នូរ និងសេរីភាពក្នុងការបញ្ចេញមតិសម្រាប់អ្នកនយោបាយ។
លោក សម រង្ស៊ី បានបន្ថែមថា៖
«មិនត្រូវធ្វើទុក្ខបុកម្នេញគ្រាន់តែគេមានយោបល់ខុសពីយើង។ មិនត្រូវទៅរករឿងទៅគំរាមកំហែងសំឡុតចាប់ដាក់គុក។ ពីមុនឈានទៅដល់ការលួចសម្លាប់ គឺហ្នឹងជាវប្បធម៌កាប់សម្លាប់គ្នាហ្នឹងយើងត្រូវតែ បញ្ឈប់ដោយយើងចាប់យកវប្បធម៌ថ្មី គឺ វប្បធម៌សន្ទនាដែលជាវប្បធម៌ សន្តិភាពហើយវប្បធម៌ប្រជាធិបតេយ្យពិតប្រាកដ»។
លោក សម រង្ស៊ី កំពុងស្ថិតនៅ ក្នុងសហរដ្ឋអាមេរិកដើម្បីទាក់ទាញអ្នកគាំទ្រ។ មានអ្នកគាំទ្រនៅសហរដ្ឋអាមេរិកខ្លះបានរិះគន់ដល់ការដោះស្រាយនយោបាយរបស់គាត់ជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ អ្នករិះគន់ខ្លះទៀតថាវិធីរបស់គាត់អាចធ្វើឱ្យខូចដល់ដំណើរការប្រជាធិបតេយ្យនៅ ក្នុងប្រទេសកម្ពុជា។
ប៉ុន្តែលោក សម រង្ស៊ី បាននិយាយថាដំណើរការនេះត្រូវការពេលវេលាបន្ថែមទៀត ហើយ«វប្បធម៌នៃការសន្ទនា»ត្រូវការផ្សព្វផ្សាយឱ្យដល់ថ្នាក់មូលដ្ឋានផងដែរ។
«ឥឡូវនេះវប្បធម៌សន្ទនានេះមិនទាន់រឹងមាំនៅ ឡើយទេពីព្រោះយើងទើបតែចាប់ផ្តើមតែយើងត្រូវតែ ខិតខំ ខិតខំឱ្យវប្បធម៌សន្ទនានេះជ្រួតជ្រាបទៅដល់មូលដ្ឋានឱ្យរីកដុះដាលឱ្យក្លាយទៅជាទម្លាប់ថ្មី មួយផ្នត់គំនិតថ្មីដែលជំនួសផ្នត់គំនិតចាស់ ជំនួសវប្បធម៌ ចាស់គឺសង្គ្រាមឈ្លោះគ្នាច្បាំងគ្នាសម្លាប់គ្នា។ ហ្នឹងហើយដែលធ្វើឱ្យប្រទេសយើងហិនហោច។ អញ្ចឹងខ្មែរទាំងអស់យើងត្រូវយល់ពីផលប្រយោជន៍ប្រទេសជាតិយើង»។
លោក សម រង្ស៊ី និយាយថាលោកមានសុទិដ្ឋិនិយមថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីដែលមានសមាសភាព៩នាក់ជ្រើសរើសដោយគណបក្សរបស់លោកចំនួនបួននាក់នឹងធ្វើការងារបានល្អជាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាស់។
«យើងអត់ត្រូវការឱ្យសមាជិកគ.ជ.បណាមកគាំទ្រយើងទេ យើងសុំតែមួយសុំឱ្យតែយុត្តិធម៌ សុំឱ្យតែសុក្រឹតនិងសុចរិត»។
ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅខែកុម្ភៈឆ្នាំ២០១៧និងការបោះឆ្នោតជាតិនៅ ខែកុម្ភៈឆ្នាំ២០១៨៕